ស្រលាញ់គ្នា៧ឆ្នាំ គ្រួសារដឹងឮ ចុងក្រោយទំាងម្តាយទំាងកូន​រៀបគម្រោង​បោកយកដីខ្ញុំ
BREAKING NEWS
Search

ស្រលាញ់គ្នា៧ឆ្នាំ គ្រួសារដឹងឮ ចុងក្រោយទំាងម្តាយទំាងកូន​រៀបគម្រោង​បោកយកដីខ្ញុំ

លិខិតប្រិយមិត្តកម្ពុជាថ្មី៖

ខ្ញុំឈ្មោះ សុខាណា​អាយុ៣២ឆ្នាំហើយ។ ខ្ញុំមានរឿងពិតនៃដំណើរជីវិតចាញ់បោកគេទំាង​ម្តាយទំាងកូនកាលពីជាង​១០ឆ្នាំមុន។ ខ្ញុំលើកមកចែករំលែកនៅទំព័រនេះសូមមិត្តៗអ្នកដែលកំពុងអានសំណេរខ្ញុំពិចារណាតាមការគួរ​ថា នេះទុកជាមេរៀនជីវិត​បានដែរទេ?

កាលពីឆ្នាំ​២០០៦ខ្ញុំធ្វើការ​នៅគ្រឹះស្ថានឥណទាន​មួយ ស្គាល់គ្នាជាមួយ​មនុស្សប្រុសម្នាក់អាយុស្រករគ្នា (កើតឆ្នាំថោះដូចគ្នា)។ យើងបានជំពាក់ចិត្ត​នឹងគ្នា​រួច​ក៏ទាក់ទងជាសង្សារហូតមានចាស់ទុំដឹងឮ។​

គេមានតែម្តាយ ចំណែកខ្ញុំមានទំាងពីរ ប៉ុន្តែពុកម៉ែនៅខេត្ត គេវិញម្តាយមានផ្ទះនៅម្តុំបឹងទំពុនភ្នំពេញ។​ គេជាកូនប្រុសច្បង មាន​ប្អូនស្រីៗបីនាក់នៅរៀនទំាំងអស់។ គ្រួសារនេះ​ស្គាល់ដំបូង​ដូចល្អណាស់​ សម្តីពិរោះ​ណាស់ ម្តាយគេ​តែងតែនិយាយល្អៗមករកខ្ញុំហើយនិយាយអំពីអនាគតរវាងខ្ញុំនឹងកូនគាត់។

រយៈពេល៧ឆ្នាំ យើងសេពគប់គ្នា គាត់មិនដែលចូលស្តីដណ្តឹងឬឡើងទៅលេងផ្ទះស្គាល់ឳពុកម្តាយ​ខ្ញុំទេ ដោយលើកលេសថា ចាំទៅលើកជំនូនទៅដណ្ដឹងតែម្តងពេលយើងមាន​លុយរៀបការ​។

ខ្ញុំមិនដែលសង្ស័យទេព្រោះគាត់តែងតែ​និយាយល្អនឹង​ហៅពួកយើងញាំបាយផ្ទះគាត់។

ក្រោយមកគាត់បបួលខ្ញុំ(ម្តាយខាងប្រុស)ចូលលុយគ្នាទិញដី​មួយកន្លែងម្តុំផ្សារដីហុយ។​ ដីនោះ​ទំហំ​១៦ម៉ែត្រ​គុណនិង២២ នៅជ្រៅបន្តិច (ចូលបានតែម៉ូតូ)​តម្លៃ​ជាងពីរម៉ឺនដុល្លារ ទំាងចាក់បំពេញអីទៀតជិតបីម៉ឺន។

​ព្រោះតែ​ទុកចិត្តគេ​និងស្រលាញ់កូនប្រុសគេ​ខ្លាំង​ផង​ ខ្ញុំ​ក៏បានទិញទំាំងសប្បាយចិត្តដោយ​យក​លុយផ្ទះ​ម​កខ្លះ សន្សំលេងតុងទីនខ្លះ ប្រាក់ខែមិនដែលបានចាយអ្វីគ្រប់គ្រាន់ខើចមុខខើច​ក្រោយ​(ប្រាក់ខែខ្ញុំច្រើនជាងគាត់២ដង)។

មិនយូរប៉ុន្មាន​នៅឆ្នាំ​២០១១ ​ក្រោយទិញយកមកទុកចោលបានជិតប្រាំឆ្នាំគាត់មកប្រាប់ថា ដីនោះមានបញ្ហា​ជាមួយម្ចាស់គេក្បែរខាងនោះ​ត្រូវរក៧ពាន់មករត់ការ ដោយយើងមិនមាន​លុយ​គាត់ក៏ទាមទារលក់វាចេញ បានត្រឹម​៤២០០០ដុល្លារ​គឺខ្ញុំបានចំណេញ​តិចតួចបំផុត​ចំណែក​ដីនោះក្រោយមក​គឺនៅជាកម្មសិទ្ធិគ្រួសារគាត់ដដែល​ គឺគ្រាន់តែបំភាន់ក្នែកខ្ញុំយកបងប្អូនគាត់មកស៊ីញ៉េទិញ​នៅនឹងមុខយើង។

