BREAKING NEWS
Search

តោះ! ​ទៅ​កម្សាន្ត​រមណីយដ្ឋាន​ប្រាសាទ​វត្ត​ព្រះ​ធាតុ​ទឹកឆា​

កំពង់ចាម ​៖ ឈ្មោះ «​ទឹកឆា​»​ បានក្លាយ​ទៅជា​រមណីយដ្ឋាន​មួយ​សម្រាប់​ទេសចរ​ជាតិ​យើង​ធ្វើ ដំណើរ​ទៅ​កម្សាន្ត​នៅ ពេល​បុណ្យទាន​អ្វីមួយ ដែល​ទំនេរ​ពី​ការងារ​មមាញឹក​។​

ទេសចរ​ទាំងនេះ ​មិន​ត្រឹមតែ​អ្នក​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ប៉ុណ្ណោះ​ទេ អ្នក​នៅ​រាជធានី​ភ្នំពេញ​ក្តី​ នៅ​ខេត្ត​ដទៃ​ទៀត​ក្តី​ តែ​កាលណា​ ពោល ​ពី​ដំណើរ​កម្សាន្ត​ក្នុង​ខេត្ត​កំពង់ចាម​ហើយ​ គេ​ពុំដែល​ភ្លេច​ឈ្មោះ​«​ទឹក​ឆា​»​ទេ​។​

ពី​ដើម​មក ​មានតែ​តួ​ប្រាសាទ​ថ្ម​បាក់បែក​ស្ទើរតែ​អស់​គ្មាន​សល់​ ស្ថិតនៅ​ជា​ពីរ​កន្លែង​ ក្បែរ​គ្នា​ ហើយ​នៅ​ប្រប​ប្រាសាទ​ទាំងពីរ​នេះ​ មាន​ជ្រោះ​ប្រឡាយ​ទឹក​អំពី​បុរាណ​មក​ដែល​មាន​ទឹក​ហូរ​ខួបប្រាំង​ខួបវស្សា​ គឺ​រដូវវស្សា​ មាន​ទឹក​សឹង​ពេញព្រៀប ​រដូវប្រាំង​នៅសល់​ត្រឹម​ក្បាលជង្គង់ ឬ​លើ​ក្បាល​ជង្គង់​បន្តិច​។

​ទឹក​នេះ ​ថ្លាឈ្វេង ហើយ​ហូរ​រេច​ៗ​ មិនចេះ​ឈប់ ​ជាហេតុ​នាំ​ឲ្យ​អ្នកផង​ទៅ​ងូត​លេង​លំហែ​ប្រាណ​យ៉ាង​សប្បាយរីករាយ​។​ សងខាង​ប្រឡាយ​ទឹកថ្លាខ្យង​នេះ​ មាន​រុក្ខា​លតាវល្លិ​ ដុះ​ខ្ពស់​ស្រោង​ស្រឹង​ប្រទាក់​ប្រ​ទិន​គ្នា​បែប​ជា​ព្រៃ​ល្បាត តែ​សព្វថ្ងៃ​គេ​បាន​កាប់​រំលីង​ឲ្យ​បានជា​វាល​មួយ​កន្លែង​យ៉ាង​ធំ​នៅ​ត្រង់​ផ្លូវទឹក​នេះ​ បែក​ជា​ធ្នារ​ធំ​ ល្ហល្ហាច ​គឺ​ចំ​ត្រង់​តួ​ប្រាង្គ​ថ្ម​ដែល​យើង​អធិប្បាយ​ខាង​លើ​នេះ​។

មិនតែប៉ុណ្ណោះ​ រាជការ​បាន​កសាង​ជា​ទំនប់ទឹក​មួយ​សំខាន់​ ដើម្បី​យក​ប្រយោជន៍​អំពី​ប្រឡាយ​ទឹក​បុរាណ​នាំ​យក​ទឹក​ទៅ​ចែក​ឲ្យ​វាលស្រែ​យ៉ាង​ធំ​ទូលាយ​ ក្នុងស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម និង​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។

