កិច្ចប្រជុំ​ត្រួតពិនិត្យ​គម្រោង​វឌ្ឍនភាព​ការអនុវត្ត​គម្រោង​ និង​ពិភាក្សា ការរៀបចំ​គម្រោង​ថ្មី របស់​រដ្ឋបាល​ខេត្ត​កែប​
BREAKING NEWS
Search

កិច្ចប្រជុំ​ត្រួតពិនិត្យ​គម្រោង​វឌ្ឍនភាព​ការអនុវត្ត​គម្រោង​ និង​ពិភាក្សា ការរៀបចំ​គម្រោង​ថ្មី របស់​រដ្ឋបាល​ខេត្ត​កែប​

កែប​ ៖ កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការអនុវត្ត​គម្រោង និង​ពិភាក្សា​ការរៀបចំ​គម្រោង​ថ្មី​បន្ថែម របស់​រដ្ឋបាល​ខេត្ត ត្រូវ​បាន​រៀបចំឡើង​ កាលពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោក សោម ពិសិដ្ឋ អភិបាល ​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​គម្រោង​ខេត្ត ។ក្នុងនោះ ​មាន​ការ​អញ្ជើញ​ចូលរួម​ដោយ​អនុប្រធាន និង​សមាជិក ​សមាជិកា គណៈកម្មការ​រៀបចំ​គម្រោង​ខេត្ត​កែប​។

​លោក សោម ពិសិដ្ឋ បាន​លើក​ឡើង​ថា ការរៀបចំ​កិច្ចប្រជុំ​នេះ ដោយ​យោង​លើ​សៀវភៅ​ណែនាំ​ស្ដីពី​ការរៀបចំ​គម្រោង​រាជធានី ខេត្ត​ និង​ដើម្បី​ឲ្យ​ដំណើរការ អនុវត្ត​គម្រោង​ខេត្ត​ឆ្នាំ​២០២០ អនុវត្ត​ទៅ​ទទួល​បាន​លទ្ធផល​ល្អ និង​មាន​គុណភាព​ខ្ពស់ ពិសេស​ការ​រៀបចំ​គម្រោង​ថ្មី​បន្ថែម​ទៀត​ឲ្យ​ត្រូវ​តាម​តម្រូវការ​អាទិភាព​រប​ស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​។​

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ពិនិត្យ​បញ្ហា​ប្រឈម វឌ្ឍនភាព​ នៃ​ការអនុវត្ត​គម្រោង​របស់​ខេត្ត​នេះ ក៏​ដើម្បី​ស្វែង​រក​កត្តា​រាំងស្ទះ​ផ្សេងៗ ​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា។ ​ខណៈ​នោះ លោក​អភិបាល​ខេត្ត ក៏បាន​ពិនិត្យ​ទៅលើ​តម្រូវការ​ជាក់ស្ដែង​ដែល​មាន​ក្នុង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត ក្នុង​ការ​កំណត់​គម្រោង​ថ្មី​បន្តទៀត ដូចជា​ការរៀបចំ​សណ្ដាប់ធ្នាប់​ទី​សាធារណៈ​ឲ្យ​បាន​ល្អ គឺ​ត្រូវ​បំពាក់​អំពូល LED នៅ​លើ​ដង​ផ្លូវ​ដែល​ជា​គោលដៅ​សំខាន់​បំផុត​សម្រាប់​បម្រើ​ដល់​ប្រជាពលរដ្ឋ​ពេល​ធ្វើដំណើរ​។​

​លោក​ បាន​ក្រើន​រំលឹក​ដល់​សមាជិក​គណៈកម្មការ​រៀបចំ​គម្រោង​ខេត្ត មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ ត្រូវ ពិនិត្យ និង​អនុវត្ត នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន និង​យកចិត្តទុកដាក់​បន្ថែម​ទៅ​លើ​គម្រោង​ផ្លូវ​សាធារណៈ​។

ក្រោយពី​កិច្ចប្រជុំ​ចប់ លោក​អភិបាលខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​គម្រោង តាម​ផ្លូវ​ស្រប​មាត់សមុទ្រ​ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ជាក់ស្ដែង​៕
អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

សូមចុចអាន ៖ អ្នក​ដំណើរ​តាម​​ជើង​យន្តហោះ​៤០​នាក់​ត្រូវ​បាន​​ដាក់​ឱ្យ​នៅ​​ដាច់​ដោយ​ឡែក​ ដើម្បី​ការពារ​ឆ្លង​កូវីដ-១៩

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114