កូវីដ១៩ឆ្លងដល់មនុស្ស ៥លាននាក់ ខណៈតំបន់មួយកំពុងវ៉ាមុខអាមេរិក និងអឺរ៉ុបលើចំនួនករណីឆ្លងថ្មី ៣ថ្ងៃជាប់គ្នា

ករណីឆ្លងជំងឺកូវីដ១៩ទូទាំងពិភពលោកបានកើនឡើងដល់ ៥ លាននាក់កាលពីថ្ងៃព្រហស្បតិ៍ដោយអាមេរិកឡាទីនបាននិងកំពុងវ៉ាអាមេរិក និងអឺរ៉ុប ចំពោះកំណើនករណីថ្មីៗនៅសប្ដាហ៍នេះ។

អាមេរិកឡាទីនបានក្លាយជាតំបន់ថ្មីដែលមានរបាយការណ៍ពីករណីឆ្លងវីរុសកូវីដ១៩ថ្មីច្រើនជាងសហរដ្ឋអាមេរិកឬអឺរ៉ុបក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នា ដោយសារតែតួលេខហក់ឡើងខ្ពស់នៅក្នុងប្រទេសប្រេស៊ីល ប៉េរូ និងម៉ិកស៊ិក។ នេះបើផ្អែកតាមការវិភាគលើទិន្និន័យរបស់សាកលវិទ្យាល័យ Johns Hopkins និងទិន្នន័យរបស់អង្គការសុខភាពពិភពលោក។

តំបន់ចំណុចក្ដៅថ្មីនេះបានរាយការណ៍ថាមានករណីថ្មីយ៉ាងហោចណាស់ ៣២៨៥៤ ករណីសម្រាប់ថ្ងៃពុធ ដោយច្រើនជាងពាក់កណ្តាលនៃករណីទាំងនេះគឺនៅក្នុងប្រទេសប្រេស៊ីល។

សហរដ្ឋអាមេរិករាយការណ៍ថាមានករណីថ្មីចំនួន ២២៥៣៤ នៅថ្ងៃនោះ បើយោងតាមសាកលវិទ្យាល័យ Johns Hopkins ខណៈអឺរ៉ុបរួមទាំងប្រទេសរុស្ស៊ីផងដែរបានរាយការណ៍ករណីថ្មីចំនួន ១៧៩០០ នាក់ បើផ្អែកតាម WHO។ ទីភ្នាក់ងារទាំងពីរពឹងផ្អែកលើរដ្ឋាភិបាលប្រទេសនីមួយៗសម្រាប់ទិន្នន័យរបស់ពួកគេ។

មេរិកឡាទីនក៏មានករណីថ្មីច្រើនជាងសហរដ្ឋអាមេរិក ឬអឺរ៉ុបដែរនៅថ្ងៃអង្គារ។ ការគណនារបស់ CNN បង្ហាញថា យ៉ាងហោចណាស់មានអ្នកឆ្លងថ្មី ២៩២៤០ នាក់ត្រូវបានរកឃើញនៅអាមេរិកឡាទីន បើប្រៀបធៀបនឹងសហរដ្ឋអាមេរិក ២២៣៩១ នាក់ និងប្រហែល ១៩២០០ នាក់នៅអឺរ៉ុប។

ហើយកាលពីថ្ងៃច័ន្ទ អាមេរិកឡាទីនបានរាយការណ៍ថាមានការឆ្លងថ្មីយ៉ាងហោចណាស់ចំនួន ២៣៣៨៨ នាក់ ខណៈពេលដែលសហរដ្ឋអាមេរិកបានរាយការណ៍ថាមាន ២២៨១៣ នាក់និងអឺរ៉ុបបានរាយការណ៍ថាមានប្រហែលជា ២ ម៉ឺននាក់ ៕

 

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ CNN