មុខវិជ្ជាចាំបាច់ ៥  យ៉ាងដែលក្នុងសាលាមិនបានបង្រៀនយើង

នៅក្នុងជីវិតមនុស្ស​ភាគច្រើនបាន​ចំណាយពេលផ្តោតលើការរៀនសូត្ររហូតដល់ ១២ ឆ្នាំ ចំណេះទូទៅ​និង​ ៤ ឆ្នាំទៀតនៅថ្នាក់ឧត្តម ឬអាចលើសពីនេះក្នុងគោលបំណងចង់មានជំនាញ​ច្បាស់ ទីផ្សារ​ការងាររឹងមាំមានស្ថិរភាពជីវិតនិងការ​រស់នៅ​កាន់តែប្រសើរ។

ប៉ុន្តែនៅមានរឿងជាច្រើនទៀតដែលសាលាមិនបានបង្រៀន ហើយមុខវិជ្ជាសំខាន់ៗទាំងនោះយើងត្រូវដឹង ដោយដកពិសោធន៍ ពិ​សេសការអានសៀវភៅ។

១. ការគ្រប់គ្រងពេលវេលា

សិស្សសាលា និងនិស្សិតសកលវិទ្យាល័យជាច្រើនកំពុងតែខ្ជះខ្ជាយពេលវេលារបស់ពួកគេ ដោយមិនចេះគ្រប់គ្រងវាឲ្យបានត្រឹមត្រូវ។ គ្រូដាក់ការងារឲ្យធ្វើរយៈពេល ៣ សប្តាហ៍ ប៉ុន្តែសិស្សចាប់ផ្តើមធ្វើកិច្ចការទាំងនោះនៅថ្ងៃជិតផុតកំណត់ ២ ឬ ៣ ថ្ងៃ ឬមួយយប់មុនគ្រូប្រមូលកិច្ចការ។ ទោះបីគ្មានមុខវិជ្ជានេះនៅសាលារៀនក៏ដោយ យើងទាំងអស់គ្នាគួរតែរៀនប្រើពេលវេលាដែលមានឲ្យបានល្អដើម្បីកុំឲ្យស្ដាយក្រោយទៅថ្ងៃមុខ។

២. ការគ្រប់គ្រងលុយកាក់

 

នៅសាលាភាគច្រើនបង្រៀនតែទ្រឹស្តី បង្រៀនពីការវិនិយោគ ប៉ុន្តែគ្រូដែលជាអ្នកបង្រៀនមិនធ្លាប់វិនិយោគអ្វីសោះ ឬក៏ធ្លាប់ខ្លះ តែបរាជ័យ។ សាលាបង្រៀនពីចំណេះដឹងជាច្រើនថា វាគឺជាអ្វី ប៉ុន្តែមិនបានបង្រៀនពីរបៀបយកចំណេះដឹងទាំងនោះទៅប្រើក្នុងសង្គមជាក់ស្តែងដោយរបៀបណានោះទេ។

យ៉ាងណាក្ដី ការយល់ដឹងពីរឿងលុយសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់សម័យកាល ដូច្នេះទោះសាលាមិនបង្រៀនក្ដី ខ្លួនយើងផ្ទាល់គួរចេះ​ទុកដាក់ ចាយវាយ និងសន្សំលុយ ដោយខ្លួនឯង ដើម្បីមានទ្រព្យទុកប្រើប្រាស់ឲ្យបានគ្រប់គ្រាន់សម្រាប់ថ្ងៃនេះ និងថ្ងៃអនាគត។

៣. សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ

សុខភាពផ្លូវចិត្តមានសារសំខាន់ណាស់សម្រាប់មនុស្សគ្រប់វ័យ ជាពិសេសយុវវ័យបច្ចុប្បន្ន។ នៅសាលាក្រៅពីមិនបង្រៀនពីរបៀបថែទាំផ្លូវចិត្ត ពួកគេនៅដាក់សម្ពាធឲ្យសិស្សថែមទៀតផង។ មានរឿងជាច្រើន ដែលនាំឲ្យមនុស្សកើតជំងឺផ្លូវចិត្តដោយមិនដឹងខ្លួន។ដូច្នេះមុននឹងឈានដល់កើតជំងឺផ្លូវចិត្ត យើងគួរតែត្រូវបានគេបង្រៀនតាំងពីក្មេងមកម្លេះ។ ដូចនេះការរៀនឲ្យដឹងពីរបៀបថែទាំសុខភាពផ្លូវចិត្ត និងរាងកាយខ្លួនឯង ព្រមទាំងវិធីសង្គ្រោះបឋម អាចជួយឲ្យយើងចៀសផុតពីបញ្ហាសុខភាពបានកាន់តែល្អ។

៤. ការជ្រើសរើសគូជីវិត

យុវវ័យជំនាន់ថ្មីធំធាត់ឡើងដោយមាន Facebook, Instagram និងវិធីជាច្រើនទៀតដែលពួកគេអាចបង្កើតទំនាក់ទំនងស្នេហា។ ជួនកាលពួកគេសម្រេចចិត្តរៀបការដោយសារអារម្មណ៍ស្រលាញ់ ប៉ុន្តែមិនបានគិតថាពួកគេអាចរស់នៅចុះសម្រុងជាមួយគ្នារហូតដល់ចាស់នោះទេ។ ដូច្នេះការលែងលះក៏កើតមានឡើង បើទោះបីជាគូស្នេហ៍ទាំងនោះ មិនចង់រៀបការម្តងជាពីរដងក៏ដោយ។

ជីវិតស្នេហា និងគ្រួសារគឺជារឿងសំខាន់ណាស់ក្នុងជីវិត ហើយបញ្ហាកើតឡើងនៅពេលអ្នករើសគូស្រករខុស។ នៅតាមសាលាពុំមានមុខវិជ្ជារើសគូស្រករទេ ហេតុនេះយុវវ័យគួរស្ដាប់ដំបូន្មានចាស់ៗនិងអានសៀវភៅពាក់ព័ន្ធនឹងជីវិតអាពាហ៍ពិពាហ៍ឲ្យបានច្រើន ដើម្បីចៀសវាងស្នេហាមិនសមបំណង។

៥. របៀបភ្ជាប់ទំនាក់ទំនងនៅក្នុងសង្គម

របៀបភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជារឿងសំខាន់ដែលនាំយើងឆ្ពោះទៅរកភាពជោគជ័យនៅក្នុងសង្គម។ មានវិធីសាស្ត្រជាច្រើនដើម្បីបង្កើតទំនាក់ទំនងជាមួយមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ ប៉ុន្តែសាលាមិនបានបង្រៀនអ្នកនោះទេ។ បើសាលាមិនបង្រៀន យើងត្រូវរៀនដោយខ្លួនឯង រៀនឲ្យចេះភ្ជាប់ជាមិត្តនិងជាបណ្ដាញជាមួយគេឲ្យបានច្រើន ដើម្បីឲ្យការសិក្សា ការធ្វើការ និងការរកស៊ីនៅថ្ងៃអនាគតទទួលជោគជ័យ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ The Guardian

ចុចអាន៖ ប៉ុន្មាន​ចំណុច​នេះ​សំខាន់​ណាស់ អាជីវកម្មស្លាប់ឬរស់ ត្រូវ​ស្វែង​យល់​ឲ្យ​ច្បាស់​

ចុចអាន៖ គន្លឹះ​​​​គ្រប់គ្រង​លុយ​ ៦ យ៉ាង​​​​ធ្វើ​​ឲ្យ​សេដ្ឋីៗ​​កាន់​តែ​មាន​​ខ្លាំង