អាមេរិករឹតតែធ្ងន់ហើយ!កាលីហ្វ័រនីញ៉ាកើនការឆ្លងឡើងជិត ២២ភាគរយត្រឹម២៤ ម៉ោង

មន្រ្តីមូលដ្ឋាននៅកាលីហ្វ័រញ៉ាបញ្ចេញ​របាយការណ៍គួរឱ្យភ្ញាក់ផ្អើលថា អត្រាឆ្លងCovid-19ហក់ឡើងដល់​៣.៨៩៤ នាក់កាលពីបិទបញ្ជី​យប់ថ្ងៃថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ទោះបីជាមានការបញ្ជាឱ្យបិទអាជីវកម្មនឹងនៅក្នុងផ្ទះជាង១០ថ្ងៃមកហើយក៏ដោយ ក៏ឥឡូវរដ្ឋបាលមូលដ្ឋាន​បញ្ជាក់ថាមានការឆ្លងកើនឡើងជិត ២២ ភាគរយក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង។
មន្ត្រីសុខាភិបាលបារម្ភថា និន្នាការនេះធ្វើឱ្យរដ្ឋកាលីហ្វ័រនីញ៉ាដើរលើផ្លូវស្រដៀងគ្នា​ទៅនឹងទីក្រុងញូវយ៉កដែលជាទីកន្លែង​កំពុងរងគ្រោះខ្លាំងជាងគេបង្អស់នៅអាមេរិក។
ពួកគេបានបន្ថែមថា អត្រាគំហុកនេះ អាចសង្កត់មន្ទីរពេទ្យនានាក្នុងទីក្រុងធំ ៗ នៅរដ្ឋកាលីហ្វ័រញ៉ាឱ្យទុញទ័លបាន គឺទប់មិនបាន​ប៉ុន្មានសប្តាហ៍ទៀតទេ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយមានករណីឆ្លងថ្មី​ទើប​រកឃើញ ចំនួនជាង ១.២០០ បន្ថែមទៀត អភិបាលក្រុងសាន់ហ្វ្រាន់ស៊ីស្កូបាននិយាយថា បើនិន្នាការនៅតែបន្តនោះ ទីក្រុងនេះ ត្រូវការគ្រែនៅមន្ទីរពេទ្យយ៉ាងតិចចំនួន ៥,០០០ បន្ថែមទៀត ក៏ដូចជាបំពង់ខ្យល់អុកស៊ីសែនចំនួន ១.៥០០បន្ថែមយ៉ាងហោច។

នៅទីក្រុងឡូសអង់សឺឡែស ដែលជាទីក្រុងធំទី ២ របស់ប្រទេសនេះ ស្ថានការណ៍កាន់តែអាក្រក់ទៅ ៗ រហូត​ដល់លោក Eric Garcetti អភិបាលក្រុងនិយាយថា Covid19វានឹងមិនសម្លាប់យើងនៅឡើយ​ទេ ប៉ុន្តែវានឹងសម្លាប់មនុស្សជុំវិញយើងក្នងទំហំរន្ធត់មួយ។
យោងតាម លោកវេជ្ជបណ្ឌិតម៉ាកហ្គោលី រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងសេវាមនុស្សសាស្ត្រក៏ជាទីប្រឹក្សាវេជ្ជសាស្រ្តរបស់រដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា «ដំបូងៗយើងព្យាករណ៍ថា វានឹងកើនឡើងទ្វេដងរៀងរាល់ពី ៦ ទៅ ៧ ថ្ងៃ។ ឥឡូវនេះ ការកើនឡើងទ្វេដង នៅរៀងរាល់បីទៅបួនថ្ងៃប៉ុណ្ណោះ»។ SCMP

ឡាហ្សូលី