BREAKING NEWS
Search

រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ រៀបចំ​វេទិកា​វិទ្យាសាស្ត្រ​អបអរ​ខួប​៧០​ឆ្នាំ​ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​សហរដ្ឋអាមេរិក​

​ភ្នំពេញ ៖ ឆ្នាំនេះ​ ជា​ឆ្នាំ​ពិសេស​ជាង​ឆ្នាំ​ណាៗ​ទាំងអស់ ដែល​រាជបណ្ឌិត្យសភាកម្ពុជា ​បាន​សហការ​ជាមួយ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ រៀបចំ​វេទិកា​វិទ្យាសាស្ត្រ​ស្ដីពី​”​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក ​៖​ ការពិនិត្យ​មើល​អតីត​កាល​រយៈពេល​៧០​ឆ្នាំកន្លងមក​ និង​ក្តី​រំពឹងទុក​សម្រាប់​៧០​ឆ្នាំ​បន្ទាប់​ និង​លើសពីនេះ​” ដើម្បី​អបអរ​ខួប​៧០​ឆ្នាំ​ នៃ​ទំនាក់ទំនង​កម្ពុជា​-សហរដ្ឋអាមេរិក​។​

លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ក្រៅពី​ការ​អបអរសាទរ​ខួប​ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ វេទិកា​វិទ្យាសាស្ត្រ​នេះ​ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ១-​ប្រមូលផ្ដុំ​ទស្សនៈ បទពិសោធន៍ យុទ្ធសាស្ត្រ និង​អនុសាសន៍​នានា ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​ និង​កិច្ចសហ​ប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា សហរដ្ឋអាមេរិក ប្រកប​ដោយ​សន្តិភាព ភាព​សុខដុមរមនា និង​វិបុលភាព។ ២-​ផ្លាស់ប្ដូរ​នូវ​ការយល់ឃើញ​របស់​អ្នក​វិទ្យា​សាស្ត្រ ដើម្បី​ស្វែងរក​ផ្លូវ​មួយ​ក្នុង​ការ​បើកទូលាយ ទំនាក់ទំនង​កម្ពុជា សហរដ្ឋអាមេរិក។​ ៣- ជំរុញ​អន្តរកម្ម​ប្រកបដោយ​ការស្ថាបនា រវាង​អ្នកស្រាវជ្រាវ ដែល​មាន​វត្តមាន​ក្នុង​វេទិកា​នេះ។ ​៤ -​កសាង​ស្ពាន​ក៏មាន​ប្រសិទ្ធភាព​ដែល​យើង​បានរួម​ដំណើរ​ទាំង​ក្តៅ​ទាំង​ត្រជាក់​អស់​រយៈពេល​ជាង​៧០​ឆ្នាំ​មក​ហើយ​នេះ ទាំង​រួមសុខទុក្ខ​ជាមួយគ្នា​ នៅពេល​អនាគត​ខាងមុខ​ ដើម្បី​ត្រៀម​ការពារ​ និង​ទប់ស្កាត់​កូ​វីដ​-១៩​ និង​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​គ្នា​ទៅវិញទៅមក​។​
​ ​
លោក​បណ្ឌិតសភា​ចា​រ្យ ប្រធាន​បាន​គូសបញ្ជាក់ថា ឆ្នាំនេះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​សហរដ្ឋអាមេរិក បាន​ឈានដល់​របត់​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​។ ចំណុច​របត់​នេះ​ ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​សារលិខិត​របស់​ ឯកឧត្ដម​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ផ្ញើ​ជូន​ចំពោះ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ ស.បញ្ជាក់​ឲ្យ​ឃើញ​ថា ថ្នាក់ដឹកនាំ​ នៃ​ប្រទេស​ទាំងពីរ​មាន​ឆន្ទៈ ក្នុង​ការ​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​ ឈាន​ទៅ​រក​ចំណុចរួម​។​

