BREAKING NEWS
Search

ក្លឹប​ធំៗ​ចំនួន ២​ក្នុង​លី​គ​កំពូល​កម្ពុជា ប្រកាស​អំពី​ការ​កាត់​ប្រាក់ខែ​កីឡាករ និង​បុគ្គលិក​ក្នុង​ស្ថាន ​ភាព COVID-19

​ក្លឹប​បាល់ទាត់​ធំ​ៗ​ចំនួន ២​ក្នុង​លី​គ​កំពូល​កម្ពុជា គឺ​ក្លឹប បឹងកេត និង ក្លឹប​កង​យោធពល​ខេមរភូមិន្ទ បាន​ប្រកាស​អំពី​គោលជំហរ​ក្នុង​ការ​រក្សា​ស្ថេរ​ភាព​របស់​ក្លឹប គ្រា​ដែល​មិន​មាន​ការប្រកួត​អ្វីមួយ​នោះ​ឡើយ​នា​ពេល​បច្ចុប្បន្ន​នេះ ដោយ​កម្ពុជា កំពុង​ទទួលរង​ផល​ប៉ះពាល់​នៃ​មេរោគ​ចម្លង COVID-19 ជាហេតុ​នាំ​ឲ្យ​ស្ថាប័ន​ជាច្រើន​បាន​បង្អាក់​សកម្មភាព​របស់​ខ្លួន​។​

​តាម​ប្រភព​ដែល​ក្រុមការងារ​កម្ពុជា​ថ្មី​ទទួល​បាន គឺ​ក្នុង​ថ្ងៃ​ទី ១ ខែ មេសា ឆ្នាំ ២០២០​នេះ ក្លឹប​បាល់ទាត់​ជើងឯក​លី​គ​កំពូល​កម្ពុជា ៣​សម័យកាល បឹង​កេត បាន​សម្រេច​កាត់​ប្រាក់ខែ ថ្នាក់ដឹកនាំ​គ្រប់​ផ្នែក រួមមាន​ក្រុម​គ្រូ​បង្វឹក កីឡាករ និង​បុគ្គលិក ដោយមាន​ការ​ឯកភាព​យល់ព្រម ក្នុង​ការ​កាត់​ចំនួន ៥០% ដើម្បី​រួមចំណែក ជួយ​ទ្រទ្រង់​ក្លឹប​ក្នុង​ពេលវេលា​ដ៏​លំបាក​នេះ​។​

​ក្នុង​នោះ​ផង​ដែរ ក្លឹប​ក៏បាន​បញ្ជាក់​ថា ការ​ហ្វឹកហាត់​ប្រចាំថ្ងៃ​ត្រូវ​ផ្អាក​សកម្មភាព​ទាំងស្រុង​ចាប់​ពី​ពេល​នេះ ដោយ​ត្រូវ​ហ្វឹកហាត់​តាមរយៈ​កម្មវិធី​ហ្វឹកហាត់​ថ្មី ដោយឡែក​ពី​គ្នា ពី​គេហដ្ឋាន តាម​កម្មវិធី​ដែល​ក្រុម​គ្រូ​បង្វឹក​បច្ចេកទេស​បាន​ដាក់​ចេញ រហូតដល់​ស្ថានការណ៍​វិវឌ្ឍនៈ​មក​ភាព​ល្អ​ប្រសើរ​ឡើងវិញ​។​

​ក្រៅពី​បឹងកេត ក៏​មាន​លេច​លឺ​ដំណឹង​អំពី​ក្លឹប​កង​យោធពល​ខេមរភូមិន្ទ ដែរ​ថា​ក្លឹប​កំពុង​ពិចារណា​អំពី​គម្រោង​នៃ​ការ​កាត់​ប្រាក់ខែ​របស់​កីឡាករ និង​បុគ្គលិក​របស់​ខ្លួន ដើម្បី​ទ្រ​ង​ទ្រង់​ក្លឹប ព្រោះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អគ្គលេខាធិការ​ក្លឹប លោក ខូវ ឆាយ បាន​លើក​ឡើង​ក្នុង​កិច្ច​សន្ទនា​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​មួយ​ថា​៖ “ យើង​កំពុងតែ​ពិភាក្សា​គ្នា​អំពី​បញ្ហា​នេះ​ដែរ ព្រោះ​ការ​ពន្យា​របស់​លី​គ និង​ពាន​សម្តេច​ហ៊ុន សែន ហើយ​យើង​ក៏​មាន​បញ្ហា​ហិរញ្ញវត្ថុ​ផង​ដែរ ដោយហេតុថា​ពេល​ដែល​មានរឿង​អញ្ចឹង​កើតឡើង ក្រុមហ៊ុន​ឧបត្ថម្ភ​របស់​យើង ពួកគាត់​ក៏​ចង់​កាត់បន្ថយ​ការឧបត្ថម្ភ​ដល់​យើង ព្រោះ​អាជីវកម្ម​របស់​ពួកគាត់​មាន​វិបត្តិ​ដូចគ្នា យ៉ាងណាមិញ​យើង​ក៏​នឹង​ធ្វើ​ការប្រជុំ​ជាមួយ​កីឡាករ​ទាំងអស់ ដើម្បី​សុំ​យោបល់​ពី​ពួកគាត់ ដើម្បី​ចូលរួម​ក្នុង​ការ​ទប់ស្កាត់​វិបត្តិ​ហិរញ្ញវត្ថុ ដែល​ប៉ះពាល់​ដោយ​ជំងឺ COVID-19​នេះ” ។​

​គួរ​ឲ្យ​ដឹង​ដែរ​ថា ក្រៅពី​ក្លឹប​ទាំងពីរ​ដែល​បាន​ប្រកាស​អំពី​ជំហរ​ក្នុង​ការ​កាត់​ប្រាក់ខែ​កីឡាករ និង​ក្រុមការងារ នៅ​ពុំ​ទាន់​មាន​ក្លឹប​ផ្សេងទៀត​ក្នុង​លី​គ​កំពូល​កម្ពុជា ចេញមុខ​ប្រកាស​អំពី​ផលវិបាក​នេះ​ឡើយ តែ​ទោះបីជា​ចង់​ឬ​មិន​ចង់ ក្នុង​កាលៈទេសៈ​នេះ ពួកគេ​អាច​នឹង​ស្ថិត​ក្នុង​ស្ថានភាព​ពិចារណា ព្រោះថា ការប្រកួត​មិន​ដំណើរការ មិន​មាន​ចំណូល​ដល់​ក្លឹប នោះ យូរ និង​ឆាប់ ច្បាស់​ជា​មាន​រឿង​ទាំងនោះ​កើតឡើង៕