ពិតមែន​ហើយ តែ​យើង​ស្គាល់​សព្វថ្ងៃ​ថា ​កន្លែង​នេះ​ បានជា​រមណីយដ្ឋាន​ដ៏​សំខាន់​សម្រាប់​ទេសចរ​ជាតិ ប៉ុន្តែ​ប្រវត្តិ​ពង្សាវតារ​របស់​ទីឋាន​នេះ ស្ថិត​នៅក្នុង​សភាព​ងងឹត​នៅឡើយ​ ពុំ​ដឹង​ថា​ តើ​ទីនេះ​ពី​បុរាណ​ជាទី​អ្វី​?​ កើតមាន​ពី​ត្រឹមណា​មក​?
​ ​
ដើម្បី​ជម្រះ​មន្ទិល​ទាំងនេះ​ខ្លះ ក្រុម​ជំនំ​ទំនៀមទម្លាប់ ​បាន​ប្រមែប្រមូល​ឯកសារ​ដែល​មាន​តម្កល់ទុក​យូរ​មក​ហើយ​ផង​ ហើយ​ចាត់​ឲ្យ​សមាជិក​ទៅ​ពិនិត្យ​សង្កេត​ដល់​ទី​កន្លែង​ផង ក៏​រៀបចំ​ធ្វើជា​សេចក្ដី​រាយការណ៍​អំពី​ទីកន្លែង​នេះ​ឡើង ​ដាក់​ចំណងជើង​ថា​ «​ប្រាសាទ​ព្រះធាតុ​ទឹកឆា​» ​តាម​ឈ្មោះ​បុរាណ​នៃ​ប្រាសាទ​ដដែល​ហៅថា​«​គុក​ព្រះ​ធាតុ ឬ​វត្ត​ព្រះ​ធាតុ​»​នៅត្រង់​កន្លែង​ទឹកឆា​នេះ​។ ​ពាក្យ​«​ទឹកឆា​»​នេះ​ទៀត ​ក៏​ពុំមែន​ជា​ពាក្យ​ទើបតែ​បង្កើត​ថ្មី​ដែរ​ គឺមាន​តាំងពី​យូរ​ណាស់​ហើយ​ ទើបបាន​ជា​មាន​ជាប់​ហៅ​នៅក្នុង​សៀវភៅ​« ​សិលាចារឹក​នៅ​ប្រទេស​កម្ពុជា​របស់ លោក ហ្ស សឺ​ដេ​ស​»​ សរសេរ​កំណត់​ឈ្មោះ​កន្លែង​នេះ​ថា ​«​វត្ត​ព្រះ​ធាតុ​នៅ​ទឹកឆា​»​។​

ដើម្បី​នឹង​យក​ជា​សំអាង យើង​តែងតែ​និយាយ​តាម​សិលាចារឹក​មួយ​ដែល​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ហើយ​នាំមក​តម្កល់ទុក​នៅ​សារមន្ទីរ​ជាតិ​នា​ក្រុងភ្នំពេញ​សព្វថ្ងៃ​។​ សិលាចារឹក​នេះ​ នៅមាន​រូបរាង​ស្អាត​ល្អ​ អក្សរ​នៅ​ច្បាស់​ជា​បន្ទះ​ក្រាស់ ​កម្ពស់​១​ម៉ែត្រ​«​មិន​គិត​ជើង​តម្កល់​» ​ទទឹង​មុខ​០.៥០​ម៉ែត្រ​ ខាង​កំពូល​លើ ​មាន​ឆ្លាក់​ជា​រូប​ព្រះ​គណេស​។ ​អក្សរ​ចារឹក​ មាន​ទាំងសងខាង ​គឺ​ម្ខាង​មាន​២៣​បន្ទាត់ ​ជា​ភាសា​សំស្ក្រឹត​ និង​ម្ខាង​ទៀត​មាន​១៦​បន្ទាត់​ ជា​ភាសា​ខ្មែរ​។​ សេចក្តី​ក្នុង​សិលាចារឹក​នេះ​ហើយ​ជា​ទ្វារ​បើកចំហ​ឲ្យ​យើង​មើលផ្លូវ​ឃើញ​នូវ​ប្រវត្តិ​ដ៏​វែងឆ្ងាយ​ នៃ​ទីកន្លែង​នេះ​។

