ចុះបើឪពុកម្ដាយ​មិន​គាំទ្រ​គោលដៅជីវិត​របស់កូន ធ្វើដូចម្តេចវិញ?

គ្រប់គ្នាមានគោលដៅជីវិត !ការធ្វើតាមសុបិនរបស់ខ្លួនបាន គឺជាជីវិត​ដ៏អស្ចារ្សមួយ។ មនុស្សណាគ្មាន​ក្តីស្រមៃ គ្មានគោលដៅច្បាស់លាស់ មែងតែងតែរស់នៅហាក់មិនមានន័យអ្វី ចំណាយពេលវេលាគ្មានប្រយោជន៍។​ល។

តែប្រសិនបើ​ឪពុកម្ដាយ​មិន​គាំទ្រ​គោលដៅ​របស់​អ្នក?

ខាងក្រោម​នេះ​ គឺ​ជា​គន្លឹះ​ទាំង ៥ យ៉ាង​ ដែល​អ្នក​គួរ​អាន​ ដើម្បី​ស្វែងយល់​ពី​ឪពុកម្ដាយ​អ្នក ៖

១. ស្វែងយល់​ពី​កង្វល់​របស់​ឪពុកម្ដាយ

បើ​ឪពុកម្ដាយ​ជំទាស់​នឹង​ជម្រើស​អាជីព​របស់​អ្នក​ សូម​ព្យាយាម​យល់​ពី​មូលហេតុ​ទាំង​នោះ​សិន។  សួរ​ខ្លួនឯង​ថា ហេតុអ្វី​ពួកគាត់​ជំទាស់​នឹង​អាជីព​ថ្មី​របស់​អ្នក?

ដោយសារ​តែ​ពួកគាត់​យល់​ថា ​អ្នក​នឹង​មិន​ទទួល​បាន​ប្រាក់​ចំណូល​ល្អ​ ហើយ​ថែម​ទាំង​គ្មាន​ស្ថិរភាព​និង​ហានិភ័យ​ថែម​ទៀត។ ​ស្ថិរភាព​ប្រាក់​ចំណូល ​គឺ​មាន​សារៈសំខាន់​នៅ​ក្នុង​ជីវិត ណាមួយ​គ្រប់យ៉ាង​ជា​ច្រើន​នៅ​ក្នុង​ជីវិត ដូចជា​ជម្រើស​លំនៅឋាន​ ការ​រស់នៅ​ប្រចាំថ្ងៃ​ ​គឺ​ត្រូវ​ពឹងផ្អែក​លើ​ប្រាក់ ​ទាំងស្រុង។

ឪពុកម្ដាយ​ដែល​មាន​វ័យ​ចំណាស់ តែងតែ​បាន​ឃើញ​បញ្ហា​ដែល​កើតមាន​ឡើង​ ដោយ​អស្ថិរភាព​ហិរញ្ញវត្ថុ​មុន​យើងទៅទៀត។

២. និយាយ​ជាមួយ​ឪពុកម្ដាយ

កុំ​ចាប់ផ្ដើម​ជាមួយ​ការ​ចោទ​ប្រកាន់​ពួកគាត់ ​ប៉ុន្តែ​ផ្ដោត​លើ​ការ​យល់ដឹង​ និង​ព្យាយាម​ស្វែងយល់​សួរ​ពួកគាត់​វិញ​ ហើយ​ពន្យល់​ពី​គោលបំណង​របស់​អ្នក ​ទៅ​កាន់​គាត់។ បន្ទាប់មក ​ស្ដាប់​ដោយ​មិន​លំអៀង​ទៅ​ម្ខាង​ទៀត ស្វែងយល់​ពី​ហេតុផល​របស់​គាត់។

វា​មិន​ចម្លែក​ឡើយ​ ដែល​យើង​ធំ​ឡើង​នៅ​យុគសម័យ​ខុស​គ្នា​ ពី​ឪពុកម្ដាយ​របស់​យើង។ ឪពុកម្ដាយ​របស់​យើង ​រស់នៅ​នៅ​ក្នុង​ពិភពលោក​មួយ ​ដែល​មិន​មាន​កុំព្យូទ័រ​និង​អ៊ីនធឺណិត។ ដោយសារ​​តែ​ពិភពលោក​ បាន​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង ​វា​បាន​នាំ​ឱ្យ​មាន​អាកប្បកិរិយា​ចិត្ត​គំនិត​ខុស​ៗ​គ្នា​ ពី​មួយ​ទៅ​មួយ​ជំនាន់ទៀត។

