BREAKING NEWS
Search

ចិននិយាយថាបានធ្វើសមយុទ្ធយោធានៅជិតច្រកសមុទ្រតៃវ៉ាន់

កាលពីថ្ងៃសុក្រប្រទេសចិនរាយការណ៍ថាបានធ្វើសមយុទ្ធយោធានៅជិតច្រកសមុទ្រតៃវ៉ាន់ ។ ការរាយការណ៍នេះធ្វើឡើងចំពេលដំណើរទស្សនកិច្ចគ្រោងទុករបស់អនុរដ្ឋលេខាធិការសហរដ្ឋអាមេរិកសម្រាប់កំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថានលោក Keith Krach ទៅកាន់កោះតៃវ៉ាន់ ទោះបីជាមានការជំទាស់របស់ទីក្រុងប៉េកាំងក៏ដោយ ។

ទីក្រុងប៉េកាំងនិយាយថា ខ្លួនបានធ្វើសមយុទ្ធយោធានៅជិតច្រកសមុទ្រតៃវ៉ាន់ដោយលើកឡើងពីតម្រូវការដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ។

ទន្ទឹមនោះកាលពីដើមសប្តាហ៍នេះក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសថានឹងបញ្ជូនអ្នកការទូតជាន់ខ្ពស់ម្នាក់គឺលោក Keith Krach ទៅចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំនយោបាយតៃវ៉ាន់លោក Lee Teng-hui ។ ទីក្រុងវ៉ាស៊ីនតោន និងកោះតៃវ៉ាន់ត្រូវបានគេរាយការណ៍ថាកំពុងចរចាដើម្បីផ្តួចផ្តើមកិច្ចពិភាក្សាសេដ្ឋកិច្ច ។

យោងតាមក្រសួងការបរទេសចិន (MOFA) បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះរំលោភគោលការណ៍ចិនតែមួយ និងសហគមន៍រួមចិនអាមេរិកទាំងបី ។

បន្ថែមពីនេះកាលពីថ្ងៃពុធប្រព័ន្ធផ្សព្វផ្សាយក៏បានរាយការណ៍ផងដែរថា សហរដ្ឋអាមេរិកគ្រោងនឹងលក់ប្រព័ន្ធអាវុធធំៗចំនួន ៧ គ្រឿងដល់កោះតៃវ៉ាន់ ។

សហរដ្ឋអាមេរិករួមជាមួយរដ្ឋភាគច្រើនផ្សេងទៀតមិនទទួលស្គាល់តៃវ៉ាន់ជារដ្ឋឯករាជ្យ និងប្រកាន់ខ្ជាប់នូវគោលនយោបាយ “ចិនតែមួយ” នោះទេ ។ ទោះយ៉ាងណាក៏ដោយអាមេរិកនៅតែរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយកោះតៃវ៉ាន់ទោះបីជាមានការកាត់ផ្តាច់ចំណងការទូតជាមួយកោះនេះក្នុងឆ្នាំ ១៩៧៩ ក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន៖ទីបំផុតអាមេរិកទទួលស្គាល់ថា ចិនពិតជាធ្វើបានល្អក្នុងការដោះស្រាយវិបត្តិកូវីដ

ចុចអាន៖ ចិនបិទក្រុងមួយជាប់ព្រំដែនមីយ៉ាន់ម៉ាក្រោយរកឃើញករណីកូវីដថ្មី