សិលាចារឹក​ឲ្យ​ការណ៍​ថា​ ទីកន្លែង​នេះ​កសាងឡើង​តាំងពី​៩៤៧​ស័ក​«២»(​គ​.​ស​១០២៥) ​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​។​ កាលនោះ ​ព្រះរាជា ទ្រង់​ទទួល​ប្រោស​ព្រះរាជទាន​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ស្នើ​អំពី​អ្នកប្រាជ្ញ​ម្នាក់​ឈ្មោះ ​«​ជង្ឃ​ល​»​ ហើយ​ដែលមាន​សន្មតនាម​មួយទៀត​ថា​ លក្សិន្ទ្រ​បណ្ឌិត​។​

លោក ជង្ឃា​ល​ បាន​រកឃើញ​ទី​ដី​មួយកន្លែង​ក្នុង​តំបន់​មួយ​ហៅថា​ សិទ្ធិ​បុ​រ​«​ត្រង់​កន្លែង​ទឹកឆា​សព្វថ្ងៃ​»​មាន​ទំនង​ស្រឡះស្រឡំ​ល្អ​ក៏​ទូល​ស្នើ​ចំពោះ​ព្រះរាជា​សុំ​ទីនេះ​ធ្វើជា​អារាម​សម្រាប់ធ្វើ​សក្ការបូជា​ចំពោះ​សាសនាព្រាហ្មណ៍​ដោយ​ថ្វាយ​ទាំង​សេចក្ដីព្រាង​សព្វគ្រប់​សម្រាប់​ចំ​កន្លែង​នេះ​ទុក​ស្នាដៃ​ដ៏​សំខាន់​ផង​។​ គ្រានោះ ព្រះបាទ​សូរ្យ​វរ្ម័ន ព្រះអង្គ​ទ្រង់​ប្រោស​ព្រះ​រាជានុញ្ញាត​តាម​សេចក្តី​សុំ ព្រមទាំង​ប្រទាន​នូវ​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត​ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការ​កសាង​នេះ​ផង​។​

