រសៀល​នេះ រដ្ឋមន្ត្រីការបរទេស​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រវាង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​អូស្ត្រាលី ស្ដីពី​ជំងឺឆ្លង​កូ​វីដ​-១៩
BREAKING NEWS
Search

រសៀល​នេះ រដ្ឋមន្ត្រីការបរទេស​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រវាង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​អូស្ត្រាលី ស្ដីពី​ជំងឺឆ្លង​កូ​វីដ​-១៩

ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​២និង​៣០នាទី​រសៀល ថ្ងៃ​ទី​៣០​មិថុនា​នេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រវាង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​អូស្ត្រាលី ស្ដីពី​ជំងឺឆ្លង​កូ​វីដ​-១៩ តាម​ប្រព័ន្ធ Video Conference នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​។

កិច្ចប្រជុំ​នេះ នឹង​ដឹកនាំ​ដោយ​សហ​ប្រធាន​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​ប្រទេស​សម្របសម្រួល​ទំនាក់​ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​អូស្ត្រាលី នា​ពេល​បច្ចុប្បន្ន និង​ប្រទេស​អូស្ត្រាលី ហើយ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន និង​អូស្ត្រាលី នឹង​ចែករំលែក​គ្នា​ទៅវិញទៅមក​នូវ​បទពិសោធន៍ និង​ឧត្តម្មានុវត្តន៍ អំពី​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការ​ឆ្លើយតប​ជំងឺ​រាតត្បាត​ជា​សកល​។

រដ្ឋមន្ត្រីការបរទេស​ទាំងអស់ ក៏​នឹង​ពិភាក្សា​អំពី​វិធីសាស្ត្រ​នានា ​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​ ភាពជា​ដៃគូ និង​កិច្ចសហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដែល​មាន​ផលប្រយោជន៍​រួមគ្នា ជាពិសេស កិច្ចសហ​ប្រតិ​បត្តិការ​ជាក់ស្ដែង​នៅ​ក្នុង​គ្រោះអាសន្ន​សុខភាព​សាធារណៈ និង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

កិច្ចប្រជុំ​ពិសេស​តាម​ប្រព័ន្ធ​វីដេអូ​នេះ នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ថ្មី​សំខាន់​មួយទៀត​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ប្រទេស​អូស្ត្រាលី ដើម្បី​រៀបចំ​ទិសដៅ​អនាគត​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទៅ​វិញ​ទៅ​មក ចំ​ពេល​វេលា​ដ៏​លំបាក និង​មមាញឹក ដោយសារតែ​បញ្ហា​ប្រឈម​ជាស​កល ​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ដែល​ពុំ​ធ្លាប់​មាន​ពីមុន​៕
អត្ថបទ ៖ កោះ​កែវ​

សូមចុចអាន ៖ ចិនចាប់ផ្តើមប្រើវ៉ាក់សាំងប្រឆាំងកូវីដ ១៩ លើកងយោធា មុនអនុញ្ញាតប្រើប្រាស់លើជនស៊ីវិល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114