​គូសវាសអនាគត​យើងបែបណាក្នុងសភាពមិនប្រាកដប្រជានេះ?
BREAKING NEWS
Search

​គូសវាសអនាគត​យើងបែបណាក្នុងសភាពមិនប្រាកដប្រជានេះ?

ជួនកាល ពេលវេលាដ៏អាក្រក់បំផុតក៏អាចជាពេលវេលាដ៏ល្អបំផុតដែរ។ ការ​ស្ម័គ្រចិត្តស្នាក់នៅក្នុងផ្ទះព្រោះតែការងារ​នៅផ្នែក​សាធារណៈ របស់គ្រប់គ្នាកំពុង​ត្រូវបានរំខានដោយជំងឺរាតត្បាតជារឿង​ដែលពីដំបូង​ៗ ធ្វើឱ្យ​យើង​ទំាងអស់គ្នារងរំខាន ធុញថប់ តែមិនយូរប៉ុន្មាន​យើងទម្លាប់វាបាន ​សឹងភ្លេចជីវភាព​កាលពីមុន។

ឥឡូវនេះ យើងទទួលស្គាល់ថា មនុស្ស​យើង​តែងតែអាចបត់បែននិងបន្សាំំបាន​យ៉ាងល្អ។

យើងមិនអាចចាប់យកនូវអ្វីៗដែលយើងធ្លាប់តែធ្វើបាន កាលពីប៉ុន្មានខែមុននេះ ហើយយើងក៏មិនបានជួបជុំគ្នាទទួលទានអាហារនៅហាង​នានា មើលកុន ដើរលេង ហូបចុកតាមចិញ្ចើមផ្លូវ វាហាក់គួរឱ្យអស់សំណើចពីដំបូង ដែលត្រូវញាំបាយផ្ទះ​បីពេល តែក្រោយមក​រឿង​ដែល​យើងកំពុងអស់សំណើច​បានក្លាយជាមកជាជីវិតពិត ដែលយើង​ត្រូវ​ទទួល​យក​វានិង​បន្សាំជាមួយវា។

មនុស្ស​យើង​អាចរស់បានជានិច្ច​ក្នុងស្ថានការណ៍​ណាក្តី លើកលែងតែ យើងគ្មាន​សេចក្តីសង្ឃឹម និងគ្មាន​ផែនការអនាគត។

ចុះពេលនេះ តើផែនការអនាគត​របៀបណាទៅ​ដែលយើងគួរប្រកាន់យក?

យើងមិនដឹងផង​ថាពេលណា​បានវ៉ាក់សាំង ពេលណា​អាចចេញក្រៅ​ដោយ​សេរី​​ពេលណា​លែងមានព័ត៌មាន​បោកបញ្ឆោត និងពេលណា​អាចចាកចេញពី​អារម្មណ៍ឯកោបាន?

មនុស្ស​យើងតែងតែមាន​សំណួរ​មិនចេះ​ចប់ទេ ពេលដែលកង្វះការលើកទឹកចិត្ត សូមលើកទឹកចិត្ត​ខ្លួនឯងឡើង ព្រោះ​យើងជាមនុស្សដំបូង​ដែលត្រូវជួយ​ខ្លួនឯង​ក្នុងការលៈទេសៈ​ដ៏លំបាកនានា។

សាកល្បងកសាងអនាគត​របស់យើងជាមួយ​គម្រោង​ទំាងនេះ៖

ទីមួយ ការពារខ្លួនយើងឱ្យបាន

អនាម័យ​និង​ប្រុងប្រយ័ត្នជាផ្នែកមួយ​នៃអនាគត​របស់យើង ប្រសិន​យើងគ្មាន​វា​ យើងគ្មានអនាគត។ រក្សាគម្លាត ពាក់ម៉ាស បោកខោអាវហាលចំពន្លឺថ្ងៃ សម្ងួតភួយខ្នើយ លាងសំអាត​បន្ទប់ កម្ចាត់បាក់តេរី ជាអ្វីដែលយើង​អាចធ្វើបាន។

ទីពីរ ពង្រឹងកាយនិងចិត្ត

សុខភាព​កាយ និងចិត្ត​ជាប្រភពនៃស្មារតីភ្លឺស្វាង។ រក្សាគំនិតសុទិដ្ឋិនិយម ដោយការចែករំលែក អានព័ត៌មាន​ត្រឹមត្រូវ និងជជែកពិភាក្សាជាមួយ​មិត្តភក្តិ​ដោយ​យកមកជាទុនក្នុងការ​កសាងអនាគតនិងផែនការរៀងខ្លួន។ ហាត់ប្រាណ​កាយនិងចិត្ត ដោយ​ការគេងបានគ្រប់គ្រាន់ ការបរិភោគល្អនិងការ​ទទួលទាន​ទឹកស្អាត។ សមាធិកាន់តែប្រសើរ។

ទីបី ចេះស្រលាញ់

សេចក្តីស្រលាញ់ធ្វើឱ្យសុខសាន្ត។ ស្រលាញ់ពេលនេះ​មិនមែន​លុយកាក់មិនមែន​ផ្ទះធំទ្រនំខ្ពស់ គឺស្រលាញ់មនុស្ស​ដែលចេះឈឺច្អាល យកចិត្ត​ទុកដាក់ចំពោះគ្នា។

ទីបួន រៀនជានិច្ច

សិក្សាអ្វីៗ​ថ្មីៗជាលទ្ធផល​នៃពេលវេលាក្នុងគ្រាលំបាក។​សិក្សាអ្វីក៏​ដោយ​វាធ្វើឱ្យអ្នកយល់ថា ខ្លួនឯងកំពុង​មានពេលវេលា​ដ៏មាន​តម្លៃមួយ។

ទីប្រាំ ចែករំលែកជានិច្ច

ការចែករំលែក​មិនបានធ្វើឱ្យ​អ្នកទទួលមាន​សុភមង្គលច្រើនជាងអ្នកឱ្យនោះទេ។

ទីប្រាំមួយ

ចាប់ផ្តើម​គម្រោងការរកស៊ីមួយថ្មី។​អ្នកប្រហែលជាមនុស្ស​ដំបូង​ដែលនឹកឃើញ ហើយកសាងបាននូវប្រត្តិសាស្ត្រ​មួយនេះឡើងមកមុនគេ។ គិតវា​ហើយជឿជាក់ថា នេះជាឱកាស​កម្រ​មួយ​សម្រាប់មនុស្ស​ដូចយើង​ដែលខ្វះឱកាសជាយូរណាស់មកហើយ។​

ចែករំលែក​អត្ថបទនេះ​ប្រសិនអ្នកយល់ថាមានប្រយោជន៍។

Mr Tomorrow