បណ្ឌិត​ជង្ឃា​ល ឬ​ល​ក្សិ​ន្ទ្រ​បណ្ឌិត​ ចាប់ធ្វើ​កិច្ចការ​ស្ថាបនា​នេះ​ឡើង​តាម​កម្លាំង​ព្រះ​រាជ្យទ្រព្យ ​និង​តាម​ប្រាជ្ញា​របស់​លោក​ក្នុង​ការ​បញ្ចុះបញ្ចូល​រក​ជំនួយ​អំពី​អ្នកស្រុក​លុះត្រាតែ​បាន​ហើយ​ស្រេច​សព្វ​គ្រប់​តាម​គម្រោង​ដែល​ដាក់ថ្វាយ​ព្រះរាជា​ទ្រង់​ទត ​គឺ​នៅក្នុង​ប្រាសាទ​ធ​មាន​តម្កល់​សិវលិង្គ​នៅ​កណ្តាល​សន្មតនាម​លិង្គ​នោះ​ថា​«​ស្រី​ភ​ទ្រេ​ស្វរៈ​»​និង​ទេវរូប​ពីរ​អម​សងខាង​មួយ​មាន​នាម​ថា​«​បរមេស្វរៈ​»​មួយ​ទៀតថា​«​សរ​ស្វ​តិ​»​។ ​ចំ​ពីមុខ​ទិសខាងកើត​មាន​គុហា​មួយទៀត​ជា​ទេវស្ថាន​មាន​ទំហំ​តូច​ដែល​សព្វថ្ងៃ​យើង​ឃើញ​បាក់​ធ្លាក់​ថ្ម​គរ​ជា​គំនរ​កប់​ក្នុងព្រៃ​ក្បែរ​ប្រឡាយ​ទឹកជ្រោះ​មានតែ​ស៊ុំទ្វារ​មួយ​នៅសល់​គ្រាន់​ជាការ​បង្ហាញ​ហេតុតែ​ប៉ុណ្ណោះ​។ ​ស្ថាបត្យករ​បាន​ចាត់​ការជីក​ស្រះ​មួយ​យ៉ាង​ធំ​ទូលាយ​នៅ​ចំហៀង​ខាងស្តាំ​ប្រាសាទ​ឲ្យ​ឈ្មោះថា ​«​ល​ក្សិ​ន្ទ្រ​ដាក​» ​ហើយ​ប្រតិ​ស្ថាន​លិង្គ​មាស​មួយ​តម្កល់​នៅ​កណ្តាល​ស្រះ​ផង​។​ ព័ទ្ធជុំវិញ​ នៃ​ទី​បរិវេណ​នេះ ​មានការ​រៀបចំ​បានជា​ស្រុកភូមិ​មួយ​យ៉ាង​ស្តុក​ស្ដម្ភ​ ដោយ​ប្រជុំ​អ្នកស្រុក​ជិតខាង​ឲ្យ​មក​រស់នៅ​ជួបជុំ​កុះករ​គ្នា​ឡើង​ក្នុងសម័យ​នោះ​។ ​ដូច្នេះ​បរិយាកាស​ក្រុង​ថ្មី​នេះឯង ក៏បាន​ជាស​ភាព​អ៊ឹកធឹក​ឡើង​។​
​ ​
ក្រោយ​ដែល​បានរៀបចំ​រួចស្រេច ល​ក្សិ​ន្ទ្រ​បណ្ឌិត បាន​នាំ​ព័ត៌មាន​ចូល​ក្រាប​បង្គំ​ទូល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​ ព្រះអង្គ​ ក៏​ទ្រង់​ស្ដេចយាង​ប្រារព្ធ​ពិធី​សម្ពោធ​ទីកន្លែង​នេះ​យ៉ាង​មហោឡារិក​នៅ​ក្នុង​ឆ្នាំ​៩៤៧​ស័ក​(​គ​.​ស​១០២៥)​ដែល​យើង​ចង្អុល​ម្តងមកហើយ​ពី​ខាងលើ​។ ​ក្នុង​ព្រះ​រាជពិធី​សម្ពោធ​នេះ ​ព្រះរាជា​ទ្រង់​ប្រោស​ប្រទាន​នូវ​ធនធាន​ជា​ប្រដាប់​ប្រើប្រាស់​ពួក​ពលព្រះ​២៩​នាក់ ដីស្រែ​នៅ​ជុំវិញ​ប្រាសាទ និង​ស្រះ​ទឹក​នេះ​ទាំងអស់​ ព្រមទាំង​ទីលាន​ធំៗ​សម្រាប់​ប្រកប​ពិធី ឬ​ជា​គ្រឿង​លម្អ​ទុកជា​ទ្រព្យ​ផ្ទាល់​នៃ​ព្រះ​គុហា​នេះ​ផង​។​ មិនតែប៉ុណ្ណោះ​ ព្រះអង្គ​ បាន​ប្រោស​ព្រះរាជទាន​នាម​ទីកន្លែង​នេះ​ថា ​«​ល​ក្សិ​ន្ទ្រ​បថ​»​ដោយ​និយម​តាម​នាម​បណ្ឌិត​អ្នក​កសាង​។​
​ ​
សេចក្តី​ហូរហែ​ដូច​អធិប្បាយ​មកនេះ ជា​ប្រវត្តិ​ដើម​ នៃ​ប្រាសាទ​ និង​ទីកន្លែង​ទឹកឆា​។ ​ឥឡូវ​យើង​អធិប្បាយ​ពី​ទ្រង់ទ្រាយ​ដែល​ជា​តម្រា​សល់​មកដល់​សព្វថ្ងៃនេះ​ម្តង ព្រោះ​សម្រាប់​ជួយ​ណែនាំ​ផ្លូវ​ពពួក​ទេសចរណ៍​យើង​ដែល​ត្រូវការ​ទស្សនា​ទីកន្លែង​នេះ​ផង​។​

