BREAKING NEWS
Search

លោក ត្រាំ ថា វ៉ាក់សាំងការពារកូវីដនឹងមានសម្រាប់ពលរដ្ឋអាមេរិកគ្រប់រូបនៅត្រឹមខែមេសា

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ ទី ១៨ ខែកញ្ញាថា លោករំពឹងថាវ៉ាក់សាំងការពារកូវីដដែលអាចមានគ្រប់គ្រាន់សម្រាប់ប្រជាជនអាមេរិកគ្រប់រូបនឹងត្រូវផលិតនៅខែមេសាខាងមុខ ហើយចំនួនដូសនៃវ៉ាក់សាំងដំបូងនឹងត្រូវចែកចាយភ្លាមៗ បន្ទាប់ពីមានការយល់ព្រមនៅចុងឆ្នាំនេះ ។

ដោយអះអាងពីវឌ្ឍនភាពជាប្រវត្តិសាស្រ្តជាមួយនឹងវ៉ាក់សាំងចំនួន ៣ នៅក្នុងដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍន៍ និងការសាកល្បងព្យាបាល លោក ត្រាំ បាននិយាយថា យ៉ាងហោចណាស់វ៉ាក់សាំង ១០០ លានដូសនឹងត្រូវផលិតនៅដំណាច់ឆ្នាំនេះ ។

លោកនិយាយថា “វ៉ាក់សាំងរាប់រយលានដូសនឹងមានផ្តល់ជូនជារៀងរាល់ខែ ហើយយើងរំពឹងថានឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ជនជាតិអាមេរិកម្នាក់ៗនៅត្រឹមខែមេសា” ។

លោក ត្រាំ ក៏បានប្តេជ្ញាផងដែរថានឹងទទួលបានការចាក់វ៉ាក់សាំងជាមួយល្បឿនរន្ទះដោយនិយាយថា “ខ្ញុំគិតថា ការចែកចាយនឹងលឿនជាងអ្វីដែលមនុស្សភាគច្រើនគិតទៅទៀត” ។

ប្រធានាធិបតីដែលប្រឈមមុខនឹងយុទ្ធនាការបោះឆ្នោតឡើងវិញដ៏ស្វិតស្វាញបានថ្លែងម្តងហើយម្តងទៀតថា លោករំពឹងថាវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពនឹងត្រូវបានអនុម័តក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ និងមុនការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៣ ខែវិច្ឆិកា ។

វ៉ាក់សាំងត្រូវបានគេមើលឃើញថាជាវិធីសាស្រ្តកំពូលមួយសម្រាប់បញ្ឈប់ការរីករាលដាលនៃជំងឺកូវីដដែលបានសម្លាប់មនុស្សជិត ៩៥០,០០០ នាក់នៅទូទាំងពិភពលោកក្នុងនោះចំនួន ១៩៨,០០០ នាក់នៅសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន៖ មនុស្ស ៧ នាក់ស្លាប់ និងជាង ១៥០ នាក់ឆ្លងកូវីដ បន្ទាប់ពីចូលរួមពិធីមង្គលការនៅអាមេរិក

ចុចអាន៖ ក្រោយអ៊ីរ៉ង់គំរាមធ្វើឃាតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអាហ្វ្រិកខាងត្បូង ពេលនេះ Trump ចេញមុខឆ្លើយតប