រឿងខុសឆ្គងបីយ៉ាង ដែលមិនសូវមានអ្នកណាហ៊ានរំលឹកប្រាប់មេដឹកនាំខ្លួនចំៗឡើយ
BREAKING NEWS
Search

រឿងខុសឆ្គងបីយ៉ាង ដែលមិនសូវមានអ្នកណាហ៊ានរំលឹកប្រាប់មេដឹកនាំខ្លួនចំៗឡើយ

មេដឹកនាំ ទូន្មានប្រៀនប្រដៅកូនចៅជារឿងធម្មតា។ ធ្វើកូនចៅគេរមែងតែងត្រូវសង្កត់ចិត្ត​អត់ធ្មត់ ពេលខ្លះចាំបាច់ត្រូវឆ្លើយយល់ព្រម ទោះដែលឮមកនោះជាការណ៍ មិនពិតឬមិនត្រឹមត្រូវទាំងស្រុង​ក្តី។ ធ្វើយ៉ាងនេះទើបធ្វើការ​ជាមួយគ្នាយូរអង្វែងបាន។

ប៉ុន្តែមេដឹកនាំល្អ​ ក៏តែងតែចង់បានការកែលម្អដូចគ្នា។ រឿងទំាំងបីនេះ ​កុំសង្ឃឹមឱ្យសោះថាកូនចៅណាហ៊ាននិយាយតវ៉ា ​ឬលើកហេតុផលព​ន្យល់អ្នក។​ មានអ្វី​ខ្លះទៅ?

១ ប្រើអារម្មណ៍ទូទាត់ហេតុការណ៍

មិនថា អ្នកណាដូចអ្នកណា​ទេ តែមានគេមកចាក់ដោត​ខឹងក្រោធភ្លាមមួយរំពេជ ឱ្យតែស្តាប់ទៅទំនង។ ទោះរៀនឱ្បសញ្ញាប័ត្រ Problem Solving ធំដុំមកពីប្រទេសណាក្តី​ នៅតែមួយឆាវហ្នឹង បើប៉ះកំពូលមហាអាម៉ាត្រ​ចេះក្បាច់គុន ខាងចាក់ចុចដល់កំពូល​ផង អាចនឹង​វឹកវរក្រឡាប់ផ្កាប់ផ្ងារបាន ។ ការនេះ ទាមទារមេដឹកនាំខ្លួនឯង ចេះសង្រួមចិត្តនិងធ្វើការ​អត់ធ្មត់ សមាធិជានិច្ច​ រាល់ពេលខឹងផ្ទុះម្តងៗ។

អ្នកស្តាំនិងអ្នកឆ្វេង មាន​តម្លៃដូចគ្នា ​តែមេដឹកនាំឆ្លាតត្រូវចេះបិទមាត់មនុស្ស​ខូច ប្រើតែដៃជើង កុំស្តាប់សម្តី ចំណែកអ្នកប្រាជ្ញដែលមានគតិ​យកជាការ​ទុកចិត្ត​បានស្តាប់ ទុកស្តាប់សម្តីកុំប្រើកម្លាំង ដូចជាពាក្យខ្មែរយើងមាន​ទុកមកស្រេច វៀចទុកធ្វើកង់ត្រង់យកធ្វើកាំ។

២ មិនវិនិយោគភាពស្មោះត្រង់មុន តែ​ចង់បានផល

មេដឹកនាំម្នាក់ៗរអ៊ូតែពីរឿងភាពស្មោះត្រង់ ព្រោះពិបាករក។ អ្នកខកចិត្ត​ពិតណាស់​ព្រោះអ្នកធំពេក អ្នកមិនងាយរកបានមនុស្ស​ស្មោះទេ។ តែប្រការមួយវិញទៀត មានអ្នកណាធ្លាប់ដែលរិះគន់អ្នកវិញ​អំពីចិត្ត​ស្មោះរបស់អ្នកវិញដែរ? គ្មានអ្នកណាហ៊ាននិយាយទេមែនទេ? តាមពិត​អាថ៌កំបាំងងាយស្រួលលើលោកនេះ គឺបើចង់បានការស្រលាញ់ បង្ហាញវាមុន ចង់បានភាពស្មោះត្រង់ធ្វើវាមុនសិនទៅ។ ប្រសិនអ្នកចង់បានអ្វីមួយ ធ្វើវាទៅលើកូនចៅសិនទៅមើល កុំទាមទារតែម្ខាង។ អ្នកខ្លះ​ចង់បានណាស់មនុស្ស​ស្មោះត្រង់ ប៉ុន្តែខ្លួនវិញបិទជិត​ អ្វីក៏មិននិយាយអ្វីក៏មាន​សេណារីយោ តើកាលៈទេស: និងបរិយាកាសមិនស្មោះត្រង់​ ដែលអ្នកកំពុង​បង្កើតឡើងមកនេះ ឱ្យ​អ្នកណាហ៊ាន​ប្តូរជីវិត​មកស្មោះត្រង់ជាមួយយើងបាន?

រឿងស្នេហាភក្តីចិត្ត​ និងភាពស្មោះត្រង់ជារឿងបេះដូង ហើយគ្រប់រឿង​ដែលទាក់ទងនឹងបេះដូង​ទាមទារត្រូវយកបេះដូងទៅវិនិយោគ។

៣ មិនរវល់សន្សំព្រហ្មវិហារធម៌

មេដឹកនាំជាមនុស្ស​ដ៏សំខាន់នៃជីវិតមនុស្សម្នាក់ៗ។ ដែល​អ្នកណាម្នាក់ព្រមឱនលំទោនគោរពអ្នកជាមេកោយ គួរតែ​អ្នកយកចិត្ត​ទុកដាក់ចំពោះអារម្មណ៍គេវិញ​ដូចគ្នា។ តើរាល់ព្រឹត្តិការណ៍សំខាន់ៗ ក្នុងជីវិត​របស់ពួកគេ​ អ្នកបង្ហាញខ្លួនដែរទេ? អ្នកដឹងថា សំខាន់ចំពោះពួកគេកម្រិតណាដែរ?​ គ្រួសារគេចង់ឃើញអ្នក ចង់ថ្លែងអំណរគុណអ្នក ហើយអ្នកគិតថា ​វាជារឿងតូចតាចអាចជំនួសដោយលុយកាក់បាន ? តែមិនពិតទេ ភាពស្និទ្ធស្នាលដូចជាក្រុមគ្រួសារមិនមែន​មានតែមាត់ឡើយ។

មនុស្ស​មានចិត្ត​ឱ្យគ្នា​ មិនថាពេលសប្បាយឬទុក្ខព្រួយ រមែង​មាន​វត្តមាន​ជាមួយគ្នា នេះទើបអាច​ស្វែងរក​ភាពស្មោះត្រង់ចំពោះគ្នាបានយូរអង្វែង។

តុងឡុង
ចុចអាន សញ្ញា​ទាំង ៧ ដែលចាស់ៗពូកែសម្គាល់ ដឹងភ្លាម​​​ថា​យើង​នឹង​ជោគជ័យទៅអនាគត

ចុចអាន បីយ៉ាងបញ្ជាក់ថាអ្នកកំពុងជោគជ័យបណ្តោះអាសន្ន

ចុចអាន តាំងចិត្តធ្វើមេដឹកនាំប្រកាន់ឱ្យបានបួននេះសិនសឹមធ្វើ