កម្មវិធី​ផ្ទះ​ទេវតា​ ប្រគល់​ផ្ទះ​០៣​ខ្នង​ជូន​ទុរគត​ជន ជន​ចាស់ជរា​គ្មាន​ទីពឹង នៅ​ខេត្ត​ស្វាយរៀង​

​ស្វាយរៀង ​៖ លោកជំទាវ ហ៊ុន ម៉ា​ណា ប្រធាន​កម្មវិធី​ផ្ទះ​ទេវតា បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចុះ​ប្រគល់​ផ្ទះ​ទេវតា​ចំនួន​០៣​ខ្នង​បន្ត​ទៀត​ ជូន​ដល់​ទុរគត​ជន ជន​ចាស់ជរា​គ្មាន​ទីពឹង នៅ​ខេត្ត​ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២០​នេះ។

ពិធី​នេះ​ក៏មាន​ការចូលរួម​ផង​ដែរ​ ពី​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង និង​ក្រុមការងារ​។​

ពិធី​ប្រគល់​ផ្ទះ​ទេវតា​នេះ​ដែរ លោកជំទាវ ហ៊ុន ម៉ា​ណា បាន​នាំ​យក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ សម្ដេច​តេ​ជោ ហ៊ុន សែន និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជានិច្ចកាល សម្ដេច​ទាំងពីរ​តែង​គិតគូរ​អំពី​សុខទុក្ខ​ដល់​ពុក​ម៉ែ បងប្អូន ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។

​លោកជំទាវ​បាន​មានប្រសាសន៍​ឲ្យ​​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​ បង្កើន​ការ​យកចិត្តទុកដាក់​ពី​សុខភាព ជាពិសេស​អនុវត្ត​ការ​លាងដៃ​ជាប់​ជាប្រចាំ និង​ពាក់​ម៉ាស់​ផង​ដែរ ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩​។​

​ផ្ទះ​ទេវតា​ដែល​ត្រូវ​បាន​ប្រគល់​ជូន​ដល់​ទុរគត​ជន ជន​ចាស់ជរា​គ្មាន​ទីពឹង នៅ​ខេត្ត​ស្វាយរៀង​រួម​មាន ៖​
១-​ផ្ទះ​លេខ​២៧៦ ប្រគល់​ជូន​លោកតា សំ សារឿន អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​កោះ​ក្បាន​ខាងជើង ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ជា​អំណោយ​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​ក្រុម​គ្រួសារ​។​
២- ផ្ទះ​លេខ​២៧៧ ប្រគល់ជូន​លោកយាយ ចាន់ ហ៊​ន អាយុ​៨៤​ឆ្នាំ និង​លោកយាយ ចាន់ អ៊ុក អា​យុ​៧០​ឆ្នាំ រស់នៅ​ភូមិ​គោក​តែ​ត ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ជា​អំណោយ​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន និង ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​ក្រុម​គ្រួសារ​។​
៣- ផ្ទះ​លេខ​២៧៨ ប្រគល់ជូន​អ្នក​មីង មាឃ នី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​សេស​ជ្រុំ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ជា​អំណោយ​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​ក្រុម​គ្រួសារ​។​

លោកយាយ លោកតា ដែល​ទទួលបាន​អំណោយ​ផ្ទះ​ខាងលើ ក៏បាន​ទទួល​អំណោយ​ពី សម្ដេច​តេ​ជោ និង ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បន្ថែម​ទៀត​រួមមាន​ ៖ សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ គ្រឿង​ឧបភោគ​-​បរិភោគ​ជាច្រើន​មុខ និង​ថវិកា​មួយ​ចំនួន​។

នាឱកាស​នោះ លោកជំទាវ ហ៊ុន ម៉ា​ណា និង​ ក្រុមការងារ ក៏បាន​ចែក​អំណោយ​របស់​ សម្ដេច​តេ​ជោ និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​លោកយាយ លោកតា និង​ក្មួយៗ​សិស្សានុសិស្ស​ ដែល​បាន​ចូលរួម​អបអរសាទរ​ពិធី​ប្រគល់​ផ្ទះ​ទេវតា​នេះ​ដែរ រួមមាន​ផ្តល់​ជូន ​៖​ សម្ភារៈ​សិក្សា​, នំ​កញ្ចប់​, សំលៀក​បំពាក់​, ជែ​ល​លាងដៃ​, សាប៊ូ​លាងដៃ រទេះ​ជន​ពិការ​ចំនួន​០៣ និង​ថវិកា​មួយ​ចំនួន​។​

ដោយឡែក​ ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ជីវភាព​ខ្វះខាត​ខ្លាំង​ចំនួន​១​គ្រួសារ​ទៀត ឈ្មោះ​លោកយាយ វី​ង ធើ​ក រស់នៅ​ភូមិ​ចន្ទ្រា ឃុំ​ចន្ទ្រា ខេត្ត​ស្វាយរៀង ក៏បាន​ទទួល​អំណោយ​ពី សម្ដេច​តេ​ជោ ហ៊ុន សែន និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផង​ដែរ អំណោយ​រួមមាន​ ៖ អង្ករ​១០០​គីឡូក្រាម​, ត្រីខ​១​កេស​, មី​៥​កេស​, ទឹកដោះគោ​ខាប់​១​កេស​, ពូក ខ្នើយ មុង កន្ទេល​, ប្រេងកូឡា ប្រេងខ្យល់​, ចានដែក ឆ្នាំង​តូច​-​ធំ​, វែក​បាយ វែក​សម្ល វែក​ឆា ស្លាបព្រា សម​, កំសៀវ ចានបាយ ចាន​សម្ល​, តែ​១​គីឡូក្រាម​, ស្ករស​៥​គីឡូក្រាម​, ទឹកស៊ីអ៊ីវ​៣​យួរ​, វិទ្យុ​១​គ្រឿង​, សំលៀកបំពាក់​, ថ្នាំពេទ្យ និង​ថវិកា​ចំនួន​១​លាន​រៀលផង​ដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114