ទន្ទឹម​នឹង​នេះ​ បេសកកម្ម​ការទូត​របស់ ឯកឧត្ដម​ឯកអគ្គរដ្ឋទូត ប៉ា​ទ្រិ​ក ម៉​ហ្វី​(W .Patrick Murphy) បាន​រួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋអាមេរិក មាន​ការវិវត្តន៍​ជា​វិជ្ជ​មាន ដោយ​ឈរលើ​មូលដ្ឋាន​ដែលមាន​ស្រាប់ ដើម្បី​បោះជំហាន ទៅរក​កិច្ច​សហការ​គ្នា​លើ​ចំណុច​ផ្សេង​ៗ​ទៀត​។​
​ ​
ក្នុង​វេទិកា​វិទ្យាសាស្ត្រ​ស្ដីពី​”​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក ​៖ ​ការពិនិត្យ​មើល​អតីត​កាល​រយៈពេល​៧០​ឆ្នាំ​កន្លង​មក​ និង​ក្តី​រំពឹង​ទុក​សម្រាប់​៧០​ឆ្នាំ​បន្ទាប់​ និង​លើសពីនេះ​” ដើម្បី​អបអរ​ខួប​៧០​ឆ្នាំ​(១៩៥០-២០២០)​ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក ដែល​បាន​សហការ​រៀបចំ​ដោយ​រាជបណ្ឌិត្យសភាកម្ពុជា​ និង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នា​ថ្ងៃទី​១១ ​ខែ​កក្កដា ​ឆ្នាំ​២០២០ លោក ប៉ា​ទ្រិ​ក ម៉​ហ្វី​(W .Patrick Murphy) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​សំដែង​នូវ​សេចក្តីរំភើប​រីករាយ​ដោយបាន​ឮ​សំលេង​ភ្លេងជាតិ​ នៃ​ប្រទេស​ទាំងពីរ​បន្លឺ​ឡើង​រួមគ្នា ​ក្នុង​វេទិកា​វិទ្យាសាស្ត្រ​នេះ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​លោក​ចាប់អារម្មណ៍​ខ្លាំង​នោះ​ គឺ ទង់ជាតិ ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​អាមេរិក ​មាន​ពណ៌​ដូចគ្នា ប្រជាជន​យើង​ទាំងពីរ​ពិត​ជាមាន​រឿងរ៉ាវ​ជាច្រើន​ដូចគ្នា​។​

លោក​ឯកអគ្គរដ្ឋទូត​បាន​រំលឹក​ថា ថ្ងៃទី​១១​កក្កដា​នេះ ​កាលពី​៧០​ឆ្នាំមុន​ គឺ​ថ្ងៃ​បង្ហាញ​អំពី​ការ​ចាប់ផ្ដើម​ដ៏​ល្អ​រវាង​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​។​ នៅក្នុង​ឆ្នាំ​១៩៦៥​ កម្ពុជា​ និង​សហរដ្ឋអាមេរិក ​បាន​កា​ត់​ផ្តាច់​ទំនាក់ទំនង​ការទូត និង​នៅ​ក្នុង​ឆ្នាំ​១៩៦៩​ ទើប​យើង​មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ឡើងវិញ​។​

ជាក់ស្ដែង​ទំនាក់ទំនង​៧០​ឆ្នាំ យើង​អាច​និយាយ​បាន​ថា យើង​មាន​ប្រវត្តិ​ជូរចត់​ជាមួយគ្នា​ច្រើន ប៉ុន្តែ​ល្អ​ គឺ​៣០​ឆ្នាំ​ចុងក្រោយ​។​ យើង​ក៏បាន​ចំណាយ​ថវិកា​ជាង​៣០០០​លាន​ដុល្លារ ​ក្នុងការ​ផ្តល់ជំនួយ​មក​ដល់​ប្រទេស​កម្ពុជា ហើយ​សហរដ្ឋអាមេរិក ​ក៏បាន​ផ្តល់​នូវ​ជំនួយ​ផ្ទាល់​ផ្នែក​ផ្សេងៗ​ទៀត ដើម្បី​អភិវឌ្ឍន៍​។​ ជាក់ស្តែង​ កម្ពុជា សហរដ្ឋ​អាមេរិក ​ក៏បាន​ចូលរួម​ចំណែក​ក្នុង​ទំព័រ​អភិវឌ្ឍន៍​ប្រទេស​ផង​ដែរ​។

​ម្យ៉ាងទៀត​ វត្តមាន​របស់​អង្គការសហប្រជាជាតិ​ក្នុង​ទសវត្ស​ទី​៩០ ជាពិសេស​សហរដ្ឋអាមេរិក​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​វត្តមាន​កម្ពុជា នៅ​សហគមន៍​អាស៊ាន​ ហើយ​យើង​ក៏បាន​ជឿជាក់ថា​ការគាំទ្រ​របស់​យើង​ក៏បាន​ផ្តល់​ឥទ្ធិពល​ដ៏​ល្អ​មកដល់​ប្រទេស​កម្ពុជា។

