BREAKING NEWS
Search

ថៃ​ ចាប់​ពលករ​ខ្មែរ​១០៧​នាក់ ដែល​លួច​ឆ្លងដែន​ខុសច្បាប់​

ប៉ោយប៉ែត​ ៖ យ៉ាងហោចណាស់​ ក៏​មាន​ពលករ​ខ្មែរ​ប្រុស/​ស្រី​ក្មេង​ចាស់​ចំនួន​១០៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ធ្វើការ​ឃាត់ខ្លួន ហើយ​ប្រមូល​យក​ទៅ​ទុក​ម្ដុំ​។ ក្នុងនោះ ដើម្បី​ធ្វើការ​សាកសួរ​នាំ​រ​ក​មេ​ខ្យល់​ដែល​កំពុង​បន្ត​សកម្មភាព ពាក់ព័ន្ធ​នឹង​ការ​នាំ​ពលករ​ចូល​ខុសច្បាប់​មក​ក្នុង​ទឹកដី​ថៃ ហើយ​​ចាត់​ការ​បន្ត​ទៅ​តាម​ផ្លូវ​ច្បាប់​នា​ពេល​ខាង​មុខ​។​

យោង​តាម​ប្រភព​ពី​ទាហាន​ឈុត​ខ្មៅ​ថៃ​ជួរមុខ​បាន​បញ្ជាក់​ថា មាន​ពលករ​ខ្មែរ ហូរ​ចូល​មិន​ឈប់ឈរ មក​ប្រទេស​ថៃ​ ហើយ​កម្លាំង​ទាហាន​ សហការ​ជាមួយ​តម្រួត​ស្រុក​តា​ព្រះ​យ៉ា និង​កងកម្លាំង​បូរ​ផា បាន​ចាប់ខ្លួន​ការ​លួច​ឆ្លងដែន​ ត្រង់​បរិវេណ​ព្រំដែន ស្រុក​តា​ព្រះ​យ៉ា ប្រឈម​ជាមួយ​ស្រុក​ស្វាយចេក​,​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ របស់​កម្ពុជា។

សេចក្ដីរាយការណ៍​ដដែល​នោះ​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ក្នុង​ស្រុក​របស់​ថៃ​(สระแก้ว-77เด้ด)​ កាលពី​វេលា​ម៉ោង​០៣​និង​០០​នាទី​ ថ្ងៃទី​១០​ ខែ​កក្កដា ឆ្នាំ​២០២០ កម្លាំង​ចម្រុះ​របស់​ថៃ បាន​បើក​ប្រតិបត្តិការ​ល្បាត និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ពលករ​ខ្មែរ ដែល​លួច​ឆ្លង​ដែន​ចូល​ប្រទេស​ដោយ​ខុសច្បាប់ នៅ​ចំណុច​បរិវេណ​ភូមិខ្លងផែង ឃុំ​ទ​ព័​ស្ដេច ស្រុក​តា​ព្រះ​យ៉ា ខេត្ត​ស្រះកែវ សរុប​ទាំងអស់​៥៩​នាក់​(លើក​ទី១) ក្នុង​នោះ​ប្រុស​៣៤​នាក់ ស្រី​២៥​នាក់។

សូម​ជម្រាប​ថា ក្រោយពី​ការសាកសួរ​ ពលករ​ទាំង​នោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​ចូល​មក​ប្រទេស​ថៃ តាម​ច្រក​របៀង ត្រង់​ចំណុច​ត្រួតពិនិត្យ​ទី​១៤​ និង​១៥។ ​ចំណាយ​ប្រាក់​ក្នុង​ម្នាក់​៣,០០០​បាត ​ឲ្យ​មេខ្យល់ ដើម្បី​ចូលទៅ​ធ្វើការ​នៅ​តាម​ទី​រួម​ខេត្ត ក្នុង​ប្រទេស​ថៃ។ សមត្ថកិច្ច​ បាន​នាំខ្លួន​ពលករ​ទាំងអស់​បញ្ជូន​ទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ ដើម្បី​អនុវត្ត​តាម​នីតិ​វិធី​ច្បាប់​។

បន្ត​បន្ទាប់មក សមត្ថកិច្ច​តម្រួត​ស្រុក​តា​ព្រះ​យ៉ា បាន​ទទួល​សេចក្ដីរាយការណ៍​បន្ថែម ពី​កម្លាំង​រក្សា​សុវត្ថិភាព​ភូមិ​ខៅ​លូក​ឆាង ថា នៅ​មាន​ពលករ​ខ្មែរ​លួច​ចូលមកក្នុង​ទឹកដី​ថៃ​មួយ​ក្រុម​ទៀត ទើប​កម្លាំង​ចូល​ទៅ​ឡោមព័ទ្ធ​ចាប់ខ្លួន​បាន​ចំនួន​៣៤​នាក់​បន្ថែមទៀត ក្នុងនោះ​ប្រុស​១៨​នាក់ ស្រី​១៦​នាក់។ ជំហាន​ដំបូង​ ពលករ​ទាំង​នោះ​បាន​រៀបរាប់​ថា ពួកគេ​ចូល​មក​ប្រទេស​ថៃ​តាម​ច្រក​របៀង ត្រង់​ចំណុច​ត្រួតពិនិត្យ​ទី​១៤​ និង​១៥​ដូចគ្នា។ ក្រោយពេល​សាកសួរ​រួច ​ក្រុម​តម្រួត​ថៃ ​បាន​នាំ​ខ្លួន​ពលករ​ខ្មែរ​ទាំងអស់ ប្រគល់​ឲ្យ​តម្រួត​ស្រុក​តា​ព្រះ​យ៉ា ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់ ហើយ​ត្រៀម​បញ្ជូន​ពលករ​ទាំង​នោះ​មក​ប្រទេស​ខ្មែរ​វិញ​នា​ពេល​ខាងមុខនេះ។​
សូម​បញ្ជាក់​ដែរ​ថា ពលករ​ខ្មែរ ដែល​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ ពីរ​កន្លែង ​ផ្សេងគ្នា នោះ​ គឺ​សរុប​ទាំងអស់​១០៧​នាក់។

ដោយឡែក គេ​បាន​សង្កេតឃើញ​នៅតាម​ច្រករបៀង​មួយចំនួន ​ប៉ែក​ខាងជើង​ផ្លូវជាតិ​លេខ​៥៨ ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ ប៉ែក​ខាងត្បូង គឺ​នៅ​តែ​មាន​ក្រុម​មេខ្យល់​នាំ​ពលករ​ចេញចូល​បែប​អនាធិបតេយ្យ​ដដែល។ ដែល​ទង្វើ​ទាំងនេះ ​ពួកគេ​ បាន​សហការ​ជា​មួយ​នឹង​កម្លាំង​ប៉ូលិស​ និង​កម្លាំង​ទាហាន​ជួរមុខ ទើប​ធ្វើ​ឲ្យ​ការ​នាំ​ពលករ​ចេញ​យ៉ាង​រលូន​បែបនេះ​៕
អត្ថបទ ៖ ពៅ​រិ​

សូមចុចអាន ៖ តំណាង​សហគមន៍​ ឃុំ​សេដា  ច្រានចោល​ការ​ចោទប្រកាន់​ករណី​ហិង្សា​ក្នុង​វេទិកា​សាធារណៈ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114