​សព្វថ្ងៃនេះ​ស្រះ​បុរាណ ដែល​យើង​ពោល​ខាងលើ​ថា ជា​ស្នាដៃ​បណ្ឌិត​ជង្ឃា​ល​នោះ​ហើយ​ដែលជា​ធ្នារ​ទឹក​ដ៏​ធំ​មួយ​នៅ​ចំ​មុខ​ទំនប់​ដែល​ក្រសួងកសិកម្ម​ទើបនឹង​ស្ថាបនា​ឡើង​ក្នុង​បច្ចុប្បន្ននេះ​។​ រីឯ​ប្រឡាយ​ទឹក​នេះ​សោត ហូរ​ធ្លាក់​ពី​សីល​ប្រភព​នៅ​ទិស​ខាងជើង​ ក្នុង​ខេត្ត​កំពង់ធំ​ឯនោះ ហើយ​ហូរ​ត្រង់​មក​ត្បូង លុះ​មកដល់​ចំហៀង​ប្រាសាទ​នេះ​ ក៏​ធ្លាក់ទឹក​ចូលក្នុង​រង្វះ​ធំ​មួយ​ដែល​យើង​ហៅថា ​«​ធ្នារ​»​ខាងលើ​នេះឯង​។​ ពី​បុរាណ​មក​ទឹក​ដក់​ពេញព្រៀប​នៅត្រង់​នេះ​តែ​មាន​កូន​ជ្រោះ​តូចៗ​បែកមែក​ធាង​នាំ​បង្ហូរទឹក​ទៅ​ចាក់​បញ្ចូល​ដីស្រែ នា​ភូមិ​ជិតខាង​នេះ​មាន​ភូមិ​ក្រូច ក្នុងស្រុក​ព្រៃឈរ​នោះ​ជាដើម​។​

អាស្រ័យ​ប្រឡាយ​ចាស់​ដូច្នេះហើយ បានជា​រាជការ​ខាង​កសិកម្ម​ចាត់ចែង​ក្នុង​ពេល​៥-៦​ឆ្នាំ​កន្លងទៅ​នេះ​ធ្វើជា​ទំនប់​មួយ​រក្សា​ទឹក​ទុក​ក្នុង​ធ្នារ​នេះ​ឲ្យ​រឹតតែ​ច្រើនឡើង​សម្រាប់​បន្ថែម​កម្លាំង​ឲ្យ​ហូរ​ទៅតាម​ប្រឡាយ​ដែល​គេ​ជីក​ធ្វើ​សំអាត​ជាថ្មី​នាំ​ទឹក​ទៅ​ចាក់​ឲ្យ​ស្រែ​អ្នកស្រុក​បានជា​ច្រើន​ពាន់​ហិកតា​ក្នុង​ស្រុក​ព្រៃឈរ និង​ស្រុក​បារាយណ៍​។​

