បទ​វិចារណកថា ​៖ ប្រជាពលរដ្ឋ​ខ្មែរ​ ត្រូវតែ​បន្ត​ការពារ​ខ្លួន​ពី​កូ​វីដ​-១៩

​កាសែត​កម្ពុ​ជាថ្មី​ ៖ នៅ​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តី​ប្រកាស​ថា មិនមាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ឡើយ ហើយក៏​មិនមាន​ករណី​ជាសះស្បើយ​ដែរ ខណៈ​អ្នក​ជំងឺ​កូ​វីដ-​១៩ បានជា​សះស្បើយ​សរុប​ចំនួន​១១០​នាក់​។ ទន្ទឹមនឹងនេះ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២០​នេះ អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩​នេះ បាន​ធ្លាក់​នៅសល់​ត្រឹម​១២​នាក់ នៃ​អ្នក​ឆ្លង​សរុប​១២២​នាក់​។

ជា​ការ​ពិត​ណាស់ ដំណឹង​ដែល​បញ្ជាក់​ថា​ មិនមាន​ករណី​ នៃ​ការ​ឆ្លង​វីរុស​កូ​រ៉ូណា​ថ្មី ដែល​បង្ក​ជា​ជំងឺ​កូ​វីដ-​១៩​ នេះ គឺជា​ព័ត៌មាន​ដែល​គួរ​ឲ្យ​រីករាយ និង​ស្វាគមន៍​បំផុត សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ នៅ​ទូទាំង​ប្រទេស​។ ទោះបីជា​យ៉ាងណា កាសែត​កម្ពុ​ជាថ្មី យល់​ឃើញ​ថា យើងទាំងអស់គ្នា​មិនត្រូវ​ធ្វេស​ប្រហែស​នោះ​ឡើយ ហើយ​ចាំបាច់​បន្ត​ថែរក្សា​អនាម័យ​រាងកាយ និង​រក្សា​គម្លាត​សង្គម ក៏ដូចជា​អនុវត្ត​តាម​ការណែនាំ​នានា​របស់​ក្រសួងសុខាភិបាល​ជា​បន្ត​ទៀត ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នេះ​។​

នៅ​ចម្ងាយ​ប្រមាណ ៣៤៥៣ គីឡូម៉ែត្រ ​ពី​ប្រទេស​កម្ពុជា នៅ​ប្រទេស​កូរ៉េខាងត្បូង​ឯណោះ​វិញ ដំណឹង​ដែល​គួរ​ឲ្យ​សោមនស្ស​ដែរ​នោះ នៅ​រយៈពេល​២៤​ម៉ោង នា​ថ្ងៃ​ពុធ​កន្លងទៅនេះ ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ (COVID-19) ថ្មីៗ​តែ​៨​ករណី​ប៉ុណ្ណោះ ដែល​នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​ទូទាំង​ប្រទេស​កើន​ឡើង​ដល់ ១០,៧០២​ករណី ជា​អត្រា​ឆ្លង​ប្រចាំថ្ងៃ​ទាប​បំផុត​ថ្មី​មួយ​ទៀត​។

ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួរ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​មេសា ឆ្នាំ​២០២០ បាន​រាយការណ៍​ថា កូរ៉េខាងត្បូង​បាន​ជួបប្រទះ​អ្នក​ឆ្លង​ប្រចាំថ្ងៃ ស្ថិត​នៅ​ក្នុង​រង្វង់​១០​នាក់​ដូច​ខាងលើនេះ រយៈពេល ៦​ថ្ងៃ​ជាប់ៗ​គ្នា​មក​ហើយ ក្នុងខណៈ​ពេលដែល​រយៈ​ពេល​ពេញ​មួយថ្ងៃ​ពុធ​សប្ដាហ៍​នេះ អ្នកជំងឺ​២​នាក់​បន្ថែម​ទៀត​បាន​ស្លាប់ ដែល​នាំ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​សរុប​ដោយសារ​ជំងឺ COVID-19 នៅ​ក្នុង​ប្រទេស​អាស៊ី​បូព៌ា​មួយ​នេះ កើន​ឡើង​ដល់​២៤០​នាក់​។​

