BREAKING NEWS
Search

បែក​ធ្លាយ! បេក្ខជន​៥​រូប បង្ហាញ​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​ប្រឡង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​១០

ភ្នំពេញ ​៖​ បេក្ខជន​ប្រឡង​ជាប់​វគ្គ​សរសេរ​សិស្ស​ចៅក្រម​ជំនាន់​ទី​១០​ ៥​រូប ដែល​កើតទុក្ខ​មិន​សុខចិត្ត​ទៅ​នឹង​លទ្ធផល​ស្ថាពរ​នៃ​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​១០ បាន​បង្ហាញ​ភាព​មិន​ប្រក្រតី​ជុំវិញ​ការប្រឡងប្រជែង​មួយ​នេះ។

ជាមួយគ្នា​នឹង​ការ​កើត​ទុក្ខ​មិន​ចិត្ត​នេះ​ដែរ ពួកគេ​ក៏ ក៏បាន​សរសេរ​លិខិត គោរព​ស្នើសុំ​ទៅ​សម្តេច​តេ​ជោ​ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​គណៈកម្មការ​នាយក​រៀប​ចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០ ដើម្បី​ជំរុញ​ឲ្យ​មាន​តម្លាភាព​លើ​លទ្ធផល​នៃ​ការ​ប្រ​ទ្ប​ង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​លើ​វិញ្ញាសា​​សរសេរ និង​វិញ្ញាសា​​ផ្ទាល់មាត់។

ការ​សរសេរ​លិខិត​គោរព​ស្នើសុំ​ទៅ​សម្ដេច​តេ​ជោ​នេះ កើតឡើង ក្រោយពី​ពួកគេ​ជា​បេក្ខជន ជឿជាក់​លើ​សមត្ថភាព​រ​បស់​ខ្លួន ហើយ​ឃើញ​ភាព​មិនប្រក្រតី​ជាច្រើន កើតឡើង​នៅក្នុង​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​មួយ​នេះ​។ ប៉ុន្តែ​ក្រោយ​ដាក់ពាក្យ​ស្នើសុំ​ទៅ​គណៈកម្មការ​នាយក​រៀប​ចំការ​ប្រឡង និង​ជួបគ្នា​ដោះស្រាយ​២​លើក​កន្លងមក ពុំ​ទទួល​បានទទួល​ការឆ្លើយតប​ជា​វិជ្ជមាន​ណាមួយ​ពី​គណៈកម្មការ​នាយក ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​តម្លាភាព​ចំពោះ​លទ្ធផល​នៃ​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០​ទេ។

យោង​តាម​លិខិត​ស្នើសុំ​ចុះ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩​នោះ កម្មវត្ថុ​របស់​ពួកគេ គឺ​សូម​គោរព​ស្នើសុំ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​   ​មេត្តាជួយ​អន្តរាគមន៍​ទៅ​គណៈកម្មការ​នាយក​រៀប​ចំការ​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០  ​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មាន​តម្លាភាព​លើ​លទ្ធផល​នៃ​ការ​ប្រ​ទ្ប​ង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០ លើ​វិញ្ញាសា​សរសេរ និង​វិញ្ញាសា​ផ្ទាល់មាត់ ដូចខាងក្រោម​៖   ១-​បង្ហាញ​អំពី​នីតិវិធី​នៃ​ការដាក់​ពិន្ទុ​លើ​វិញ្ញាសា​​សរសេរ​។​  ២-​បង្ហាញ​អំពី​លទ្ធផល​ពិន្ទុ ប្រៀបធៀប និង​ផ្ទៀងផ្ទាត់​ចម្លើយ​លើ​ឯកសារ​សរសេរ​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ប្រ​ទ្ប​ង​លើ​វិញ្ញាសា​​សរសេរ​របស់​បេក្ខជន​ជាប់​ជា​ស្ថាពរ​៥០​រូប​ជាមួយនឹង លទ្ធផល​ពិន្ទុ និង​ចម្លើយ​ឯកសារ​សរសេរ​របស់​ពួកយើងខ្ញុំ​។ ៣-​បង្ហាញ​អំពី​នីតិវិធី​នៃ​ការដាក់​ពិន្ទុ​លើ​វិញ្ញាសា​​ផ្ទាល់មាត់​។ ៤-​បង្ហាញ​អំពី​លទ្ធផល​ពិន្ទុ ប្រៀបធៀប និង​ផ្ទៀងផ្ទាត់​សំនួរ​និង​ចម្លើយ​ផ្ទាល់មាត់​នៅក្នុង​ដំណាក់កាល​នៃ​ការ​ប្រ​ទ្ប​ង​លើ​វិញ្ញាសា​​ផ្ទាល់មាត់​របស់​បេក្ខជន​ជាប់​ជា​ស្ថាពរ​៥០​រូប ជាមួយនឹង​លទ្ធផល​ពិន្ទុ និង​ចម្លើយ​ផ្ទាល់មាត់​របស់​ពួកយើងខ្ញុំ។

