កម្ពុជា​ នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ប្រមាណ​៣​តោន​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ជា​លើកដំបូង
BREAKING NEWS
Search

កម្ពុជា​ នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ប្រមាណ​៣​តោន​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ជា​លើកដំបូង

ភ្នំពេញ​ ៖ ​ប្រទេស​កម្ពុជា ​បានសម្រេច​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ប្រមាណ​៣​តោន​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ជា​លើកដំបូង ​ដែល​នឹង​ជួយ​ពង្រីក​ទីផ្សារ​កសិកម្ម​ទៅ​ក្រៅប្រទេស​កាន់តែ​ច្រើនឡើង​ថែមទៀត។

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​កាលពី​រសៀល​ថ្ងៃទី​១៥ ​ខែមករា​ ឆ្នាំ​២០២០​ឲ្យ​ដឹងថា ​នេះ​គឺជា​លើកដំបូង​ហើយ​ដែល​កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​តាមរយៈ​ក្រុមហ៊ុន Hyundia Mao legacy ដែល​មាន​ទីតាំងនៅ​ត្រែងត្រយឹង ​ខេត្តកំពង់ស្ពឺ​ ដែលជា​ជំហាន​ដំបូង​នាំចេញ​ប្រមាណ​៣​តោន ​ខណៈ​កន្លងមក​កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់ ដំណាប់​ស្វាយ​និង​ទឹក​សេរ៉ូ​ទៅកាន់​ប្រទេស​មួយចំនួន​រួមមាន​វៀតណាម ថៃ បារាំង អេស្ប៉ាញ ហុងកុង​ជាដើម។

លោក​ បាន​លើកឡើង​របាយការណ៍​មក​បញ្ជាក់​ថា ​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់ ដំណាប់​ស្វាយ​និង​ទឹកសេរ៉ូ​ទៅកាន់​ទីផ្សារអន្តរជាតិប្រមាណ​ជាង​១០​ម៉ឺន​តោន​ស្របពេល​ឆ្នាំ​២០១៩​ថ្មីៗ​នេះ ​បាន​នាំចេញ​ប្រមាណ​៦០​ម៉ឺន​តោន​ តែ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​មានការ​ធ្លាក់ចុះ​ តែ​ផលិតផល ដំណាប់ ​និង​ទឹក​សារ៉ូ​មានការ​កើនឡើង។

លោក ​បាន​បន្ថែម​ទៀត​ថា​ ការដែល​ក្រុមហ៊ុន Hyundia Mao legacy​សម្រេចចិត្ត​នាំ​យក​ផ្លែ​ស្វាយ​ស្រស់​ពី​កម្ពុជា​នេះ ​គឺ​ដោយសារតែ​ផ្លែ​ស្វាយ​កម្ពុជា​អនុវត្ត​ទៅតាម​ស្តង់ដារ​ដែល​ភាគី​កូរ៉េ​បានកំណត់​ពិសេស​ធ្វើ​ទៅតាម​ភូតគ្រាម​អនាម័យ​ដូចជា​ផ្លែស្វាយ​មិនមាន​ជំងឺ​ឬ​សត្វល្អិត​ចង្រៃ ពពួក​ពង​ដង្កូវ​រ៉ុយ​និង​មិន​ប្រើប្រាស់​សារធាតុ​គីមី​លើស​កំណត់​ជាដើម​។​

លោក កែ មុ​ន្ធី​វុ​ធ ប្រធាន​នាយកដ្ឋាន​កា​ពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្លាប់បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា​កម្ពុជា​អាច​ប្រ​មូល បាន​ផ្លែស្វាយ​ប្រមាណ​ជា​៤​លាន​តោន ក្នុង​មួយឆ្នាំ​លើ​ផ្ទៃ​ដាំ​ដុះ​ប្រមាណ​ជា​១០​ម៉ឺន​ហិកតា​។

ក្រុមហ៊ុន Hyundai Mao Legacy Co., គឺជា​ក្រុមហ៊ុន​វិនិយោគ​រួមគ្នា​ដោយ​ក្រុមហ៊ុន Hyundai Corporation ដែលជា​ក្រុមហ៊ុន​ពហុ​ផលិតផល​របស់​ប្រទេស​កូរ៉េខាងត្បូង និង​ក្រុមហ៊ុន​ដាំ​ស្វាយ​នៅក្នុង​ស្រុក Mao Legacy Co Ltd ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ ២០១៦ មក​ដើម្បី​បង្កើន​សក្តានុពល​ផលិត និង​កែច្នៃ​រួមគ្នា​លើ​ផ្ទៃដី​ចម្ការ​ស្វាយ​ប្រហែល ២៤០០ ហិកតា​នៅ​ខេត្តកំពង់ស្ពឺ៕
សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114