មេធាវី​រាជរដ្ឋាភិបាល​ថា បាន​បំបែកសំណុំរឿង សម រង្ស៊ី ចេញពី​សំណុំរឿង​ លោក កឹម សុខា រួច​ហើយ

ភ្នំពេញ ​៖ ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ជាដើម​បណ្តឹងរដ្ឋប្បវេណី លោក គី តិច បាន​អះអាង​ថា លោក​បាន​បំបែកសំណុំរឿង​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​របស់ ​ទណ្ឌិត សម រង្ស៊ី ចេញពី​សំណុំ​រឿង​ លោក កឹម សុខា រួចហើយ ដើម្បី​ស្វាគមន៍ សម រង្ស៊ី ហើយ​លោក​បាន​អរគុណ ដែល​ទណ្ឌិត សម រង្ស៊ី បានបង្ហាញ​ឯកសារ​មួយចំនួន ដើម្បី​កុំ​ឲ្យ​លោក​ពិបាក​ស្រាវជ្រាវ​រក​ឯកសារ​។​

លោក គី តិច ថ្លែង​បែបនេះ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​បញ្ចប់​សវនាការ​លើ​សំណុំ​រឿង​ លោក កឹម សុខា កាលពី​ថ្ងៃត្រង់ ថ្ងៃទី​២៣ ខែមករា និង ​បន្ទាប់ពី​ លោក សម រង្ស៊ី បាន​អះអាង​នៅលើ​បណ្តាញ​ស​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា លោក កឹម សុខា ពាក់ព័ន្ធ​តិចជាង សម រង្ស៊ី ឆ្ងាយ​ណាស់ នៅក្នុង​បទ “​ឧក្រិដ្ឋកម្ម​ស​ន្ទិ​ដ្ឋិ​ភាព ឬ​សមគំនិត​ជាមួយ​បរទេស ដើម្បី​រៀបចំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌ ផ្តួលរំលំ​របប​សព្វថ្ងៃ​។​

លោក គី តិច បាន​ថ្លែងថា ថ្មីៗ​នេះ​ យើង​ឃើញ​ទណ្ឌិត សម រង្ស៊ី បាន​ប្រកូក​ប្រកាស​ពី​ក្រៅប្រទេស​ដោយ​បញ្ជាក់ថា គាត់​គឺជា​មេខ្លោង និង​ជា​មេ​របស់​ជនជាប់ចោទ កឹម សុខា នៅក្នុង​ការជួប​ជាមួយ​បរទេស និង​អង្គការ​ផ្សេងៗ ហើយ​អះអាងថា គាត់ គឺជា​អ្នករៀបចំ​បញ្ហា​ទាំងអស់នោះ​។ ជាមួយគ្នា​នោះ សម រ​ង្ស៊ី ក៏បាន​បង្ហាញ​ទាំង​រូបថត ទាំង​ឯកសារ​មួយចំនួន តាម page facebook និង​សម្ភាសន៍​ជា​មួយ​វិទ្យុ​អាស៊ីសេរី​។ ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​នោះ ទណ្ឌិត សម រង្ស៊ី បាន​អះអាង​ថា “​ហេតុ​អី​មិន​យក​លោក​ទៅ​កាត់ទោស​ជាមួយ កឹម សុខា ផង ?” ។​

ទាក់ទង​បញ្ហា​នេះ លោក គី តិច បាន​អះអាងថា “​ខ្ញុំ​អរគុណ ចំពោះ​ការស្វែងរក​ភស្តុតាង​ដ៏​មាន​សារៈសំខាន់​ទាំងអស់នេះ ជាមួយ​គ្នា​នេះ ខ្ញុំ​សង្ឃឹមថា តំណាង​អយ្យការ ក៏ដូចជា​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ចៅ​ក្រម​ស៊ើបសួរ ច្បាស់​ជា​បាន​ប្រមូល​ភស្តុតាង ដែល សម រង្ស៊ី បានបង្ហាញ​ទុក​សម្រាប់​ដាក់បន្ទុក​ហើយ ទាំង សម រង្ស៊ី ទាំង​ជន​ចាប់ កឹម សុខា ហើយ​សូមបញ្ជាក់ថា សំណុំរឿង​បាន​បំបែក​រួចហើយ សំណុំរឿង​បាន​បំបែក​សម្រាប់​ស្វាគមន៍ សម រង្ស៊ី ពាក់ព័ន្ធ​បញ្ហា​ហ្នឹង​។ អ្វីដែល​ខ្ញុំ​អរគុណ​មួយទៀត គឺ​អរគុណ​ត្រង់​ថា ជាធម្មតា​ការស៊ើបអង្កេត ចៅក្រម​ស៊ើបអង្កេត សមត្ថកិច្ច​ស៊ើបអង្កេត ត្រូវការ​ពេល​វេលា​ស្រាវជ្រាវ​ស្វែងរក​ភស្តុតាង ប៉ុន្តែ​ពេលនេះ​ស្រាប់តែ សម រង្ស៊ី បានបង្ហាញ​ចេញមក ទាំង​ការ​បញ្ជាក់​អះអាង ទាំង​ឯកសារ និង​រូបថត ដូច្នេះ​វា​ជាការ​សម្រួល​មួយ ហើយ​ភស្តុតាង​នេះ ចេញពី​ទណ្ឌិត សម រង្ស៊ី ទៀត ចេញពី​ផេ​ក ចេញពី​គំនិត ចេញពី​សម្ដី របស់​ទណ្ឌិត សម រង្ស៊ី ដូច្នេះ​ខ្ញុំ​អរគុណ សម រង្សី ចំពោះ​ការបង្ហាញ​ភស្តុតាង​ដាក់បន្ទុក​សម្រាប់​ខ្លួនឯង ក៏ដូចជា​សម្រាប់​ដាក់បន្ទុក​លើ​ជនជាប់ចោទ កឹម សុខា​”​។​

