អ្នកកាន់ទិដ្ឋាការរយៈពេលវែងតម្រូវឲ្យឆ្លងកាត់ការត្រួតពិនិត្យសុខភាពមុនពេលវិលត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញ

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលដែលបានផ្សព្វផ្សាយតាមអ៊ីនធឺណិតបានឲ្យដឹងថា អ្នកតាំងទីលំនៅបរទេសដែលមានរយៈពេលយូរអង្វែងនៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងត្រូវការលិខិតអនុញ្ញាតឲ្យចូលប្រទេសសាជាថ្មីមុនពេលចាកចេញពីប្រទេស និងការពិនិត្យសុខភាពមុនពេលវិលត្រឡប់ទៅវិញដើម្បីជួយទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា ។

ស្ថានទូតបរទេសមួយចំនួនបានចាប់ផ្តើមចេញសេចក្តីជូនដំណឹងនេះដែលចុះកាលបរិច្ឆេទកាលពីថ្ងៃព្រហស្បតិ៍ ហើយគោលនយោបាយថ្មីនេះត្រូវបានគូសបញ្ជាក់ជាភាសាកូរ៉េនៅលើគេហទំព័ររបស់ក្រសួងការបរទេស ។

នៅពេលសាកសួរអំពីសេចក្តីជូនដំណឹងនេះសេតវិមានប្រធានាធិបតីកាលពីថ្ងៃសុក្របានបញ្ជាក់ពីការផ្លាស់ប្តូរនេះ ប៉ុន្តែបាននិយាយថា ក្រសួងយុត្តិធម៌នឹងធ្វើការប្រកាសជាផ្លូវការមួយដែលអាចនឹងកើតឡើងនៅថ្ងៃអាទិត្យ ។

យោងតាមសេចក្តីជូនដំណឹងដែលចាប់ផ្តើមពីថ្ងៃទី ១ មិថុនាបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងនឹងតម្រូវឲ្យមានការអនុញ្ញាតឲ្យចូលប្រទេសវិញជាបណ្តោះអាសន្នដែលជាធម្មតាត្រូវបានលើកលែងសម្រាប់អ្នកកាន់ទិដ្ឋាការរយៈពេលវែង ។ ប្រសិនបើការអនុញ្ញាតមិនត្រូវបានទទួលនៅការិយាល័យអន្តោប្រវេសន៍ក្នុងតំបន់មុនពេលចាកចេញពីប្រទេសកូរ៉េនោះទេអ្នកតាំងទីលំនៅនឹងបាត់បង់ទិដ្ឋាការរបស់ពួកគេ ។

បទប្បញ្ញត្តិនេះមិនអនុវត្តចំពោះទិដ្ឋាការការទូតផ្លូវការ ឬទិដ្ឋាការកូរ៉េនៅបរទេសនោះទេដែលត្រូវបានផ្តល់ឲ្យប្រជាជនដែលមានឪពុកម្តាយ ឬជីដូនជីតាបរទេសដែលធ្លាប់មានសញ្ជាតិកូរ៉េ ។

ទន្ទឹមនោះមុនពេលវិលត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញប្រជាជននឹងត្រូវឆ្លងកាត់ការពិនិត្យសុខភាព ហើយបន្ទាប់មកត្រូវបង្ហាញលិខិតបញ្ជាក់ដែលបានចុះហត្ថលេខាដល់មន្រ្តីអន្តោប្រវេសន៍នៅពេលមកដល់ ។

ស្ថានទូតឥណ្ឌាប្រចាំនៅកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការធ្វើរោគវិនិច្ឆ័យត្រូវសរសេរជាភាសាអង់គ្លេស ឬកូរ៉េដែលចុះហត្ថលេខាដោយអ្នកពិនិត្យសុខភាព និងចេញដោយស្ថាប័នវេជ្ជសាស្ត្រ ។

ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ២៣ ករណីកាលពីថ្ងៃសៅរ៍ដែលបាននាំមកនូវចំនួនសរុបដល់ ១១១៦៥ នាក់ជាមួយនឹងការស្លាប់ចំនួន ២៦៦ នាក់ ៕ REUTERS

អ្នកធ្វើដំណើរម្នាក់បានដើរកាត់ទាហានកូរ៉េខាងត្បូងដែលបានប្រមូលផ្ដុំគ្នាដើម្បីធ្វើការងារបាញ់ថ្នាំសម្លាប់មេរោគនៅអាកាសយានដ្ឋានអន្តរជាតិ ។ (រូប REUTERS)

ប្រែសម្រួល៖ ជីវ័ន្ត