BREAKING NEWS
Search

ចិនបិទក្រុងមួយជាប់ព្រំដែនមីយ៉ាន់ម៉ាក្រោយរកឃើញករណីកូវីដថ្មី

ប្រទេសចិនបានបិទទីក្រុងមួយនៅជាប់ព្រំដែនមីយ៉ាន់ម៉ាហើយបានប្រកាសផែនការចាប់ផ្តើមកម្មវិធីធ្វើតេស្តរកវីរុសកូរ៉ូណាទ្រង់ទ្រាយធំបន្ទាប់ពីអាជ្ញាធររកឃើញ២ករណីថ្មីនៅទីនោះ។

ករណីទាំងពីរនេះត្រូវបានគេរកឃើញនៅក្នុងទីក្រុង Ruili នៃខេត្ត Yunnan ដែលជាច្រកព្រំដែនដ៏សំខាន់មួយជាមួយប្រទេសជិតខាងមីយ៉ាន់ម៉ា។

មន្ត្រីក្រុងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា ប្រជាពលរដ្ឋត្រូវបានគេប្រាប់ឲ្យស្នាក់នៅផ្ទះហើយត្រូវបានហាមឃាត់មិនឲ្យចេញចូលទីក្រុងនេះចាប់ពីល្ងាចថ្ងៃចន្ទទៅ។

ពួកគេនិយាយថា ប្រជាពលរដ្ឋទាំងអស់នឹងត្រូវបានធ្វើតេស្តរកវីរុសនៅទីក្រុង Ruili ដែលជាទីក្រុងមានមនុស្សជាង២១០,០០០នាក់។ អាជីវកម្មនានាត្រូវបានបិទលើកលែងតែផ្សារទំនើប ឱសថស្ថាននិងទីផ្សារម្ហូបអាហារប៉ុណ្ណោះ។

Global Times ដែលជាកាសែតគ្រប់គ្រងដោយរដ្ឋបាននិយាយថា អាជ្ញាធរនៅក្រុង Ruili និងតំបន់ព្រំដែនជាច្រើនផ្សេងទៀតបានចូលក្នុង “ស្ថានភាពមានសង្គ្រាម” ដើម្បីពង្រឹងវិធានការប្រឆាំងជំងឺរាតត្បាតនិងការគ្រប់គ្រងព្រំដែន។

ក្រុមមន្រ្តីបាននិយាយថា ការឆ្លងទាំងនេះត្រូវបាននាំមកពីប្រទេសមីយ៉ាន់ម៉ាហើយអាជ្ញាធរចិននឹងបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់។

មន្ត្រីសាលាក្រុងក៏បានណែនាំអ្នកដែលធ្វើដំណើរចេញពីទីក្រុង Ruili នៅឬក្រោយថ្ងៃទី១២ខែកញ្ញាឲ្យទៅធ្វើតេស្តផងដែរ៕

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ Al Jazeera

ចុចអាន៖ មួយថ្ងៃមីយ៉ាន់ម៉ាមានអ្នកឆ្លងកូវីដ១៣៦ករណីខណៈអ្នកស្លាប់កើន៤នាក់ទៀត

ចុចអាន៖ ម្ចាស់ក្សត្រីអេស្ប៉ាញត្រូវធ្វើចត្តាឡីស័កដោយសង្ស័យឆ្លងកូវីដ