លោក ប៉ា​ទ្រិ​ក ម៉​ហ្វី​(W .Patrick Murphy) ថា ​តាមរយៈ​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ ក្នុង​ឆ្នាំ​២០២៥ ប្រទេស​កម្ពុជា​ នឹង​ក្លាយ​ជា​តំបន់​គ្មាន​មីន​តែម្ដង​។​ ប្រទេស​កម្ពុជា​ រីកចម្រើន​លឿន​ក្នុង​រយៈ​ពេល​១​ទសវត្សរ៍ ចុងក្រោយ​នេះ ហើយ​ប្រជាជន​ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា-អាមេរិក​ ក៏​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ឡើងវិញ​។

លោក​បណ្ឌិត​សភា​ចា​រ្យ ហ៊ីង ថូ​រ៉ា​ក់​ស៊ី រដ្ឋលេខាធិការ​ប្រចាំការ ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក​ គឺជា​ដៃគូ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ប្រទេស ទាំង​ក្នុង​ជំនួយ​អភិវឌ្ឍន៍ ក៏ដូចជា​ក្នុងនាម​ជា​ដៃគូ​ពាណិជ្ជកម្ម ដែល​សហរដ្ឋ​អាម៉េរិក​គឺជា​ទីផ្សារ នាំ​ចេញ​ដ៏​ធំ​មួយ​របស់​កម្ពុជា​។ ​ក្នុង​រយៈពេល​៧០​ឆ្នាំ​មកនេះ​ កម្ពុជា ​និង​សហរដ្ឋអាមេរិក ​បានធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ជាច្រើន មាន​ពាណិជ្ជកម្ម កសិកម្ម បរិស្ថាន ការប្រឆាំង​ភេរវកម្ម កិច្ច​សហ​ប្រតិបត្តិការ​យោធា ការអប់រំ និង​សុខាភិបាល​ជាដើម​។​
​ ​
រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាន់ខ្ជាប់​នូវ​នយោបាយ​សេរី​ពហុបក្ស អព្យាក្រឹត មិន​ចូលបក្ស​សម្ព័ន្ធ​និង​រក្សា​ទំនាក់ទំនង​ល្អ​ក្នុង​លក្ខណៈ​សន្តិ​សហ​វិជ្ជមាន​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​ទាំងឡាយ​លើ​សកលលោក​ ស្របតាម​ទិស​ស្លោក “​បង្កើន​មិត្ត​ក្រៅ​ដោយ​ឈរលើ​ស្មារតី​ឯករាជ្យ​”​។​

រាជរដ្ឋាភិបាល​កម្ពុជា ​ស្វាគមន៍​ប្រកបដោយ​ភាព​កក់ក្តៅ​ចំពោះ​កិច្ចសហ​ប្រតិបត្តិការ​ល្អ​ និង​ជិតស្និទ្ធ​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក ក្នុង​ភាព​ស្មើមុខ​ស្មើ​មាត់​គ្នា ជា​ដៃគូ​ទាំង​ក្នុង​ឆាក​តំបន់​ និង​អន្តរជាតិ ឆ្ពោះ​ទៅ​កាន់​ការ​រីកចម្រើន​ជា​លំដាប់​នូវ​ការ​កសាង​ទំនុក​ចិត្ត​ចំពោះ​គ្នា​ទៅវិញទៅមក​ទាំង​រវាង​ប្រជាជន​ និង​ប្រជាជន​ ក៏ដូចជា​រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំងពីរ​។​

លោក​បណ្ឌិត​សភា​ចា​រ្យ ហ៊ីង ថូ​រ៉ា​ក់​ស៊ី បានលើកឡើង​អំពី​ប្រសាសន៍​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ច្រើនលើកច្រើនសា​ថា ប្រទេស​ណា​ក៏​ជា​មិត្ត​ជាមួយ​កម្ពុជា ដែរ​។ កម្ពុជា​ មិនត្រូវ​ការ​ភាពជា​សត្រូវ​ជាមួយ​ប្រទេស​ណាមួយ​ឡើយ​។​ កម្ពុជា​ ជា​ប្រទេស​ត្រូវការ​រស់នៅ​ដោយ​សុខដុម​ជា​មួយ​សហគមន៍​អន្តរជាតិ​ និង​ត្រូវការ​ការ​អភិវឌ្ឍ​៕
អត្ថបទ ៖ ​វ​ត្តី​

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114