BREAKING NEWS
Search

ជំនាញ​កាច់​សោ​​.ក​ម៉ូតូ​យក​អស់​៥​លើក ​ចូល​លើក​ទី​៦ ​សមត្ថកិច្ច​តាម​ក្របួច​ជាប់

បាត់ដំបង ​៖​ ​ជនសង្ស័យ​០២​នាក់ ​ដែល​ជា​មុខសញ្ញា​ចោរកម្ម​ជំនាញ​ផ្នែក​ខាង​កាច់​សោ​​.ក​ម៉ូតូ​ ត្រូវ​បាន​សមត្ថកិច្ច​តាម​ក្របួច​ជាប់ ខណៈ​​​ពួកគេ​ បាន​ធ្វើ​សកម្ម​ភាពជា​លើក​ទី​៦​នេះ​ ហើយ​គេចខ្លួន​បាន​មួយ​រយៈពេល​នោះ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ សមត្ថកិច្ច​ បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៤ ​ខែ​​កុម្ភៈ ​ឆ្នាំ​២០២០​នេះ​ថា​​​កាលពី​ថ្ងៃទី​១២​ ខែ​​កុម្ភៈ ​ឆ្នាំ​២០២០​នៅវេលា​ម៉ោង​១២​និង​៤០​នាទី​ សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការ​ខេត្ត​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​ពាក់ព័ន្ធ​នឹង​អំពើចោរកម្ម។

សមត្ថកិច្ច​បន្ត​ថា​ ជន​សង្ស័យ​ទាំងពីរ​នាក់​ ដែល​ត្រូវបាន​ឃាត់ខ្លួន​រួមមាន​១/​ឈ្មោះ​ជា​.​ឆេង​ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ​រស់នៅក្នុង​ខេត្ត​(​កំពង់ឆ្នាំង​)​ បច្ចុប្បន្ន​រស់នៅ​បន្ទប់​ជួល​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​រំចេក​៣​សង្កាត់​រតន​:​ក្រុង​ /​ខេត្តបាត់ដំបង​(​ជា​អ្នកធ្វើ​សកម្មភាព​ចោរកម្ម​)​។ ​២/​ឈ្មោះ​ហេង​.​ស​ន្ថា​ ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​៣​ សង្កាត់​រតនៈ​ ក្រុង​/​ខេត្ត​បាត់ដំបង​(​ជា​អ្នក​ទទួលផល​ចោរកម្ម)។

លោក​ឈឿង​. ​គឹម​សុង​ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ខេត្ត​ បាន​ឲ្យ​ដឹង​ដែរ​ថា​: ​ករណី​ទី​១​កាលពី​ថ្ងៃទី​១២ ​ខែកុម្ភៈ​ ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ​ នៅ​វេលា​ម៉ោង​០៨​និង​៤០​នាទី​ការិយាល័យ​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ឈ្មោះ​ឃុន​.​សុខលី​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ក្តុល ​សង្កាត់​ក្តុល​ដូនទាវ​ ក្រុង​ខេត្ត​បាត់ដំបង​ថា​ខ្លួន​បាន​បាត់​ម៉ូតូ​១​គ្រឿង​ម៉ាក​ZoomerX​ ពណ៌​ស្វាយ​លាយ​ស​ស៊េរី​ឆ្នាំ​២០១៨​ ពាក់​ស្លាក​លេខ​បាត់ដំបង​IAC.958​ លេខ​តួ​ម៉ាស៊ីន​(5014992)។