៣. អះអាង​ខ្លួនឯង​ឲ្យ​ពួកគាត់​ជឿជាក់

បើ​ឪពុកម្ដាយ​របស់​អ្នក​នៅ​តែ​ជំទាស់ ​សូម​គូស​បន្ទាត់​ ហើយ​ដាក់​ជំហរ​អះអាង​មួយ។ ឱ្យ​ពួកគាត់​ដឹង​ថា អ្នក​យល់​នឹង​ដឹង​ពី​គោលបំណង​ល្អ​របស់​គាត់​មក​លើ​អ្នក ​ប៉ុន្តែ​អ្នក​ក៏​ចង់​សាកល្បង​វា ​ហើយ​ស្វែងរក​ផ្លូវ​របស់​ខ្លួនឯង។

​ប្រាប់​ពួកគាត់​សូម​កុំ​បារម្ភ​ អ្នក​នឹង​ធ្វើ​ឱ្យ​ពួកគាត់​មាន​មោទនភាព​ចំពោះ​អ្នក ​ហើយ​​សង្ឃឹម​ថា​គ្រួសារ​នឹង​អាច​គាំទ្រ​គោលបំណង​មួយ​នោះ។

៤. ទោះបី​គ្មាន​ការ​យល់ព្រម​ពី​ឪពុកម្ដាយ​ត្រូវតែ​បោះ​ជំហាន​ទៅ​មុខ

ដើម្បី​ចាប់ផ្ដើម​ជោគជ័យ ​នៃ​គោលដៅ​របស់​អ្នក ​គឺ​មិន​អាស្រ័យ​លើ​ការ​យល់ព្រម​ពី​ឪពុកម្ដាយ​ឡើយ។ ទោះបី​ជា​ពួកគាត់​បណ្ដេញ​ចេញ​ពី​ផ្ទះ ​ឬ​កាត់​ប្រាក់​ចាយវាយ​ប្រចាំថ្ងៃ (បើ​អ្នក​នៅ​ពឹងផ្អែក​លើ​ហិរញ្ញវត្ថុ​ពួកគាត់) អ្នក​ត្រូវ​តែ​​បន្ត​ដំណើរ​ទៅមុខ ​ទោះបី ​​គ្មាន​ពរ​ជ័យ​ពី​ពួកគាត់​ក៏ដោយ។

៥. និយាយ​តិច​មាន​សកម្មភាព​ច្រើន

និយាយ​ច្រើន​គឺ​គ្មាន​ន័យ​ទេ ​​បើ​មិន​លេចចេញ​ជា​លទ្ធផល​បង្ហាញ​ពួកគាត់។ ប្រសិន​បើ​អ្នក​ព្យាយាម​និយាយ ​ប៉ុន្តែ​ឪពុកម្ដាយ​មិន​ស្ដាប់​ សូម​ធ្វើ​ឲ្យ​គោលដៅ​របស់​អ្នក​សម្រេច​សិន​ ហើយ​បង្ហាញ​លទ្ធផល​ទាំងនោះ​ប្រាប់​ពួកគាត់។

ចង់​ឲ្យ​ឪពុកម្ដាយ​ជឿជាក់​លើ​អ្នក ​ចូរ​បង្ហាញ​ពួកគាត់​ពី​មូលហេតុ​ដែល​អ្នក​សម​នឹង​ទទួល​បាន​ ពី​គោលដៅ​មួយ​នោះ៕

ចុចអាន៖ទៅសម្ភាសន៍សុំទិដ្ឋាការ​នៅ​ស្ថានទូតកុំប្រហែស​ធ្វើកំហុស​៥យ៉ាង​នេះឱ្យសោះ

ចុចអាន៖ការនិយាយជាសាធារណៈប្រកបដោយប្រសិទ្ធិភាពចូរប្រើវិធីទំាងនេះ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