BREAKING NEWS
Search

ចូលចិត្ត​ញ៉ាំ​អាហារ​សមុទ្រ​ឆៅ ប្រយ័ត្ន​ផង អាច​កើត​ជំងឺ​ច្រើន​មុខ​ណាស់

មិន​ខុស​ទេ អាហារ​សមុទ្រ​ល្អ​ខ្លាំង​ចំពោះ​សុខភាព ព្រោះ​សារធាតុ​ចិញ្ចឹម និង​ប្រូតេអ៊ីន​ច្រើន ពិសេស​មិន​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ​ទៀត​ផង។ ប៉ុន្តែ​គុណ​ប្រយោជន៍​ភាគ​ច្រើន​ពី​អាហារ​សមុទ្រ គឺ​សម្តៅ​លើ​អាហារ​ឆ្អិន​ល្អ​ប៉ុណ្ណោះ សម្រាប់​អាឆៅ​វិញ ទោះ​ជា​ជួយ​សុខភាព​បាន ប៉ុន្តែ​ក៏​អាច​ប្រឈម​ឆ្លង​ជំងឺ​ច្រើន ពិសេស​ជំងឺ​ទាក់​ទង​នឹង​អាហារ​តែ​ម្តង។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ឲ្យ​គ្នា​យើង​បាន​ដឹង​ខ្លះៗ។

១- ជំងឺ​បង្ក​ដោយ​​បាក់តេរី និង​ប៉ារ៉ាស៊ីត
ញ៉ាំ​អាហារ​សមុទ្រ​ឆៅ អាច​បង្ក​ឲ្យ​កើត​ជំងឺ​ជាច្រើន ហើយ​ជំងឺ​ភាគ​ច្រើន​ឧស្សាហ៍​ជួប​ប្រទះ​បំផុត មាន​ដូច​ជា ជំងឺសើ​ស្បែក Staphylococcus (ខ្ទុះ​ក្នុង​ស្បែក) ជំងឺ​ឆ្លង​បាក់តេរី​ពី​អាហារ ពិសេស​បាក់តេរី Listeria បាក់តេរី Salmonella និង​ពពួក Vibrio parahaemolyticus ​ជាដើម។ លើស​ពី​នេះ ប៉ារ៉ាស៊ីត​ជាច្រើន សុទ្ធ​ត្រូវ​រក​ឃើញ​ក្នុង​សាច់​ត្រី​ឆៅ ដែល​អាច​បង្កឲ្យយើង​កើត​ជំងឺ​មួយ​ប្រភេទ​ហៅ​ថា Anisakiasis larvae (ឆ្លង​ព្រូន​ពី​សាច់​ត្រី​ឆៅ)។

ពពួក​បាក់តេរី Campylobacter jejuni និង Vibrio vulnificus សម្បូរ​ក្នុង​សាច់​គ្រឿង​សមុទ្រ​ឆៅ ក៏​អាច​បង្ក​ឲ្យ​យើង​កើត​ជំងឺ​ទាក់​ទង​នឹង​អាហារ​ដូច​គ្នា (food-borne illnesse)។

២- រោគ​សញ្ញា
រោគ​សញ្ញា​ជំងឺ​ទាក់​ទង​នឹង​អាហារ មាន​ដូច​ជា ក្អួត​ចង្អោរ ឈឺក្រពះ រាក គ្រុន​ក្តៅ និង​គ្រុន​ញ៉ាក់​ជាដើម ហើយ​ជាធម្មតា​តែង​កើត​មាន ចន្លោះ​ពី ១២ម៉ោង ទៅ ៥ថ្ងៃ ក្រោយ​ញ៉ាំ​គ្រឿង​សមុទ្រ​ឆៅ​ដែល​មាន​ផ្ទុក​បាក់តេរី និង​ប៉ារ៉ាស៊ីត​ទាំង​នោះ។ គ្នា​យើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ឬកំពុង​ស្ថិត​ក្នុង​ស្ថានភាព​សុខភាព​ណា​មួយ ដូច​ជា ជំងឺ​ថ្លើម​ជាដើម​នោះ កាន់​តែ​ប្រឈម​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ ឬ​អាច​ឈាន​ដល់​ស្លាប់​ក៏​មាន។ ជំងឺ​បង្ក​ដោយ​បាក់តេរី Listeria ពី​អាហារ​សមុទ្រ​ឆៅ ក៏​អាច​បង្ក​ទៅ​ជា​រលូត​កូន​ថែម​ទៀត​ផង។

