ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជាក់​ពី​សកម្មភាព​បង្ក្រាប​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន ​នៅ​សង្កាត់​ក្បាលកោះ​
BREAKING NEWS
Search

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជាក់​ពី​សកម្មភាព​បង្ក្រាប​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន ​នៅ​សង្កាត់​ក្បាលកោះ​

ភ្នំពេញ ៖ យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាក់​ថា កាលពី​យប់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ យើង​ពិនិត្យឃើញ​មានការ​ចែករំលែក​បន្ត​គ្នា​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ពាក់ព័ន្ធ​នឹង​ករណី​បង្ក្រាប​គ្រឿងញៀន នៅ​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជ​ធានី​ភ្នំពេញ និង​ពិនិត្យ​ឃើញ​មានការ​បកស្រាយ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​យល់​ច្រឡំ​មក​លើ​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​។​

​ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ យើងខ្ញុំ​សូម​ធ្វើការ​បញ្ជាក់​ជូន​ដូចខាងក្រោម ៖
១-​កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧និង​៣០​នាទី នគរបាល​មូលដ្ឋាន​បាន​ចេញ​ល្បាត និង​ពួនស្ទាក់​តាម​គោលដៅ​ធ្លាប់​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ក៏​បាន​ឃើញ​ជនសង្ស័យ​ឈ្មោះ វ៉េ ឡុង​រាជ ហៅ ខ្នា​ក់ ជិះ​ម៉ូតូ​ម៉ាក Suzuki Smash-V ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ ១GZ-៨៦១៧ បាន​ឈប់​ម៉ូតូ​ទទួលយក​គ្រឿងញៀន​ពី​ជនសង្ស័យ​ម្នាក់ទៀត​មិន​ស្គាល់​ឈ្មោះ។ រួច​ជនសង្ស័យ​ម្នាក់ ​គេច​ចូល​ដី​ឡូត៍​ក្បែរ​នោះ​បាត់ទៅ។ ចំណែក​ឯ​ជនសង្ស័យ​ ឈ្មោះ វ៉េ ឡុង​រាជ បាន​ជិះ​ម៉ូតូ​ចេញ​ដើម្បី​គេចខ្លួន​ពី​សមត្ថកិច្ច​។​
២-​ឈ្មោះ វ៉េ ឡូង​រាជ្យ ហៅ ខ្នា​ក់ គឺជា​មុខសញ្ញា​ចាស់​ជួញដូរ​គ្រឿងញៀន​នៅ​ទីតាំង​ខាងលើ​ដែល​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កំពុង​ស៊ើបអង្កេត​តាម​រក​ចាប់ខ្លួន រួមជាមួយ​នឹង​បក្ខពួក​មួយចំនួនទៀត។​
៣-​អំឡុងពេល​ប្រតិបត្តិការ​ឃាត់ខ្លួន​ សមត្ថកិច្ច​ពិនិត្យឃើញ​ជនសង្ស័យ​ស្ថិតក្នុង​ស្ថានភាព​ញៀន​គ្រឿង​ញៀន​ខ្លាំង ​ស្រវឹង​ស្រា​ជោកជាំ និង​មាន​ចេតនា​ប្រើ​ដំបង​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​មន្ត្រី​អនុវត្ត​ច្បាប់ ទើប​សមត្ថកិច្ច​ឈា​ន​ដល់​ការប្រើ​សិទ្ធិ​ការពារ​ខ្លួន​ឈាន​ការចាប់ខ្លួន​ជនសង្ស័យ​វាយខ្នោះ រួម​ទាំង​វត្ថុតាង បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ដើម្បី​កសាង​នីតិវិធី​ច្បាប់​។​
៤-​យើងខ្ញុំ​ទទួលស្គាល់ថា​សកម្មភាព​ប្រតិបត្តិការ​របស់​មន្ត្រី​អនុវត្ត​ច្បាប់ បាន​ប្រើប្រាស់​សិទ្ធិ​ហួស​ព្រំដែន​ នៃ​វិន័យ​របស់​កម្លាំង និង​វិជ្ជាជីវៈ យើងខ្ញុំ​ចាត់​ទុក​កិច្ចការ​នេះ​ជា​បទពិសោធន៍ និង​ធ្វើ​ការអប់រំ​ណែនាំ ពិនិត្យ​ដាក់​វិន័យ​តាម​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ។​

​សមត្ថកិច្ច សូម​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ល្អ​របស់​សាធារណជន និង​ពិសេស​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ដែល​បាន​ចូលរួម​ចំណែក​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម និង​រិះគន់​ក្នុង​ន័យ​ស្ថាបនា។​
ជាមួយគ្នា សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​សាធារណជន និង​បណ្ដាញ​សង្គម​ ចៀសវាង​ការ​អត្ថាធិប្បាយ ចងក្រង​ខ្លឹមសារ រូបភាព​សកម្មភាព​បំផ្លើស​ការពិត ជាហេតុ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ បំពុល​បរិយាកាស​សង្គម ចលាចល បង្ក​ភាព​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។​

​ទោះជា​យ៉ាងណា​ក៏​គេ​សង្កេតឃើញ​ លោក​ អ៊ុន ប៊ុណ្ណា នាយ​នគរបាល​ប៉ុស្តិ៍​ក្បាលកោះ ​និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ដែល​បាន​ចុះទៅ​បង្ក្រាប​ករណី​ខាងលើ​ ត្រូវបាន​លោក​អធិការ​ខណ្ឌ​ច្បារអំពៅ​កោះ​ហៅ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​តាំងពីព្រឹក​ព្រលឹម​ ថ្ងៃទី​១​ ខែ​កក្កដា ​រហូតដល់​ពេល​ថ្ងៃត្រង់​ ក៏​ពុំទាន់​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ប៉ុស្តិ៍​វិញ​ឡើយ​៕
អត្ថបទ ៖ ​ន​រា​

សូមចុចអាន ៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​ថ្នាំញៀន​៥​កញ្ចប់​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114