BREAKING NEWS
Search

ប្រធានាធិបតីអ៊ីរ៉ង់ព្រលះ មេដឹកនាំអាមេរិកបន្ទាប់ ត្រូវតែធ្វើតាមការទាមទាររបស់ក្រុងតេអេរ៉ង់

ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានប្តេជ្ញាកាលពីថ្ងៃអង្គារថា មេដឹកនាំអាមេរិកបន្ទាប់ត្រូវតែទទួលយកការទាមទាររបស់ទីក្រុងតេអេរ៉ង់ដោយបដិសេធការសម្របសម្រួលគ្នា ខណៈដែលលោក Donald Trump ប្តេជ្ញាឈ្នះការបោះឆ្នោតសាជាថ្មី ។

លោក Rouhani បានថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិថា “យើងមិនមែនជាបន្ទះឈីបចរចានៅក្នុងការបោះឆ្នោតអាមេរិក និងគោលនយោបាយក្នុងស្រុកទេ” ។

លោកបាននិយាយថា “រដ្ឋបាលអាមេរិកណាមួយ បន្ទាប់ពីការបោះឆ្នោតនាពេលខាងមុខនេះនឹងគ្មានជំរើសអ្វីក្រៅពីការចុះចាញ់លើប្រទេសអ៊ីរ៉ង់នោះទេ” ។

ភាពតានតឹងបានកើនឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក្រោមការដឹកនាំរបស់លោក Trump ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចរចាដោយអ្នកកាន់តំណែងមុនរបស់លោកគឺលោក Barack Obama ហើយបានដាក់ទណ្ឌកម្មលើប្រទេសនេះ ។

ទន្ទឹមនោះលោក Joe Biden ដែលជាគូប្រជែងរបស់លោក Trump នៅក្នុងការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកាបានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ប៉ុន្តែអ្នកជំនាញមួយចំនួនដែលនៅជុំវិញគាត់ជឿថាគាត់មានអានុភាពដើម្បីចរចាឡើងវិញជាជាងចូលរួមសាជាថ្មីជាមួយវា ។

បន្ថែមពីនេះរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif កាលពីថ្ងៃចន្ទក៏បានច្រានចោលរាល់ការចរចារឡើងវិញនៃកិច្ចព្រមព្រៀងឆ្នាំ ២០១៥ នេះផងដែរដែលលោកបានធ្វើកិច្ចចរចាជាមួយសមភាគីរបស់លោកគឺលោក John Kerry ។

លោក Rouhani បាននិយាយថា “សហរដ្ឋអាមេរិកមិនអាចដាក់ការចរចារ ឬសង្រ្គាមលើពួកយើងបានទេ ។ ជីវិតគឺលំបាកណាស់ក្រោមការដាក់ទណ្ឌកម្ម ។ ទោះយ៉ាងណាពិបាកជាងនេះទៅទៀតគឺជីវិតដោយគ្មានឯករាជ្យ ។ ហើយសម្រាប់ពិភពលោកថ្ងៃនេះគឺជាពេលវេលាដែលត្រូវនិយាយថា “ទេ” ចំពោះការសម្លុត និងភាពក្រអឺតក្រទម” ។

លោកបញ្ជាក់ថា “យុគសម័យនៃការត្រួតត្រា និងអនុត្តរភាពគឺចប់ជាយូរមកហើយ ។ ប្រជាជាតិ និងកុមាររបស់យើងសមនឹងទទួលបានពិភពលោកមួយដែលប្រសើរ និងមានសុវត្ថិភាពជាងមុនដោយផ្អែកលើនីតិរដ្ឋ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ AFP

ចុចអាន៖ មេបញ្ជាការអ៊ីរ៉ង់ប្តេជ្ញាសងសឹកអាមេរិកដែលធ្វើឃាតឧត្តមសេនីយ៍កំពូល

ចុចអាន៖ ក្រោយអ៊ីរ៉ង់គំរាមធ្វើឃាតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអាហ្វ្រិកខាងត្បូង ពេលនេះ Trump ចេញមុខឆ្លើយតប