៣- វិធីការពារ

ដើម្បី​គេច​ផុត​ពី​បញ្ហា​សុខភាព​បង្ក​​ដោយ​អាហារ​សមុទ្រ វិធី​ល្អ​បំផុត យើង​អាច​ញ៉ាំ​អាហារ​ទាំង​នោះ ដោយ​ចម្អិន​ឲ្យ​បាន​ត្រឹម​ត្រូវ។ ទោះ​ជា​យ៉ាង​ណា បើ​យើង​ចង់​ញ៉ាំ​អាហារ​សមុទ្រ​ឆៅ ក៏​គួរ​តែ​បង្កក​អាហារ​ទាំង​នោះ​ជា​មុន នៅ​សីតុណ្ហភាព២០អង្សាសេ​ក្រោម​សូន្យ​ (-២០អង្សាសេ) និង​ត្រូវ​ទុក​ក្នុង​សីតុណ្ហភាព​នោះយ៉ាងហោច​ណាស់ ៧ថ្ងៃ រង់ចាំ​រហូត​ទាល់​តែ​ហានិភ័យ​ឆ្លងបាក់តេរី ធ្លាក់​ដល់​កម្រិត​ទាប​បំផុត។ បើ​គ្នា​យើង ញ៉ាំ​អាហារ​សមុទ្រ​ឆៅ ដូច​ជា Sushi ត្រូវ​ប្រាកដ​ថា អាហារ​សមុទ្រ​ទាំង​នោះ​ត្រូវ​គេ​បង្កក​​ត្រឹម​ត្រូវតាម​ស្តង់​ដារ​ណែនាំ។

៤- ចំណុច​គួរ​ពិចារណា
ស្រី​ៗមាន​ផ្ទៃ​ពោះ មនុស្សវ័យចំណាស់និង​គ្នា​យើង​មាន​ជំងឺ​ថ្លើម ទឹក​នោម​ផ្អែម មហារីក បញ្ហា​ប្រព័ន្ធ​ភាពស៊ាំ ជំងឺលើស​ជាតិ​ដែក​ក្នុង​ឈាម ឬ​ជំងឺ​ក្រពះ គួរ​តែ​កុំ​ញ៉ាំ​គ្រឿង​សមុទ្រ​ឆៅ ឬ​ចម្អិន​មិន​ឆ្អិនឲ្យ​សោះ ព្រោះ​អាចនឹង​បង្ក​ឲ្យ​មាន​ជំងឺ​ពាក់​ព័ន្ធ​អាហារ​កាន់​តែ​ស៊ាំ​ញ៉ាំ។

អាហារ​សមុទ្រ​មួយ​ចំនួន គឺ​មាន​ផ្ទុក​កម្រិត​ជាតិ​បារត​ខ្ពស់ បើ​ទោះ​ជា​យើង​ញ៉ាំ​​ឆៅ ឬ​ញ៉ាំ​ឆ្អិន​ក៏​ដោយ ហេតុ​នេះ គ្នា​យើង​ត្រូវ​តែ​ពិចារណា​ឲ្យច្បាស់ ឬ​អាច​ប្រឹក្សា​ជាមួយ​ក្រុមគ្រូពេទ្យ​ពី​ប្រភេទ​អាហារ​សមុទ្រ​យើង​អាច​ញ៉ាំ​បាន ដើម្បី​បង្កាហានិភ័យ​ប្រតិកម្ម​ជាមួយ​អាហារ​សមុទ្រ​ទាំង​នោះ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ របបអាហារ​ត្រឹម​ត្រូវ ក្រៅពីជួយដល់សុខភាពផ្លូវកាយ នៅជួយ​អ្វីបាន​ទៀតឬអត់?

សូមចុចអាន៖ ការសិក្សា៖ អ្នកដែលឆ្ងាញ់នឹងរសជាតិហឹរ ចូលចិត្តម្ទេស អាចប្រឈមបាត់ការចងចាំ