​ប្រឡាយ​ទឹក​ដែល​ហូរ​នាំ​ទឹក​ត្រង់​មកពី​ទិស​ខាងជើង ​កាត់​មក​ខាងត្បូង​ ធ្លាក់ចូល​ធ្នារ​ធំ​រួចហើយ ក៏​ឆ្ពោះ​ទៅ​លិច​ត្រង់​ទៅវិញ ដូចនេះ​ប្រឡាយទឹក​ត្រង់​ទឹក​ឆា​មាន​សណ្ឋាន​បីដូច​ជា ​កែង​ជាងឈើ ជា​កន្លែង​ដែល​គេ​ងូតទឹក​លេង​សព្វថ្ងៃ​ គឺ​នៅ​ចំ​ត្រង់​កែង​នោះ​ឯង​ បើ​នរណា​ចូលចិត្ត​ទឹក​រាក់​ ក៏​ងូត​ក្នុង​ប្រឡាយ​ចាស់​ខាងជើង​ទំនប់ ព្រោះ​ប្រឡាយ​នេះ​បាត​ក្រោម​មាន​ទទឹង​ប្រមាណ​ជា​៤​ ឬ​៥​ម៉ែត្រ​ដែរ​។​

ទឹកថ្លា​ឈ្វេង​មើលឃើញ​បាត​រាបស្មើ​ដែលមាន​កូន​ថ្ម​ដុំ​តូចៗ​តម្រៀប​ត្រៀបត្រា​គួរ​ឲ្យ​ចង់​រើស​យកមក​មើល​ ឬ​អង្អែល​លេង​កូន​ត្រី​មួយ​ហ្វូងៗ​រត់​ច្រាស់ទឹក​ហូរ​ប្រដេញ​គ្នា​។ ​ឯ​អ្នក​ដែល​ចេះ​ហែល​ចូលចិត្ត​ហែល​លេង​ក្នុង​ផ្ទៃ​ទឹក​ជ្រៅ​ផ្នែក​ខាងត្បូង​ទំនប់ ដែល​ជា​ធ្នារ​ទឹកធំ​ល្ហល្ហាច​។​ ជុំវិញ​រង្វះ​មាត់ទឹក​មាន​ដើមឈើ​ខ្ពស់ៗ​ស្រោង​ស្រឹង ដុះ​ខ្នាន់ខ្នាប់​នាំ​ឲ្យ​បានជា​ជម្រក​ នៃ​ទេសចរ​ដែល​ទៅលេង​កម្សាន្ត​ផង និង​ជាទី​ជ្រក​នៅ ​នៃ​សត្វ​បក្សាបក្សី​ដែល​ស្រែក​ឆ្លើយឆ្លង​គ្នា​បញ្ចេញ​សូរ​ចម្លែក​ៗ​រឹតតែ​បង្កើន​ដួងចិត្ត​ពួក​ទេសចរណ៍​ឲ្យ​អណ្ដែតអណ្ដូង​ថែមទៀត​ផង​។​
​ ​
យើង​ឈាន​ជើង​ចូល​ទៅ​ក្នុង​បរិវេណ​គុក​គុហា​បុរាណ​នេះ យើង​ប្រទះឃើញ​រាងរៅ​ជា​បួន​ជ្រុង​ទ្រវែង​បែរមុខ​ឆ្ពោះទៅ​ខាងកើត​ចំ​មានតែ​ទ្វារ​ចូល​ពី​ខាង​កើតមក ឯខាង​ជើង​ និង​ខាងត្បូង​ មានតែ​បង្អួច​ទេ​។​

សព្វថ្ងៃ​ជញ្ជាំង​ជុំវិញ នៅ​គង់​ទ្រង់​នៅឡើយ ​ដែល​យើង​និយាយ​មកហើយ​ថា មាន​ដើមឈើ​ធំៗ​ដុះ​ពី​លើ​នោះឯង​។ ​រីឯ​ដំបូល ឬ​កំពូល​ប្រាង្គ​វិញ​គ្មាន​នៅសល់​បន្តិច​ទេ សព្វថ្ងៃ​នៅ​តាលហាល​រក​ឲ្យ​យើង​សន្និដ្ឋាន​ថា តើ​ប្រាង្គ​គុហា​នេះ​ពី​ដើមឡើយ​មាន​កំពូល​ដូច្នេះ ឬ​ដូច្នោះ​ពុំបាន​ឡើយ ឃើញ​មានតែ​ថ្ម​ធ្លាក់​មក​គរ​នៅ​កណ្តាល​បរិវេណ តែមាន​ថ្ម​ខ្លះ​មាន​រាងរៅ​ទំនងជា​ថ្នាក់​កំពូល ​គឺ​ក្បាច់​ត្របកឈូក​ដែល​គេ​សម្រាប់​បន្តុប​ធ្វើជា​កំពូល​ប្រាង្គ ធ្លាក់​មក​គរ​លាយឡំ​ជាមួយ​ថ្ម​ដទៃទៀត​ច្រើន​ផង​។​ ទំហំ​តួ​ប្រាសាទ​នេះ​ មាន​បណ្តោយ​ប្រមាណ​២០​ម៉ែត្រ ទទឹង​១៥​ម៉ែត្រ​ប៉ុណ្ណោះ​។​

