ជប៉ុន​ ចុះ​កិច្ចព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ជា​៣.២៣​លាន​ដុល្លារ​អាមេរិក​សម្រាប់​អាហារូបករណ៍​ដល់​មន្ត្រី​រដ្ឋាភិបាល​
BREAKING NEWS
Search

ជប៉ុន​ ចុះ​កិច្ចព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ជា​៣.២៣​លាន​ដុល្លារ​អាមេរិក​សម្រាប់​អាហារូបករណ៍​ដល់​មន្ត្រី​រដ្ឋាភិបាល​

​ភ្នំពេញ​ ៖ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាល​ជប៉ុន​ នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​សរុប ៣៤៨​ លាន​យ៉េន (​ប្រមាណ​ជា ៣.២៣​លាន​ដុល្លារ​អាមេរិក​) សម្រាប់​អាហារូបករណ៍​ដល់​មន្ត្រី​រដ្ឋាភិបាល​វ័យ​ក្មេង​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ដែល​រំពឹងថា ​ក្លាយ​ជា​អ្នកដឹកនាំ​ក្នុងប្រទេស​កម្ពុជា ដោយ​ទទួល បាន​សញ្ញាបត្រ​អនុបណ្ឌិត ឬ​បណ្ឌិត​ពី​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នៅ​ប្រទេស​ជប៉ុន ដើម្បី​យកចំណេះ​ដឹង បទពិសោធន៍​មក​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ការ​រីកចម្រើន​ថែមទៀត​។ នេះ​បើតាម​សេចក្ដីប្រកាស ព័ត៌មាន​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ ​នៃ​ប្រទេស​ជប៉ុន​(JICA) ប្រចាំ​នៅ​កម្ពុជា ចុះ​ថ្ងៃ​ទី ២៩ ខែ​មិថុនា ឆ្នាំ​២០២០​។​

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា គម្រោង​នេះ​ ត្រូវបាន​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ នៃ​ប្រទេស​ជប៉ុន​(JICA)​ប្រចាំ​នៅ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញ​ទាន​ឥត​សំណង​សម្រាប់​គម្រោង​អាហារូបករណ៍​នេះ​រួចហើយ។ ដែល​ការ​ចុះហត្ថលេខា​នេះ​បាន​ធ្វើ​ពី​ចម្ងាយ​ពី​ស្ថាប័ន​ទាំងពីរ​រៀងៗ​ខ្លួន កាលពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២០​។​

គម្រោង​នេះ​មាន​គោលដៅ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​ក្នុង​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ដោយ​គាំទ្រ​ដល់​មន្ត្រី​រដ្ឋាភិបាល​វ័យ​ក្មេង ដែល​រំពឹង​ថា ​ក្លាយ​ជា​អ្នកដឹកនាំ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ទទួល​បាន​សញ្ញាបត្រ​អនុបណ្ឌិត ឬ​បណ្ឌិត ពី​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នៅ​ប្រទេស​ជប៉ុន​។

មន្ត្រី​ដែល​គាំទ្រ​ដោយ​គម្រោង​(JDS) អាច​ប្រើប្រាស់​ការសិក្សា បទពិសោធន៍ និង​បណ្តាញ​ធនធាន​មនុស្ស​តាមរយៈ​គម្រោង ដើម្បី​បង្កើត និង​អនុវត្ត​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ក្នុង​ប្រទេស​កម្ពុជា​។ គម្រោង​(JDS)​នេះ បានចាប់ផ្តើម​ជ្រើសរើស​បេក្ខជន​ក្នុង​ឆ្នាំ​២០០០ និង​បាន​បញ្ជូន​និស្សិត​ជំនា​ន់​ទី​១ ក្នុង​ឆ្នាំ​២០០១ ដូច្នេះ​ឆ្នាំនេះ​គឺជា​ខួប​២០​ឆ្នាំ​នៃ​គម្រោង​(JDS) ហើយ​ចាប់​តាំងពី​គម្រោង​នេះ​ចាប់ផ្ដើម​មាន​និស្សិត​សរុប​ចំនួន ៤៧០​នាក់​ហើយ ដែល​បានទទួល​អាហារូបករណ៍​ពេញលេញ និង​ជំនួយ​ផ្សេងៗ​ទៀត ដើម្បី​ទទួល​បាន​សញ្ញាបត្រ​អនុបណ្ឌិត និង​បណ្ឌិត​នៅ​ប្រទេស​ជប៉ុន​៕
អត្ថបទ ៖ សុង​យោ​

សូមចុចអាន ៖ ក្នុង​រដូវវស្សា​នេះ​ ប្រជា​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ជិត​២០០​នាក់​ ទទួល​បាន​មុង​ជ្រលក់​ថ្នាំ ថ្នាំ​ព្រូន និង​ថ្នាំ​អា​ប៊ែ​ត​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114