ក្នុង​ពាក្យបណ្តឹង​នោះ ​ជនរងគ្រោះ​បាន​រៀបរាប់​ថា​ កាលពី​ថ្ងៃទី​១១​ ខែ​កុម្ភៈ ​ឆ្នាំ​២០២០ ​វេលា​ម៉ោង​១២​និង​៤៣​នាទី ​ពេល​ខ្លួន​ជិះ​មក​ធ្វើការ​នៅ​សាលារៀន​(​ឌូ​វី​)​ ស្ថិតនៅ​ភូមិ​រំចេក​៤ ​សង្កាត់​រតនៈ ​ក្រុង​ខេត្ត​បាត់ដំបង​ ដោយ​ទុក​ម៉ូតូ​នៅ​ក្នុង​បរិវេណ​សាលា​នោះ ​រួច​ក៏​ចូល​ទៅ​ធ្វើការ​រហូតដល់​ម៉ោង​១៧​និង​០០​នាទី។ ពេល​ខ្លួន​(​ជនរងគ្រោះ​)​ចេញមក​យក​ម៉ូតូ​ តែ​មិនឃើញ ​ក៏​ឆែក​កាមេរ៉ា​សុវត្ថិភាព​នៅ​វេលា​ម៉ោង​១២​និង​៤៣​នាទី ​ស្រាប់តែ​ឃើញ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ​បានធ្វើ​សកម្មភាព​(​កាច់​សោ​.ក​យក​ម៉ូតូ​)​ជិះ​គេចខ្លួនបាត់​ ទើប​ខ្លួន​មក​ដាក់ពាក្យ​ប្តឹង​ដល់​សមត្ថកិច្ច​តែម្តង។

លោក​ឈឿង​.​គឹម​សុង​បន្តថា​:​ ករណី​ទី​២​កាលពី​ថ្ងៃទី​០១​ ខែកុម្ភៈ ​ឆ្នាំ​២០២០​កន្លងទៅ​នៅ​វេលា​ម៉ោង​០៩​និង​០៥​នាទី ​ការិយាល័យ​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ​វ៉ន​.​ចាន់​ភេទ​ស្រី​អាយុ​២៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​រំចេក​៣​សង្កាត់​រតនៈ​ក្រុង​/​ខេត្តបាត់ដំបង​ថា ​ខ្លួន​បាន​បាត់​ម៉ូតូ​១​គ្រឿង​ZoomerX​ពណ៌​ក្រហម​លា​យស​ស៊េរី​ឆ្នាំ​២០១៨​ពាក់​ស្លាក​លេខ​បាត់ដំបង​1AC.6993​លេខ​តួ​.​ម៉ាស៊ីន​50.6077​កាលពី​ថ្ងៃទី​៣១ ​ខែមករា ​ឆ្នាំ​២០២០​ នៅវេលា​ម៉ោង​២១​និង​១០​នាទី​ ពេល​ខ្លួន​មក​ធ្វើការ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​(​ប៊ី​ន​សេស​)​ស្ថិតនៅ​ភូមិ​រំចេក​៤​សង្កាត់​រតនៈ​ក្រុង​/​ខេត្តបាត់ដំបង​ ដោយ​ទុក​ម៉ូតូ​នៅក្នុង​បរិវេណ​នោះ​រួច​ក៏​ចូលធ្វើការ​រហូតដល់​ម៉ោង​១​យប់​ចេញមក​យក​ម៉ូតូ​ស្រាប់តែ​បាត់​ម៉ូតូ​តែម្តង​។​

លោក​ឈឿង​.​គឹម​សុង​បន្តថា​ក្រោយពី​បានទទួល​បណ្តឹង​របស់​ជនរងគ្រោះ​ទាំងពីរ​ខាងលើ​ការិយាល័យ​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​បានធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃទី​១២ ​ខែកុម្ភៈ​ ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ ​នៅវេលា​ម៉ោង​១២​និង​៤៣​នាទី ​សមត្ថកិច្ច​ បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​០២​នាក់​ខាងលើ​តែម្តង។

លោក​បន្តថា​ ក្រោយពី​សមត្ថកិច្ច​បាន​ប្រគល់​ម៉ូតូ​ទាំងពីរ​គ្រឿង​ដល់​ជនរងគ្រោះ​ទាំងពីរ​វិញ​ សមត្ថកិច្ច​ត្រៀម​នឹង​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ផងដែរ​ក្រោយ​កសាង​សំណុំរឿង​រួចរាល់៕
សៅ សារិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114