ក្រសួងទេសចរណ៍​ ចាប់ផ្តើម​គ្រប់គ្រង​ភ្ញៀវ​ទេសចរ ​នៅតាម​សណ្ឋាគារ និង​ផ្ទះសំណាក់​ដើម្បី​ទប់ស្កាត់​ជំងឺ​Covid-19

ភ្នំពេញ​ ៖ ​ក្រសួងទេសចរណ៍ ​បានចាប់ផ្តើម​គ្រប់គ្រង​ការ​ស្នាក់នៅ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​នៅតាម​សណ្ឋាគារ និង​ផ្ទះសំណាក់​នៅ​ទូទាំងប្រទេស​ដើម្បី ទប់ស្កាត់​ជំងឺ​Covid-19​ដែល​កំពុង​ឆ្លង​រាលដាល​នៅ​ប្រទេស​កម្ពុជា​។​

យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​ការតម្រូវ​ឱ្យប្រើ​ប្រាស់​ជា​កាតព្វកិច្ច​នូវ “​ប្រព័ន្ធ​ចុះបញ្ជី​ស្នាក់​នៅ​ទេសចរណ៍​” របស់​ក្រសួងទេសចរណ៍​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ បានធ្វើការ​អំពាវនាវ​ដល់ ម្ចាស់​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​ទាំងអស់​ត្រូវ​ចុះបញ្ជី​ការ​ស្នាក់​របស់​ភ្ញៀវ​ទេសចរ​​ជាតិ ​និង​អន្តរជាតិ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​តាមរយៈ​គេហទំព័រ​ផ្លូវការ “www.accommodationregistrar.net”។

សេចក្តី​ជួន​ដំណឹង​ដដែល​បាន​ឲ្យ​ដឹងថា​ ការគ្រប់គ្រង​បញ្ជី​ស្នាក់នៅ​ទេសចរណ៍​” តាម​អន​ឡាញ​នេះ​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​ក្រសួងទេសចរណ៍​ក្នុង​ការសហការ​ផ្តល់ព័ត៌មាន​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុងការ​ត្រួតពិនិត្យ​ឬ​តាមដាន​វត្តមាន​ឈ្មោះ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ដែល​មក​ស្នាក់​នៅក្នុង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​ក្នុងករណី​ដែល​ចាំបាច់ និង​មាន​តម្រូវការ​ក្នុងការ​ចូលរួម​ដល់​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ដែលមាន​ការកើតឡើង​ចេញពី​ភ្ញៀវទេសចរ​ក្នុងករណី​ជាយថាហេតុ​ណាមួយ​។

ប៉ុន្តែ​យ៉ាងណាក៏ដោយ​ការប្រើប្រាស់​ប្រព័ន្ធ​នេះ​ទាមទារ​ឱ្យមាន​កិច្ចសហការ និង​ការចូលរួម​ពី​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ និង​ផ្ទះសំណាក់​ក្នុងការ​បញ្ចូល​ព័ត៌មាន​របស់​ភ្ញៀវ​របស់ខ្លួន​ក្នុងពេល​ស្នាក់នៅ​ក្នុង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍រ​បស់​ខ្លួន​។​

សេចក្តី​ជួន​ដំណឹង​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា ​«​ស្ថិតក្នុង​ដំណាក់កាល​នៃ​វិបត្តិ Covid-19 នេះ ក្រសួងទេសចរណ៍​សូម​ស្នើ​ដល់​គ្រប់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម ស្នាក់នៅ​ទេសចរណ៍​ទាំងអស់ ចូលរួម​ប្រើប្រាស់​ជា​កាតព្វកិច្ច “​ប្រព័ន្ធ​ចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​” ឱ្យបាន​គ្រប់គ្នា និង​ធ្វើ​ការចុះ​វត្តមាន​របស់​ភ្ញៀវទេសចរ ឱ្យបាន​គ្រប់គ្នាៗ​»​។​

គួរបញ្ជាក់​ថា ​គិត​ត្រឹម​យប់​ថ្ងៃទី​២៥​ខែមីនា​កម្ពុ​ជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន​៩៦​នាក់​ហើយ​ដែល​ភាគច្រើន​នាំចូល​មកពី​ក្រៅ​ប្រទេស​ក្នុង​នោះ ​មាន​១០​នាក់​បាន​ព្យាបាល​ជាសះស្បើយ​៕​សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114