មេ​ចុងភៅ​សណ្ឋាគារ​ផ្កាយ ៥ របស់​ម៉ាឡេស៊ី​ត្រូវ​បណ្ដេញចេញក្រោយ ស្ដោះ​ទឹកមាត់​ដាក់​ម្ហូប​អតិថិជន​ចិន​

ខណៈ​ពេល​ដែល​ប្រទេស​ម៉ាឡេស៊ី​កំពុង​តែ​វឹកវរ​នៅ​រឿង​នយោបាយ​និង​ការ​រីក​រាលដាល​នៃ​វីរុស COVID-19 ​ថ្មីៗនេះក៏មាន​ផ្ទុះ​នូវ​រឿងរ៉ាវ​បន្ថែម​ទៀត​ព្រម​ជាមួយ​នឹង​ការ​ចាប់អារម្មណ៍​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​។ សណ្ឋាគារ Grand Ion Delemen  ជា​សណ្ឋាគារ​ផ្កាយ​ប្រាំ​នៅ​តំបន់  Genting Highlands  បាន​បណ្ដេញ​មេ​ចុងភៅ​ម្នាក់​ដែល​មាន​គំនិត​ស្អប់​ខ្ពើម​និង​រើសអើង​ជាតិសាសន៍​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

សារ​ពិសេស​មួយ​បាន​លេចធ្លោ​ដោយសារ​តែ​ភាព​មិន​គួរ​ឱ្យ​ទុក​ចិត្ត​របស់​គាត់៖ គាត់​បាន​សរសេរ​ថា ​ផ្នែក​ដ៏​ល្អ​បំផុត​នៃ​ការងារ​របស់​គាត់ ​គឺ​ស្ដោះ​ទឹកមាត់​ដាក់​ម្ហូប​ដែល​បម្រើ​ដល់​អតិថិជន​ចិន។ មតិ​នៃ​ភាព​ធុញទ្រាន់​របស់​បុរស​នោះ ​បាន​សរសេរ​នៅ​លើ  tweets  របស់​គាត់​និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ពេញ​បណ្ដាញ​អ៊ីនធឺណិត​នៅ​ម៉ាឡេស៊ី។ បន្ទាប់មក​ទាំង​គណនី Twitter និង​ទំព័រ Instagram របស់​គាត់​ត្រូវ​បាន​គេ​លុបចោល​យ៉ាង​រហ័ស​ដោយ​មិន​ដឹង​មូលហេតុ។

វា​មិន​ច្បាស់​ទេ​ថា​តើ​អ្វី​ដែល​បណ្ដាល​ឱ្យ​បុរស​ម៉ាឡេស៊ី​នេះ ​បន្ត​ការ​ជេរ​ប្រមាថ​លើ​បណ្ដាញ​សង្គម ​ដែល​បញ្ជាក់​ពី​ការ​ប្រកាន់​ពូជសាសន៍​ ប៉ុន្តែ​វា​ច្បាស់​ថា​គាត់​មាន​បញ្ហា។ ក្នុង​សារ​ដែល​គាត់​ផុស​នៅ​លើ tweet ​បាន​ជំរុញ​ឲ្យ​គ្រប់គ្នា​ស្រប​គំនិត​តាម​គាត់ ​ដោយ​កុំ​ឲ្យ​ប្រជាជន​ចិន​ធ្វើ​ជា​អ្នក​ដឹកនាំ​ ដោយ​ហៅ​ពួកគេ​ថា​ជា​មនុស្ស​ល្ងីល្ងើ​និង​អ្នក​បរិភោគ​សាច់​ជ្រូក។ មួយ​ផ្សេង​ទៀត​គាត់​បាន​បង្ហោះ​វីដេអូ​របស់​អតិថិជន​នៅ​ក្នុង​ភោជនីយដ្ឋាន​ដោយ​សរសេរ​ថា គាត់​មាន​អារម្មណ៍​ធុញថប់​និង​ខ្ពើមរអើម​ដែល​មនុស្ស​ទាំងអស់​ដែល​គាត់​កំពុង​បម្រើ​គឺ​ជា​ជនជាតិ​ចិន។ គាត់​ក៏​បាន​ផុស​​រូបភាព​ម្ហូប​នៅ​ក្នុង ​Twitter  ​​​និយាយ​ថា​ “ ទៅ​មុខ​ហើយ​ញ៉ាំ​វា​បើ​អ្នក​មិន​ស្មោះត្រង់”។

អ្នក​លេង​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ស្វែងរក​អត្តសញ្ញាណ​របស់​ចុងភៅរូបនេះ​ ហើយ​ផ្ញើ​ពាក្យ​បណ្ដឹង​ទៅ​អ្នក​គ្រប់គ្រង​សណ្ឋាគារ។ គាត់​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​កាល​ពី​ថ្ងៃ​អង្គារ ២៥ កុម្ភៈ​ បន្ទាប់​ពី​ការ​ស៊ើបអង្កេត។

សណ្ឋាគារ​បាន​និយាយ​ថា​ខ្លួន​នឹង​ពិនិត្យ​មើល​ឡើង​វិញ​នៅ​ការ​ជួល​បុគ្គលិក​ផ្នែក​ចុងភៅ​ ហើយ​នឹង​បន្ត​រក្សា​ស្តង់ដារ​សុវត្ថិភាព​ម្ហូប​អាហារ។

បន្ទាប់​មក​បុរស​ចុងភៅ​នោះ​ក៏​បាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ ​ពី​ការ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ភោជនីយដ្ឋាន​និង​សណ្ឋាគារ​ធំ ៗ ផ្សេងទៀត៕

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