គួរ​បញ្ជាក់ថា អ្នកជា​សះស្បើយ​ចំនួន​១៣៤​នាក់​ទៀត ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ដដែល​នោះ ដែល​ប្រការនេះ ​បាន​នាំ​ឲ្យ​ចំនួន​អ្នកជា​សះស្បើយ​ពី COVID-19 សរុប​កើន​ដល់ ៨,៤១១​នាក់​។
ទោះបីជា​យ៉ាងណា អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​សេចក្តី​ព្រមាន​មួយ នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​ថា វិបត្តិ​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​សកល COVID-19 នឹង​មិន​អាច​បញ្ចប់​នា​ពេល​ឆាប់ៗ​នោះ​ឡើយ ខណៈ​ប្រទេស​ខ្លះ ​ទើបតែ​ឈានចូល​ដំណាក់កាល​ដំបូង នៃ​ការ​ប្រយុទ្ធប្រឆាំង​ចំពោះ​វីរុស​នេះ​ប៉ុណ្ណោះ​។ នេះ​បើតាម​សារព័ត៌មាន CNA នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​មេសា ឆ្នាំ​២០២០ ដែល​ហ្វ្រេស​ញូ​ស៍​បាន​បកប្រែ​ជា​ភាសា​ខ្មែរ​។​

អង្គការ​សុខភាព​ពិភពលោក បានលើកឡើង​បន្តទៀតថា ជំងឺ​រាតត្បាត​សកល​មួយ​នេះ មិន​ត្រឹមតែ​ធ្វើ​វិស័យ​សុខាភិបាល​សកល ជួប​គ្រោះអាសន្ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចរន្ត​សេដ្ឋកិច្ច​អន្តរជាតិ​ទាំងមូល ក៏​កំពុង​រងគ្រោះ​ផងដែរ ខណៈ​វិស័យ​ពាណិជ្ជកម្ម​កំពុងតែ​តស៊ូ​ដើម្បី​រស់ មនុស្ស​រាប់លាន​នាក់​បាត់បង់​ការងារ​ធ្វើ និង​រាប់លាន​នាក់​ទៀត ប្រឈមមុខ​គ្រោះ​អត់ឃ្លាន​។​

ជុំវិញ​បញ្ហា​ដ៏​ធំធេង ដែល​នៅតែ​បន្ត​ស្ថិតនៅ​ចំពោះ​មុខ​នៅឡើយ​នោះ អង្គការ​សុខភាព​ពិភពលោក បាន​អំពាវនាវ​ឲ្យ​ប្រជាជាតិ​ទាំងអស់ ប្រឹងប្រែង​ប្រយុទ្ធ​នឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ បន្ត​ទៅមុខទៀត​។​

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ជំងឺ​រាតត្បាត​សកល​មួយ​នេះ បាន​ផ្ដាច់ជីវិត​មនុស្ស​កើន​ដល់​ជាង ១៨០,០០០​នាក់ ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ជាង ២.៦​លាន​នាក់ ក្នុង​ប្រទេស និង​ដែនដី​សរុប​២១០​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ការបញ្ចេញ​សារ​ព្រមាន​ខាងលើនេះ បាន​កើតមានឡើង បន្ទាប់ពី​ប្រទេសមួយ​ចំនួន​បានលើកឡើង​អំពី​ចេតនា​ចង់​ដក​ការ​រឹតត្បិត ហើយ​ឈាន​ទៅ​បើក​ដំណើរការ​សេដ្ឋកិច្ច​របស់​ពួក​គេ​ឡើងវិញ ក្នុងខណៈ​ពេលដែល​បញ្ហា​ជំងឺ COVID-19 នៅ​មិនទាន់មាន​ភាព​ធូរស្រាល​នៅឡើយ​។
​លោក ថេ​ដ្រូ​ស អា​ដាណ​ម ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​កុំ​សាង​នូវ​កំហុស​… យើង​មាន​ផ្លូវ​ដ៏​វែងឆ្ងាយ ដែល​ត្រូវ​ដើរ​ទៅ​មុខ​។ វីរុស​នេះ ​នឹង​ស្ថិតនៅ​ជាមួយ​យើង យូរអង្វែង​បន្ថែម​ទៀត​»​។​

អាស្រ័យហេតុនេះ កាសែត​កម្ពុ​ជាថ្មី សូម​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​ស្តាប់​តាម​ការព្រមាន និង​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក ដោយ​បន្ត​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​ឲ្យ​តឹងរ៉ឹង​បំផុត​។ ជា​ការ​ពិត​ណាស់ យើង​ស៊ូទ្រាំ​រង​ការ​លំបាក​រយៈពេល​ខ្លី ជាជាង​អាយុ​ខ្លី​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ថ្មី​៕

សូមចុចអាន ៖ បទ​វិចារណកថា ៖ ប្រជាពលរដ្ឋ​យើង​ឆ្លង​ឆ្នាំ​ក្រោម​បរិយា​កាស នៃ​ការ​វាយលុក​មេរោគ​កូ​វីដ​-១៩ សូម​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ​-១៩ ទាំងអស់​គ្នា

អត្ថបទ ៖ Chhean Nariddh



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114