តាម ​លោក គី តិច ពេលនេះ​ លោក កឹម សុខា កំពុង​ត្រូវបាន​តុលាការ​យកមក​ជំនុំ​ជម្រះ​ក្តី ឬ​កាត់​ទោស​ពី​អំពើ​ក្បត់ជាតិ​។ ទន្ទឹមគ្នានេះ​ សម រង្ស៊ី បាន​បញ្ចេញ​ការបញ្ជាក់​របស់ខ្លួន ភស្តុតាង​របស់ខ្លួន ដែលមាន​ទាំង​រូបថត មាន​ទាំង​ឯកសារ ក្នុងពេលដែល កឹម សុខា កំពុងតែ​វ័ណ្ឌក ស្លន់ស្លោ នៅក្នុង​សវនាការ ដូច្នេះ​ លោក កឹម សុខា កំពុង​ព្យាយាម​ដោះ​បន្ទុក​ខ្លួនឯង និង​ប្រឹង​ទប់​ពី​ការ​ថែម​បន្ទុក​របស់​ ទណ្ឌិត សម រង្ស៊ី ផង ដូច្នេះ ​តើ​គេ​និយាយថា កឹម សុខា និង ​សម រង្ស៊ី ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​ដោយ​វិធី​ណា​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា “​នេះ​ជា​សំណុំ​ឯកសារ​ដំបូង ដែល​ខ្ញុំ សម រង្ស៊ី ផ្ញើ​ជូន​តុលាការ​ទីក្រុង​ភ្នំពេញ ដើម្បី​បញ្ជាក់​ជា​ភស្តុតាង​ថា ខ្ញុំ​បាន​សហការ​ជាមួយ​អង្គការ​បរទេស​ជាច្រើន ក្នុង​គោលបំណង​រៀបចំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​របប​នយោបាយ​នៅ​ប្រទេស​កម្ពុជា គឺ​ផ្លាស់ប្ដូរ​ពី​របប​ផ្ដាច់ការ មក​របប​ប្រជាធិបតេយ្យ​។ ភស្តុតាង​ទាំងអស់នេះ គឺជា​ឯកសារ​ច្បាស់លាស់ មិនអាច​ប្រកែក​បាន ដែល​បង្ហាញ​ពី​សកម្មភាព​របស់ខ្ញុំ ក្នុងឋានៈ​ជា​ប្រធាន​គណបក្ស សម រង្ស៊ី រួច​ទៅជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រហូតដល់​ឆ្នាំ​២០១៧​។ ការសារភាព​របស់ខ្ញុំ​នេះ ត្រូវធ្វើ​ឲ្យ​តុលាការ​ទីក្រុង​ភ្នំពេញ​ចោទប្រកាន់​ខ្ញុំ​ពីបទ “​ស​ន្ទិ​ដ្ឋិ​ភាព និង​សមគំនិត​ជាមួយ​បរទេស​” និង​ពីបទ “​ក្បត់ជាតិ​” ហើយ “​ឧក្រិដ្ឋកម្ម​” របស់ខ្ញុំ​នេះ​មាន​កម្រិត​ធ្ងន់​ជាង​ លោក កឹម សុខា ដប់​ដង​។ ឯកសារ​ទី​១ គឺ​រូបថត​ខ្ញុំ​ជាមួយ​អង្គការ​អាមេរិកាំង NDI (National Democratic Institute) កំពុង​រៀបចំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​នៅ​ប្រទេស​កម្ពុជា គឺ​ផ្លាស់ប្ដូរ​ពី​របប​ផ្ដាច់ការ មក​របប​ប្រជាធិបតេយ្យ​។ អង្គការ NDI នេះ ត្រូវបាន​របប ហ៊ុន សែន បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់ថា អង្គការ​នេះ ធ្វើ​វិទ្ធង្សនា (subversion) ដើម្បី​ផ្ដួល​រំលំ​របប​ផ្តាច់​ការ​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ​។ ឯកសារ​ជា​បន្តបន្ទាប់ គឺជា​រូប​ដែល​បាន​ថត​ជាមួយ​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី តំណាងរាស្ត្រ ថ្នាក់ដឹកនាំ​ប្រទេស​នានា និង​អ្នកទទួលខុសត្រូវ​អង្គការ​ផ្សេងៗ​មួយចំនួនធំ ក្នុង​ពិភពលោក ដែល​ជួយ​អ្នកប្រជាធិបតេយ្យ​ខ្មែរ ដោយ​ជួយ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ នៅ​ប្រទេស​កម្ពុជា​”​។​

ចំណែក​ នៅ​ថ្ងៃទី​២២​មករា លោក សម រង្ស៊ី បាន​អះអាង​ថា លោក​ កឹម សុខា ពាក់ព័ន្ធ​តិច​ជាង​ លោក​ឆ្ងាយ​ណាស់​នៅក្នុង​បទ “​ឧក្រិដ្ឋកម្ម ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ដើម្បី​រៀបចំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌ ផ្តួលរំលំ​របប ហ៊ុន សែន នេះ ហើយ​នេះ​ជា​សំណុំ​ឯកសារ​ទី​២ ដែល​លោក​សម រង្ស៊ី បញ្ជាក់ថា ជា​ភស្តុតាង ដែល​លោក​បាន​សហការ​ជាមួយ​អង្គការ​បរទេស​ជាច្រើន ក្នុង​គោលបំណង​រៀបចំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របប​នយោបាយ​នៅ​កម្ពុជា​៕


អត្ថបទ ៖ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114