មានគេលួចមកប្រាប់ខ្ញុំជារឿយៗថា ដីនោះមាន​ខាងសំណង់គេមកឱ្យថ្លៃជាង១០ម៉ឺន តែមីងនោះ(ម្តាយអតីតសង្សាខ្ញុំ)ទាមទារ​១៥ម៉ឺនដុល្លារដាច់ខាត ទើបព្រម។ ខ្ញុំមិនមាត់មិនកតែការសង្ស័យចេះតែមាន​។ ខ្ញុំមិននិយាយអ្វីព្រោះគិតថា មុនក្រោយគង់ជាគ្រួសារ​កូនប្រុសគាត់ក៏ជាកូនគាត់ម្តេចគាត់មកកេងបន្លំដូចអ្នកក្រៅកើតទៅ។

​ប៉ុន្តែ​ហេតុការណ៍​កាន់តែច្បាស់នៅពេល​ដែល​គាត់មកប្រាប់ខ្ញុំថា ​ខ្ញុំនឹងកូនគាត់មិនអាចរៀបការបាននោះទេ ។គាតើថា ​ដូនតានឹង​កាច់ព្រោះអាយុដូចគ្នា រាប់គ្នាជាបងប្អូនទៅ។

ពេលខ្ញុំដឹងថាខ្លួនឯងចាញ់បោកគេភ្នែកស្រស់ពេក ខ្ញុំកើតឆ្អែតចិត្តណាស់​តែបេះដូងនៅសង្ឃឹមថា បុរសម្នាក់ដែលនៅដឹកខ្ញុំចុះឡើង សឹងអ្នកណាៗក៏មើលមកទុកស្មើជាប្តីប្រពន្ធទៅហើយនោះមាន​មនោសញ្ចេតនាខ្លះជាមួយ​ស្នេហា​ជាង៥ឆ្នាំនេះ ​តែមានអញ្ចឹងអី​ ចុងក្រោយ​ខ្ញើស៊ើបដឹងថាគេក៏ដឹងរឿងដែលម្តាយគេបោកយកដីខ្ញុំ ហើយ​​ទិញយកវា​លួចលាក់មិនចេញមុខ ក្នុងតម្លៃទាប ហើយគេខ្លួនឯងដែលបានទៅសុំជំពាក់លុយមេរបស់គេផ្ទាល់ យកមកថែមឱ្យម្តាយគេ​ទិញដីចំណែកខាងខ្ញុំយកទៅទំាងស្រុង។

ពេលដីឡើងថ្លៃ គេ​ប្រុងលក់វា​ដណ្តឹង​ប្រពន្ធជាកូនអ្នកមាន​ម្នាក់ដេលជាអ្នកជិតខាងរកស៊ីលក់ថ្នាំពេទ្យមុខផ្ទះគេ។ ​កន្លងមកគ្រួសារេពេទ្យនោះមិនដែលមើលមុខគេនិងម្តាយ​ទេ កូនគេទើបតែជាប់បាក់ឌុប​នៅក្មេងល្ហក់ ដូច្នោះ​ហើយម៉ែគេនិងគេ​បានប្រមូលគំនិតគ្នាបោកខ្ញុំយកដីទុកលក់ដណ្តឹងកូនពេទ្យ​។​

ចុងក្រោយ​ខ្ញុំបានសួរនាំគេទំាងអស់រឿងទំាងប៉ុន្មាន ចុងក្រោយ​​គេនោះបានត្រឹម​ឆ្លើយថា​វាសនា​ចារមិនអាចឱ្យពួកខ្ញុំជួបគ្នាបានទេ​ព្រោះជាន់ខែជាន់ឆ្នាំ​។

នេះហើយរឿងពិត​របស់ខ្ញុំ ដែលខ្ញុំចង់ឱ្យ​ប្អូនៗក្មួយៗនារីៗ​មកពីខេត្តទាំងអស់ប្រុសប្រយ័ត្នសិន!ពិនិត្យពិច្ច័យសិន!គេថា ត្រូវស្រលាញ់មើលផៅសន្តានផង  កុំមើលតែ​លើសម្តីពិរោះនិងភាពជាខាងក្រៅ។

ស្រីឈប់ទៅការ​ជឿថាគេនាំយើងទៅលេងផ្ទះស្មានថាគេទទួលស្គាល់យើង​ តាមពិត​គេចេះ​លេងល្ខោនឆាកវែង​ ទំាងម្តាយ ទំាងកូន​ ទំាងប្អូនៗគេ​គឺបោកប្រាស់យើងទំាងស្រុង។

បោកអស់ជិត៧ឆ្នាំ បោកមិនឈប់ឈរ​រហូត​ចុងក្រោយអស់ពាក្យកុហក ក៏បណ្តេញ​យើងចេញពីជីវិតគេ។

ការឈឺចិត្ត​មួយនេះគឺជា​ដំបៅ​ក្នុងជីវិតដែលមិនអាច​បំភ្លេចបានជារៀង​រហូត។

កែសម្រួលជាថ្មី ហាណា

សូមផ្ញើលិខិតដែលប្រិយមិត្តមានបំណង​ចង់ចុះផ្សាយមក Inbox ផេក​https://www.facebook.com/kampucheathmeyplus/ ដោយចាប់ផ្តើមថា ប្រិយមិត្តកម្ពុជាថ្មី។