BREAKING NEWS
Search

លោក វង សូត ៖ ពលរដ្ឋ​ងាយ​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ-១៩ ជាង​៥១០២៤៥​គ្រួសារ​ លើ​ប្រមាណ​៥៦​ម៉ឺន​គ្រួសារ​ បាន​ទទួល​សាច់ប្រាក់​ពី​រដ្ឋាភិបាល​

ភ្នំពេញ​ ៖ ប្រមុខ​ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​ បាន​ថ្លែង​ថា គិត​មក​ត្រឹម​ថ្ងៃទី​០៩ ខែ​កក្កដា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ដោយ​ជំងឺ​រាត​ត្បាត​កូ​វីដ-១៩ ជាង​ ៥១០ ២៤៥​ គ្រួសារ​ លើ​ប្រមាណ​ជាង​៥៦​ម៉ឺន​គ្រួសារ​ បាន​ទទួល​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។ នេះ​ជា​ការ​លើកឡើង​នៅ​ទីស្ដីការ​ក្រសួង​របស់ លោ​ក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ​ក្នុង​កិច្ចប្រជុំ ស្ដីពី​វឌ្ឍនភាព នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រឆាំង​ជំងឺ​រាតត្បាត​កូ​វីដ-​១៩​ នៅ​កម្ពុជា​។​

នាឱកាស​នេះ លោក​រដ្ឋមន្ត្រី វង សូត បាន​ថ្លែង​ថា គិត​ត្រឹម​ថ្ងៃទី​០៩​ ខែ​កក្កដា ឆ្នាំ​២០២០​នេះ ការ​បើក​ប្រាក់​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​-១៩ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចំនួន​ជាង ​៥១០ ២៤៥​ គ្រួសារ លើ​ប្រមាណ​ជាង​៥៦​ម៉ឺន​គ្រួសារ​។​

លោក​រដ្ឋមន្ត្រី បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​មូលដ្ឋាន សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន នៅ​សេសសល់​ដែល​មិនទាន់បាន​បើកប្រាក់ សូម​រួសរាន់​មក​បើក​ឲ្យ​បាន​មុន​ថ្ងៃ​កំណត់ សម្រាប់​ជុំ​ទី​១​នេះ ដែល​បាន​អនុវត្ត​តាំងពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២០​។​

ដោយឡែក ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់បាន​បើក​រួចហើយ​នៅ​ខែ​មិថុនា​(​ជុំ​ទី​១) សូម​អញ្ជើញ​ទៅ​បើក​ជុំ​ទី​២ នៅ​ថ្ងៃទី​២៥ ខែកក្កដា រហូតដល់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ ​នេះ​ជា​ការ​បើក​ក្នុង​ខែ​ទី​២ (​ជុំ​ទី​២) របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ ក្នុងការ​ដាក់​ចេញ​នូវ​វិធានការ​នានា នៅ​តាម​បណ្តា​ភ្នាក់ងារ​វី​ង​តែម្ដង មិនចាំបាច់​ទៅ​ឃុំ-សង្កាត់​ទៀត​ឡើយ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​នេះ គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ត្រូវ​មាន​ប័ណ្ណ​សមធម៌ ដែលមាន​សុពលភាព ដោយ​ឈរលើ​កម្រិត​ភាពក្រីក្រ ​៖ ក្រ កម្រិត​១ (​ទីទ័លក្រ​) ឬ ក្រ​កម្រិត​២ (​ក្រ​) និង​បាន​ទៅ​ផ្ទៀងផ្ទាត់​បញ្ជី​ឈ្មោះ នៃ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ក្នុង​អំឡុងពេល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ-​១៩ នៅ​សាលាឃុំ សង្កាត់​ ទូទាំង​ប្រទេស​កម្ពុជា​៕
អត្ថបទ ៖ វិមាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114