ដុំថ្ម​ទាំងនោះ​ ភាគច្រើន​ជា​ថ្មបាយក្រៀម ​ពុំ​សូវ​មាន​ថ្មសំលៀង​ដែល​ឆ្លាក់​ជា​ក្បាច់ក្បូរ​ឆើតឆាយ​អ្វី​ឡើយ​ ប្រទះ​ឃើញតែ​ផ្តែ​«Linteau»​មួយ ​ដែលមាន​ឆ្លាក់​ជា​រូប​ព្រះ​នារាយណ៍​នៅ​ចំ​កណ្តាល​ និង​ក្បាច់​ស្លឹកភ្ញឹក​នៅ​ព័ទ្ធព័ន្ធ​ជុំវិញ​។​ការ​ទស្សនា​បុរាណ​ដ្ឋា​ន​នេះ​ធ្វើបាន​ស្រួល​ តែ​នៅ​រដូវប្រាំង​ជាជាង​រដូវ​វស្សា​ ហើយ​ពេល​ថ្មើរ​ម៉ាន​ក៏​មិន​ទាស់ ព្រោះ​មាន​ដើមឈើ​ធំៗ​ត្រជាក់​ត្រឈៃ​ មិន​ព្រួយ​ពី​ក្តៅ​ឡើយ ប៉ុន្តែ​ពេល​ល្ងាច ​ឆាប់​ងងឹត​បន្តិច ​ដោយសា​រម្លប់​ឈើ​ធំ​ទាំងនោះ​។​

ភាគច្រើន​ អ្នកទស្សនា​ទីកន្លែង​នេះ​ គេ​ចូលចិត្ត​ទៅ​នៅពេល​ព្រឹក​ប្រមាណ​ជា​ម៉ោង​៨-៩​ ព្រោះ​បាន​ឱកាស​វែង​បន្តិច គឺ​ទៅដល់​ហើយ​ គេ​ទស្សនា​ទី​បុ​រាណ​ទាំងនេះ​ឲ្យ​សព្វគ្រប់​រហូតដល់​ម៉ោង​១១-១២​ថ្ងៃត្រង់ បន្ទាប់មក​គេ​រៀប​ម្ហូបម្ហា​អាស្រ័យ​តាម​បែប​ដើរ​ព្រៃ អាស្រ័យ​រួច​ គេ​សម្រាក​ដេក​លេង​ក្រោម​ដើមឈើ​ដ៏​ត្រជាក់​ត្រឈៃ​រហូត​ម៉ោង​២-៣ ​ទើប​ក្រោក​ឡើង​ងូតទឹក​លេង ​លុះដល់​ម៉ោង​៤-៥​រសៀល ទើប​ចេញដំណើរ​ត្រឡប់​មក​លំនៅ​វិញ​៕
​អត្ថបទ ៖ កញ្ញា វ៉ាត

សូមចុចអាន ៖ ស្វែងយល់​ពី​ប្រវត្តិ​ការដឹកនាំ​របស់​ក្សត្រ​ជ័យ​វរ្ម័ន​ទី​៧​ ដែល​ល្បី​រន្ទឺ




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114