នៅក្នុង​លិខិត​សុំ​អន្តរាគមន៍​ដដែល​នេះ ពួកគេ​ក៏បាន​បង្ហាញ​ចម្ងល់​ក្នុង​ចិត្ត ដែល​គិតថា មាន​ភាពមិនប្រក្រតី​ផងដែរ ដូចជា​៖១.​នៅពេល​ប្រឡង រាល់​សំនួ​រលើ​វិញ្ញាសា​​សរសេរ​ទាំងអស់ ពុំមាន​ធ្វើការ​បង្ហាញ​ពិន្ទុ​លើ​សំនួរ​នីមួយៗ​ទេ ដែល​ខុសពី​ការ​ប្រ​ទ្ប​ង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​មុនៗ​។ ហេតុអ្វី​? ២.​ការប្រកាស​លទ្ធផល​មិនបាន​បង្ហាញ​ពិន្ទុ​លើ​មុខវិជ្ជា​នីមួយៗ​ទេ ដែល​ខុសពី​ការ​ប្រ​ទ្ប​ង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​មុនៗ​។ ហេតុអ្វី​? ៣.​ការឆ្លើយតប​ចំពោះ​ការស្នើសុំ​របស់​យើងខ្ញុំ​លើ​ការផ្តល់​លទ្ធផល​ពិន្ទុ​លើ​វិញ្ញាសា​សរសេរ និង​វិញ្ញាសា​​ផ្ទាល់មាត់ មានការ​រឹតត្បិត​បំផុត​(​ហាម​ថត​និង​មិន​ឲ្យ​បេក្ខជន​មើល​ពិន្ទុ​គ្នា​ទៅវិញទៅមក​ខណៈពេលដែល​បាន​ចូលរួម​ជាមួយគ្នា​)​។ ហេតុអ្វី​? ៤.​ក្នុងចំណោម​បេក្ខជន​ស្នើសុំ​មាន​បេក្ខជន​មួយរូប​ក្នុងដំណាក់កាល​នៃ​វិញ្ញាសា​​ផ្ទាល់មាត់​មាន​គណៈកម្មការ​មួយរូប អំឡុងពេល​សួរ​សំនួរ លោក​បាន​ភ្លាត់មាត់​សួរ​ទៅ​គណៈកម្មការ​មួយរូប​ទៀត​នៅក្បែរនោះ​ដោយមាន​ប្រសាសន៍​ថា ”​ម៉េច​បេក្ខជន​ម្នាក់នេះ​គ្មាន​លេខ​កូដ​” ខណៈ​ពេល​វិញ្ញាសា​​ផ្ទាល់មាត់ លេខ​កូដ​គឺជា​រឿង​សំខាន់​បំផុត​ដើម្បី​កំណត់​អំពី​អត្តសញ្ញាណ​របស់​បេក្ខជន ក្នុង​ការ​ផ្តល់​ពិន្ទុ។

បញ្ជាក់​បន្ថែម​ប្រាប់​កម្ពុជា​ថ្មី​ជុំវិញ​រឿង​នេះ ​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​ទាំង​៥​រូប​ លើក​ឡើង​ថា ​ការ​សរសេរ​លិខិត​អន្តរាគមន៍​នេះ ​មិន​មែន​សម្រាប់​តែ​ប្រយោជន៍​ពួកគេ​នោះ​ទេ គឺ​ដើម្បី​ប្រយោជន៍​ជា​រួម​ ចំពោះ​បេក្ខជន​ផ្សេងៗ​ទៀត ​ដើម្បី​ចម្រាញ់​រក​បេក្ខជន ​ដែល​មាន​សមត្ថភាព​ពិតៗ​ក្នុង​ការ​បម្រើ​ជាតិ ​បម្រើ​ប្រជាពលរដ្ឋ ​ក្នុង​គោលដៅ​កំណែ​ទម្រង់​ច្បាប់ ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ ស្រប​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ​​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាលទី៤។

ជាមួយ​គ្នា​នេះ ​ពួកគេ​សង្ឃឹម​ជឿ​ជាក់​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​  ដែល​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម ​នឹង​​​ជួយ​អន្តរាគមន៍​ទៅ​គណៈកម្មការ​នាយក​រៀប​ចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០ ដើម្បី​ជំរុញ​ឲ្យ​មាន​តម្លាភាព​លើ​លទ្ធផល​នៃ​ការ​ប្រ​ទ្ប​ង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​មួយ​នេះ។

ទាក់ទង​នឹង​បញ្ហានេះ កម្ពុជាថ្មីមិន​ទាន់​សុំ​ការ​អធិប្បាយ​ពី​គណៈកម្មការ​រៀប​ចំ​ការ​ប្រឡង​នៅ​ឡើយ​ទេ៕







ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114