ម៉ាឡេស៊ីរាយការណ៍អ្នកឆ្លងវីរុសកូវីដ-១៩ចំនួន ២៣៥ ករណីថ្មី ជាចំនួនដ៏ខ្ពស់បំផុតប្រចាំថ្ងៃ

ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃព្រហស្បតិ៍ទី ២៦ ខែមីនាបានរាយការណ៍ថា មានករណីថ្មីនៃអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន ២៣៥ ករណី ដែលជាចំនួនកើនឡើងប្រចាំថ្ងៃដ៏ខ្ពស់របស់ខ្លួន និងបាននាំឲ្យចំនួនករណីសរុបកើនដល់ ២ ០៣១ ករណី។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារវីរុសនេះបានកើនឡើងដល់ ២៣ នាក់។ ក្រសួងក៏បានបញ្ជាក់ផងដែរថាចំនួនករណីសរុបរបស់ប្រទេសម៉ាឡេស៊ីពីមួយថ្ងៃទៅមួយថ្ងៃបានកើនឡើងអ្នកឆ្លងថ្មីទ្វេដងគួរឲ្យបារម្ភ។

អគ្គនាយកក្រសួងសុខាភិបាលម៉ាឡេស៊ី Noor Hisham Abdullah មានប្រសាសន៍ថា ផ្អែកលើការស៊ើបអង្កេតបឋម ៦០ ករណីក្នុងចំណោម ២៣៥ ដែលទើបបានបញ្ជាក់ត្រូវបានផ្សារភ្ជាប់ទៅនឹងការជួបជុំសាសនាដែលធ្វើឡើងនៅវិហារមួយក្នុងទីក្រុងកូឡាឡាំពួកាលពីចុងខែកុម្ភៈ។ រីឯចំនួន ១៧៥ ករណីដែលនៅសល់កំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។ ដោយឡែកក្នុងចំណោមអ្នកជំងឺទាំងអស់មានអ្នកជំងឺ ៤៥​ នាក់កំពុងស្ថិតនៅក្នុងការព្យាបាលពិសេស និង ៣២ ​ករណីផ្សេងទៀតកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរចាំបាច់ត្រូវប្រើបំពង់ខ្យល់ដើម្បីជំនួយ។

ក្រោយរកឃើញករណីអ្នកឆ្លងថ្មីៗជាបន្តបន្ទាប់ កាលពីថ្ងៃពុធរដ្ឋាភិបាលម៉ាឡេស៊ីបានរឹតត្បិតលើការធ្វើដំណើរនិងបំរាមគោចររហូតដល់ថ្ងៃទី ១៤ ខែមេសាដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកាន់ធំ៕

ចុចអាន៖ វៀតណាមបញ្ជូនមនុស្សរាប់ម៉ឺន​នាក់មកពីបរទេសទៅ​ស្នាក់ក្នុងជំរំ​ដាច់​ដោយ​ឡែក ស្រប​ពេល​កូវីដ​១៩​វាយ​លុក

ចុចអាន៖ អាមេរិកវ៉ាដាច់ចិន និងអ៊ីតាលីក្លាយជាដែនដីមានករណីកូវីដ១៩ច្រើនបំផុតលើពិភពលោក

ប្រែសម្រួល៖ សន្យា

ប្រភព៖ asiaone