ចំណុចខ្សោយបី ​ដែល​គេឃ្លាំមើលពេលជួបសម្ភាសន៍ការងារលំដាប់អ្នកគ្រប់គ្រង

ដោយគេ​ជឿថា គ្មាន​បុគ្គលិកណា​ចង់លាឈប់ពីការងារទេ ពួកគេលាឈប់ពីអ្នកគ្រប់គ្រង អញ្ចឹង​ការជ្រើសរើស​អ្នកគ្រប់គ្រង មានឥទ្ធិពលយ៉ាងខ្លាំងទៅលើលទ្ធផល​ការងារឬពាណិជ្ជកម្មទំាងមូល។

ទំនាក់ទំនងរបស់អ្នកគ្រប់គ្រងជាមួយបុគ្គលិក​គឺមានសារៈសំខាន់ខ្លាំងណាស់ រហូត​ដល់ធនធាន​មនុស្ស​ប្រើវិធីឃ្លាំ​បីយ៉ាងនេះក្នុងការជ្រើសរើសអ្នកដែលមាន​តួនាទី​ជាអ្នកគ្រប់គ្រង​៖

១ ដណ្តើមមុខមាត់
ភាសាអង់គ្លេសថា Credit។  អ្នកចាត់ការល្អតែងតែទទួលខុសត្រូវចំពោះការអនុវត្តរបស់ក្រុមខ្លួន ហើយនឹងមិនបោះចោលសមាជិកក្រុមណាម្នាក់ឡើយ ខណៈដែលនៅតែផ្ដល់ការសរសើរដល់សមាជិកក្រុមពួកគេជាសាធារណៈ ទោះបីជាគំនិតមេ MasterPlan  ត្រូវបង្កើតដោយគាត់ ​ដែលជាអ្នកចាត់ការទូទៅក្តី។  មិនមានអ្វីអាក្រក់ស្មើនឹងមាន​អ្នកគ្រប់គ្រងដែលទាមទារក្តោបយក​នូវជ័យជំនះធំ ៗ ហើយ​ទម្លាក់កំហុសនានាទៅឱ្យក្រុមនោះឡើយ។ដើម្បីឃ្លាំមើលប្រការនេះ គេនឹង​សួរអ្នកនូវសំណួរ​នានាមានដូចជា តើ​ហេតុអ្វីអ្នកឈប់ពីកន្លែងចាស់?​តើអ្នកធ្លាប់បរាជ័យ​ទេ​ ហេតុអ្វី?  ប្រសិន​អ្នកបន្ទោស​កន្លែងចាស់ ឬក្រុមការងារចាស់​អ្នកកុំសង្ឃឹម​ឆ្លងដំណាក់កាលនេះ​រួច។

២ ខ្សោយ​ជំនាញទន់ (Soft skill)

ជំនាញទន់ដែលពេញនិយមបំផុតនាពេលបច្ចុប្បន្នផ្តោតលើ ៧យ៉ាងនេះ រួមមាន ភាពជាអ្នកដឹកនាំខ្លួនឯងឱ្យលេចធ្លោ ការចេះដឹកនាំការងារជាក្រុម ជំនាញទំនាក់ទំនង ជំនាញដោះស្រាយបញ្ហា មាន​សីលធ៌មនិងវិន័យការងារ មាន​ភាពបត់បែននិង សម្របខ្លួន។ អ្នកគ្រប់គ្រងដែល​ខ្សោយ​ជំនាញទន់ នេះ នឹងមិនទទួលជោគជ័យដាច់ខាត។ សំណួរ​មួយចំនួនដែលគេនឹងសួរ​រំញោច Soft skillមាន​ដូចជា តើអ្នកបែងចែកបែបណា​រវាងទំនាស់បុគ្គល​និងគំនិត​ផ្ទុយគ្នាក្នុងការងារ? តើអ្នកដោះស្រាយបញ្ហា​ដោយ​ខ្លួនឯងឬពិភាក្សាជាមួយអ្នកណាខ្លះ​ដោយរបៀបណា?។ល។

៣  មិនគួរឱ្យទុកចិត្តបាន
អ្នកគ្រប់គ្រងចាំបាច់ត្រូវមានបុគ្គលិកលក្ខណៈ​ដែល​ទទួលបានទំនុកចិត្តខ្ពស់លើសពីមនុស្សទូទៅ ពុំនោះទេ គ្មានអ្នកណាព្រមធ្វើតាម​សម្តីគាត់ឡើយ។ គាត់ត្រូវតែរក្សា​សម្តីខ្លួនបាន​និងមាន​ការគោរព​នូវ​កិច្ច​ព្រមព្រាងជាក្រុម។ ប្រសិនបើគាត់ជាមនុស្ស​មាក់ងាយ​ក្រុម​ការងារ​តាមរយៈការ​ភូតកុហក ឬបោបញ្ឆោត សមាជិកក្រុមផ្សេងទៀតនឹង​ឆាប់កត់សម្គាល់ហើយងាយនឹងបែកខ្ញែកលទ្ធផលឈាន​ដល់បរាជ័យ។

សំណួរដែលធនធានមនុស្ស​ងាយ​លើកមកសួរចំណុចនេះ​រួមមាន តើ​ចំណុចខ្សោយ​អ្វីខ្លះក្នុងបុគ្គលិកលក្ខណៈរបស់អ្នក ដែលអ្នកចង់មកកែប្រែជាថ្មីក្នុងកន្លែងថ្មីនេះ? ​នេះជាសំណួរដ៏ពិបាក! បេក្ខជន ត្រូវការបកស្រាយវែង ហើយ​ការបកស្រាយនោះ ​គេអាចលួចឃ្លាំង​មើ​លបុគ្គលិកលក្ខណៈសុចរិត​ឬអត់ក្នុងការអត្ថាធិប្បាយ​របស់វបេក្ខជនបាន។

​ពាក្យមួយគេពោលថា ជំនាញ​អាចបង្វឹក ចរិត​ដូរមិនបានឡើយ!

ស្រស់