BREAKING NEWS
Search

អាមេរិកត្រៀមជម្លៀសអ្នកការទូតចេញពីអ៊ីរ៉ាក់ អ្នកខ្លះថាជាសញ្ញានៃសង្គ្រាមជាមួយអ៊ីរ៉ង់

មន្រ្តីអ៊ីរ៉ាក់និងអ្នកការទូតលោកខាងលិចបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើការរៀបចំដើម្បីដកអ្នកការទូតចេញពីប្រទេសអ៊ីរ៉ាក់បន្ទាប់ពីបានព្រមានទីក្រុងបាដាដថា ខ្លួនអាចនឹងបិទស្ថានទូត។

រាល់សកម្មភាពរបស់សហរដ្ឋអាមេរិកក្នុងការកាត់បន្ថយវត្តមានការទូតនៅក្នុងប្រទេសមួយដែលខ្លួនមានកងទ័ពដល់ទៅ៥,០០០នាក់ត្រូវបានគេមើលឃើញជាទូទៅនៅក្នុងតំបន់នេះថាជាការបង្កើនការប្រឈមមុខដាក់គ្នាជាមួយប្រទេសអ៊ីរ៉ង់ដែលក្រុងវ៉ាស៊ីនតោនស្តីបន្ទោសចំពោះការវាយប្រហារដោយមីស៊ីលនិងគ្រាប់បែក។

ទង្វើនេះអាចជាលទ្ធភាពនៃការបើកឲ្យមានសកម្មភាពយោធាខណៈការបោះឆ្នោតអាមេរិកនៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះហើយលោកប្រធានាធិបតី Donald Trump បានធ្វើយុទ្ធនាការឃោសនាអំពីគោលនយោបាយម៉ឺងម៉ាត់ចំពោះប្រទេសអ៊ីរ៉ង់និងសត្រូវរបស់ខ្លួន។

ប្រភពពីរដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយថា រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានគំរាមបិទស្ថានទូតតាមទូរស័ព្ទកាលពីសប្តាហ៍មុនទៅកាន់ប្រធានាធិបតីអ៊ីរ៉ាក់លោក Barham Salih។ ការសន្ទនានោះត្រូវបានរាយការណ៍ដំបូងដោយគេហទំព័រសារព័ត៌មានអ៊ីរ៉ាក់។

កាលពីថ្ងៃអាទិត្យ ទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមការរៀបចំដកបុគ្គលិកការទូតប្រសិនបើមានការសម្រេចចិត្តបែបនេះមែន។

ក្តីព្រួយបារម្ភក្នុងចំណោមប្រជាជនអ៊ីរ៉ាក់គឺថា បន្ទាប់ពីការដកអ្នកការទូត សកម្មភាពយោធាប្រឆាំងនឹងកងកម្លាំងដែលក្រុងវ៉ាស៊ីនតោនស្តីបន្ទោសចំពោះការវាយប្រហារនឹងត្រូវបានអនុវត្តភ្លាមៗ។

បព្វជិតអ៊ីរ៉ាក់ដ៏មានប្រជាប្រិយឈ្មោះ Moqtada al-Sadr បានអង្វរដល់ក្រុមនានាឲ្យចៀសវាងការបង្ករឿងដែលនឹងធ្វើឲ្យអ៊ីរ៉ាក់ក្លាយជាសមរភូមិ។

នៅពេលសួរអំពីផែនការដកខ្លួនចេញពីប្រទេសអ៊ីរ៉ាក់ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា “យើងមិនដែលធ្វើអត្ថាធិប្បាយលើការសន្ទនាការទូតឯកជនរបស់រដ្ឋមន្រ្តីក្រសួងការបរទេសជាមួយក្រុមមេដឹកនាំបរទេសនោះទេ។ ក្រុមគាំទ្រដោយអ៊ីរ៉ាក់ដែលបានបាញ់រ៉ុក្កែតដាក់ស្ថានទូតរបស់យើងគឺជាគ្រោះថ្នាក់មិនមែនសម្រាប់តែយើងនោះទេប៉ុន្តែក៏សម្រាប់រដ្ឋាភិបាលអ៊ីរ៉ាក់ផងដែរ។

កាលពីដើមខែនេះ យោធាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងកាត់បន្ថយវត្តមាននៅក្នុងប្រទេសអ៊ីរ៉ាក់ពី៥,២០០នាក់មកត្រឹម៣,០០០នាក់។

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនប្តេជ្ញាចិត្តគាំទ្រដល់សន្តិសុខ ស្ថិរភាពនិងវិបុលភាពរយៈពេលវែងរបស់ប្រទេសអ៊ីរ៉ាក់ហើយប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមរដ្ឋឥស្លាមនៅតែបន្ត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ (មានវីដេអូ) ៖ អ៊ីរ៉ង់បង្អួតសព្វាវុធទំនើបៗទៅកាន់ពិភពលោក

ចុចអាន៖ ប្រធានាធិបតីអ៊ីរ៉ង់ព្រលះ មេដឹកនាំអាមេរិកបន្ទាប់ ត្រូវតែធ្វើតាមការទាមទាររបស់ក្រុងតេអេរ៉ង់