គណបក្សជួងមកលើកស្លាកអត់ច្បាប់ ត្រូវម្ចាស់ដីនិងអាជ្ញាធរហាមឃាត់

ភ្នំពេញ៖ មនុស្សប្រមាណជាង២០នាក់ បានមកលើកស្លាកគណបក្សរបស់ខ្លួននៅចំណុចផ្លូវ៦០ម៉ែត្រ ក្បែរក្រុមហ៊ុនម៉ែកសឺដែស ភូមិទួលរកា១សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ ត្រូវបានម្ចាស់ដីរាយការណ៍ទៅអាជ្ញាធរឲ្យចុះហាមឃាត់។

យោងតាមប្រភពពីលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានប្រាប់កម្ពុជាថ្មីថា នៅវេលាម៉ោង៦ និង៤០នាទីព្រឹកថ្ងៃទី២៣ ខែឧសភានេះ មានមនុស្សប្រុសស្រី១ក្រុមប្រមាណជាង២០នាក់បានមកលើកស្លាកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(បក្សជួង)នៅលើដីមួយកន្លែង ដែលមានម្ចាស់ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងភូមិទួល​រកា១​សង្កាត់ចាក់អង្រែក្រោម ដោយគ្មានការអនុញាតិពីម្ចាស់ដី ហើយត្រូវបានម្ចាស់ដីរាយការណ៍ទៅអាជ្ញាធរឲ្យចុះហាមឃាត់ព្រោះគ្មានច្បាប់បន្តិចសោះ។

លោកជា សុខៃ បានបញ្ជាក់ថា ខណះនោះក៏មានការតវ៉ាពីមនុស្ស១ក្រុមនោះដែរ តែក្រោយពីស្តាប់អាជ្ញាធរណែនាំឲ្យទៅស្នើរសុំច្បាប់ពីសាលារាជធានីភ្នំពេញជាមុនសិនទើបមនុស្ស១ក្រុមនោះបានផ្អាកការលើកស្លាកដោយទៅអង្គុយសម្រាកនៅទីតាំងដដែល។ តាមការបញ្ជាក់ពីលោកជា សុខៃ បានប្រាប់កម្ពុជាថ្មីថារាល់ស្លាកគណបក្ស ឬយីហោផ្សាយពាណិជ្ជកម្មផ្សេងៗ ត្រូវសុំច្បាប់ត្រឹមត្រូវពីអាជ្ញាធរថ្នាក់ក្រោមរហូតដល់សាលារាជធានីភ្នំពេញទើបអនុញាតិឲ្យលើកបាន។ពុំមែនចេះតែលើក លើដីឯកជនឬដីចំណីផ្លូវរបស់រដ្ឋបានតាមអំពើចិត្តនោះឡើយ។ព្រោះអ្វីក៏ដោយត្រូវតែមានច្បាប់អនុញាតិត្រឹមត្រូវជាមុនសិន៕

អត្ថបទ៖ នរា

ចុចអាន៖ ៤ខែដំបូង ឆ្នាំ២០២០ កម្ពុជានាំចេញជ័រកៅស៊ូជាង៧ម៉ឺនតោន កើនឡើង១៣%បើធៀបពីឆ្នាំមុន