ច​ន ច័ន្ទ​លក្ខិណា ​ថា អ្នក​សិល្បៈ​មួយ​ចំនួន ​ត្រូវ​គេ​ជេរ​ដូច​ដើរ​ស្រាត

ភ្នំពេញ​ ៖​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នកនាង ច័ន្ទ​លក្ខិណា បាន​លើក​ឡើង​ថា អ្នក​សិល្បៈ​មួយ​ចំនួន ត្រូវ​បាន​គេ​ជេរ​ដូច​ដើរ​ស្រាត និង​បាន​ទឹកចិត្ត​ឲ្យ​បងប្អូន​សិល្បៈ រឹងមាំ លើ​ផែនដី​នេះ​អ្វីៗ​មិន​ទៀងទាត់​ទេ គង់តែ​វិល​ទៅ​វិល​មក។

គេ​មិនទាន់​ដឹង​ថា អ្នកនាង ច័ន្ទ​លក្ខិណា លើកឡើង​បែបនេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ​វា​បាន​ធ្វើ​ឡើង ក្រោយពី​មួយ​រយៈ​ចុងក្រោយ​នេះ អ្នក​សិល្បៈ​មួយ​ចំនួន ត្រូវ​បាន​គេ​រិះគន់ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ពី​ការបាត់បង់​ការងារ​សិល្បៈ ដោយសារ​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សេងៗ​ត្រូវបាន​ផ្អាក ដើម្បី​ការពារ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​វីរុស​កូ​វីដ​១៩​។ ក្នុង​ការ​រិះគន់​នេះ មាន​ប្អូន​មួយចំនួន​ បាន​លើកឡើង​ប្រៀបធៀប​ពី​តារា​ស្រុក​គេ ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​បរិច្ចាគ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មួយ​នេះ ឯ​អ្នក​សិល្បៈ​ស្រុក​ខ្មែរ បែរជា​ត្អូញត្អែរ​ពី​រឿង​​បាត់បង់​ចំណូល​ទៅវិញ។

ទំនងជា​ឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ អ្នកនាង ច័ន្ទ​លក្ខិណា បាន​លើកឡើងថា «​អ្នកសិល្បៈ​មួយចំនួន : ខាងគេ​ជេរ​ដូច​ដើរ​ស្រាត ខាង​ឯង​ខំ​ជាន់​ដល់​បាត​ដី ងាក​ទៅ​ណា​ក៏​មើលងាយ គួរប្រើ​សតិ​មក​គិតដល់​ចំណុច​នេះ​ចំពោះ​ពួកគាត់​ផង ទង្វើ​ពួក​អ្នក​កំពុងតែ​សប្បាយ​និង​រុញ​អោយ​ភាគី​ម្ខាង​ទៀត​កាន់តែ​ជេរ​បញ្ចោរ​ពួក​ខ្ញុំ»។

នាង​បន្ត​ថា «ខ្ញុំ​មិន​យល់​ពី​ពួក​អ្នក​ទេ ពួក​អ្នក​សប្បាយចិត្ត​ហើយ ឈ្នះ​ហើយ​ជូនពរ​អោយ​ពួក​អ្នក​សប្បាយ​និង​កិច្ចសហការ​ដើម្បី​អោយ​គេ​ជេរ​ពួក​ខ្ញុំ​អោយ​បាន​យូរអង្វែង ហើយ​សូម​ជូនពរ​អោយ​បងប្អូន​សិល្បៈ​យើង​កាន់តែ​រឹងមាំ លើ​ផែនដី​នេះ​អ្វីៗ​មិន​ទៀងទាត់​ទេ គង់តែ​វិល​ទៅ​វិល​មក ខ្ញុំ​គោរព​និង​ស្រលាញ់​ទឹកចិត្ត​អ្នក​ទាំង​អស់​គ្នា សូម​បងប្អូន​ប្រយ័ត្ន​សុខភាព​ណា»។

​កម្ពុ​ជាថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២០​នេះ មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការ​ពន្យល់​បន្ថែម​ជុំវិញ​បញ្ហា​ខាងលើ​បាន​នៅឡើយ​ទេ៕

អត្ថបទ ៖ មនោ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114