អភិបាលខេត្ត និង​អ្នក​ជំនាញ​ច្បាប់ ​ស្នើ​ឲ្យ​មានការ​ចូលរួម​ផ្ដល់​យោបល់​លើ​សេចក្ដីព្រាងច្បាប់ ​ស្ដីពី​សណ្ដាប់​ធ្នាប់​សាធារណៈ​
BREAKING NEWS
Search

អភិបាលខេត្ត និង​អ្នក​ជំនាញ​ច្បាប់ ​ស្នើ​ឲ្យ​មានការ​ចូលរួម​ផ្ដល់​យោបល់​លើ​សេចក្ដីព្រាងច្បាប់ ​ស្ដីពី​សណ្ដាប់​ធ្នាប់​សាធារណៈ​

កំពត ៖ អភិបាលខេត្ត​ និង​អ្នក​ជំនាញ​ផ្នែក​ច្បាប់ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ ក្រុង ស្រុក មន្ទីរ​អង្គភាព សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ចូលរួម​ពិនិត្យ និង​ផ្តល់​មតិយោបល់ ឬ​ប្រមូល​ធាតុ​ចូល តម្រូវ​លើ​សេចក្ដីព្រាងច្បាប់ ​ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​នៅ​ពេល​យក​ទៅ​អនុវត្ត​ជាក់ស្ដែង​តាម​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។

​នេះ​ជា​ប្រសាសន៍​របស់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត នៅ​ក្នុង​កិច្ចប្រជុំ ស្ដីពី​ការពិនិត្យ និង​ចូលរួម​ផ្ដល់យោបល់ លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ដោយ​ពិធី​នេះ​បាន​រៀបចំឡើង នៅ​សាលប្រជុំ​ទុរេន​ខេត្ត​កំពត​។​

​លោក ជាវ តា​យ បាន​លើក​ឡើង​ទៀត​ថា បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ​សង្គម គឺជា​បញ្ហា​សំខាន់​សម្រាប់​អាជ្ញាធរ និង​សមត្ថកិច្ច​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​ផ្ទាល់ ពិសេស​រដ្ឋបាល ក្រុង ស្រុក និង​ឃុំ​សង្កាត់ ក្នុង​គោលបំណង ធានា​ការ​គ្រប់គ្រង​សណ្ដាប់ធ្នាប់​សាធារណៈ​ឲ្យ​មាន​របៀបរៀបរយ រក្សា​សោភ័ណភាព អនាម័យ បរិស្ថាន ភាព​ស្ងប់ស្ងាត់ សុវត្ថិភាព​សង្គម រក្សា​ប្រពៃណី​ជាតិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​។

​លោក​អភិបាលខេត្ត បាន​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លើ​សេចក្ដីព្រាងច្បាប់​ ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ មន្ទីរ​អង្គភាព​ជំនាញ និង​អាជ្ញាធរ ក្រុង ស្រុក កងកម្លាំង សមត្ថកិច្ច​ជំនាញ និង​អ្នក​ពាក់ព័ន្ធ ត្រូវ​ចូលរួម​ពិនិត្យ​ផ្ដល់​យោបល់ ក្នុង​ករណី​យល់ថា សេចក្ដីព្រាងច្បាប់​នេះ នៅ​ខ្វះ​ចន្លោះ រឹត​បន្តឹង​ពេក ឬ​ធូររលុង​ពេក ត្រូវ​បន្ថែមបន្ថយ​ត្រង់​ចំណុច ឬ​មាត្រា​ណាមួយ ដើម្បី​ឲ្យ​ច្បាប់​ថ្មី​នេះ ស៊ីគ្នា​ទៅ​នឹង​ស្ថានភាព​ជាក់ស្ដែង ដែល​បាន​ជួបប្រទះ​ក្នុង​ការ​អនុវត្ត​នៅ​ក្នុង​មូលដ្ឋាន និង​តាម​ជំនាញ នៃ​ដែន​សមត្ថកិច្ច​របស់​ខ្លួន​កន្លងមក ហើយ​មតិយោបល់​ ឬ​ការ​កែតម្រូវ និង​ការបំពេញបន្ថែម​ត្រូវ​ធ្វើ​ឲ្យ​បាន​នៅមុន​ថ្ងៃ​ទី​១០ ខែ​កក្កដា ​ឆ្នាំ​២០២០​ខាងមុខ ដើម្បី​ដាក់​ជូន​រាជរដ្ឋាភិបាល​។

​ដោយឡែក ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​កំពត លោក ឯក ឆេង​ហួត ក៏បាន​លើកឡើង​ដែរ​ថា សេរី​ភាព និង​សណ្ដាប់ធ្នាប់​ ត្រូវ​ដើរ​ទន្ទឹមគ្នា មិន​អាច​ខ្វះខាត​បានទេ។ ដូច្នេះ​សូម​ឲ្យ​អាជ្ញាធរ និង សមត្ថកិច្ច មន្ទីរ​អង្គភាព​ជំនាញ​ទាំងអស់​ចូលរួម​ជា​មតិយោបល់​បន្ថែម​តាម​ភាព​ជាក់ស្ដែង ដែល​បាន​ជួប​ប្រទះ​នៅ​ក្នុង​មូលដ្ឋាន ឬ​ក្នុង​កិច្ច​ការងារ​របស់​ខ្លួន​។​
សូម​ជម្រាប​ផង​ដែរ​ថា សេចក្ដីព្រាងច្បាប់​ ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ មាន​ចំនួន​៨​ជំពូក និង​៤៨ មាត្រា ក្រោយពី​ដាក់​ឆ្លង​រាជរដ្ឋាភិបាល និង​សភា​អនុម័ត​រួចរាល់​ហើយ ច្បាប់​នេះ​ នឹង​ចាប់​អនុវត្ត​ មាន​វិសាលភាព រាល់​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​៕
អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

សូមចុចអាន ៖ ក្រសួង​អភិវឌ្ឍន៍​ជនបទ ប្រកាស​ទទួល​ស្គាល់​ឃុំ​តា​សោម ស្រុក​អង្គរជុំ ​ជា​ឃុំ​ដែល​បញ្ឈប់​ការ​បន្ទោ​បង់​ពាសវាលពាសកាល

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114