BREAKING NEWS
Search

ប្រធានាធិបតីហ្វីលីពីនបញ្ជាឲ្យស្នងការគយបាញ់សម្លាប់អ្នករត់ពន្ធគ្រឿងញៀនភ្លាមៗ

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានចេញបញ្ជាជាសាធារណៈដល់មន្រ្តីគយជាន់ខ្ពស់របស់ប្រទេសនេះឲ្យបាញ់សម្លាប់អ្នករត់ពន្ធគ្រឿងញៀននៅក្នុងការគំរាមកំហែងមួយក្នុងចំណោមការគំរាមកំហែងដ៏ខ្លាំងបំផុតរបស់គាត់ក្នុងអំឡុងពេលយុទ្ធនាការដ៏សាហាវរយៈពេល ៤ ឆ្នាំនៃតំណែងប្រធានាធិបតីរបស់គាត់ ។

លោក Duterte បានចេញបទបញ្ជាទៅការិយាល័យស្នងការគយលោក Rey Leonardo Guerrero ក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីស្តីពីការរាតត្បាតនៃជំងឺកូវីដកាលពីយប់ថ្ងៃចន្ទ ។

លោក Guerrero ដែលជាឧត្តមសេនីយយោធាចូលនិវត្តន៍ និងជាអតីតមេបញ្ជាការយោធាមិនបាននៅក្បែរនោះទេ នៅពេលដែលលោក Duterte និយាយ ប៉ុន្តែលោកប្រធានាធិបតីបាននិយាយថា លោកបានជួបលោក Guerrero និងមន្រ្តី ២ នាក់ផ្សេងទៀតកាលពីថ្ងៃចន្ទនៅឯវិមានប្រធានាធិបតីក្នុងទីក្រុងម៉ានីល ។

លោក Duterte បាននិយាយថា “គ្រឿងញៀននៅតែហូរចូលក្នុងប្រទេសតាមរយៈគយ ។ ខ្ញុំបានយល់ព្រមទិញអាវុធ ហើយរហូតមកដល់ពេលនេះអ្នកមិនបានសម្លាប់សូម្បីតែម្នាក់ទេឬ? ខ្ញុំបានប្រាប់គាត់ថា ធ្វើឲ្យប្រសើរឡើង ។ ខ្ញុំបានប្រាប់គាត់ដោយត្រង់ថា គ្រឿងញៀននៅតែហូរចូល ។ ខ្ញុំចង់ឲ្យអ្នកសម្លាប់នៅទីនោះតែម្ដង ទោះយ៉ាងណាខ្ញុំនឹងគាំទ្រអ្នក ហើយអ្នកនឹងមិនជាប់ពន្ធនាគារទេ ។ ប្រសិនបើវាជាគ្រឿងញៀន អ្នកត្រូវបាញ់សម្លាប់ ។ នោះគឺជាការរៀបចំ” ។

ជនសង្ស័យគ្រឿងញៀនក្រីក្រជាង ៥,៧០០ នាក់ភាគច្រើនត្រូវបានសម្លាប់នៅក្រោមការបង្ក្រាបប្រឆាំងគ្រឿងញៀនរបស់លោក Duterte ដែលបានធ្វើឲ្យក្រុមសិទ្ធិមនុស្ស និងរដ្ឋាភិបាលលោកខាងលិចមានការភ្ញាក់ផ្អើល និងបានធ្វើឲ្យមានការសាកសួរអំពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ។

ទន្ទឹមនោះលោក Duterte បានប្តេជ្ញាបន្តការបង្ក្រាបដ៏សាហាវនៅក្នុងអំណាចដែលនៅសល់របស់លោករយៈពេលពីរឆ្នាំទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Indian Express