ចរិតលក្ខណៈបុគ្គលិក​ដែលទៅដល់កន្លែងណា នាំបញ្ហា​ដល់ស្ថាប័ននោះ

នេះជាសម័យកាលដែលគេរើស​ចរិត​មនុស្សជាងរើសជំនាញ ព្រោះជំនាញបង្វឹកបាន ចរិតអាក្រក់វិញ​គ្មាន​ព្រះណាមកកែប្រែបានឡើយ។

ខាងក្រោមនេះ​ ជាលក្ខណៈសម្បត្តិបុគ្គលិកដែល​ទៅដល់ណា នាំ​បរាជ័យ​ជាអំណោយសម្រាប់ទីនោះ៖

១ ស្ងប់ស្ងាត់តែរឿងច្រើន

បុគ្គលនេះ​មិនងាយមាន​យោបល់អ្វី​ដោយចំហរ​ទេ។ គេជាសុភាពបុរសឬសុភាពនារីជានិច្ច​ប៉ុន្តែ បើលើបណ្តាញសង្គមវិញ គឺមានគណនេយ្យក្លែងក្លាយច្រើន​ដែលចំណាយបញ្ចេញការរិះគន់មិនសំចៃ សរសេរម្តងៗ ច្រើនឃា្ល ច្រើនទំព័រមិនចេះ​នឿយណាយ ហើយ​ទីណា​មានជម្លោះ​និងឃើញ​គេចូលរួមបញ្ឆេះ ឬអុចអាលបន្ថែម​មិនសូវខាន។

២ បង្កើតក្រុមបង្កើន​បរិយាកាសអវិជ្ជមាន

គេធ្វើការនៅទីនេះ​ តែ​និយាយអាក្រក់ពីមេដឹកនាំ ឬគោលនយោបាយកន្លែង​ដែលខ្លួនកំពុងបម្រើការ។ ខ្លួនគេ​មិនមានលទ្ធផល​អ្វី ព្រោះ​លួចម៉ោងលួចពេល ទៅធ្វើរឿងប្រឆាំង​និងទីកន្លែង​ដែលកំពុងតែផ្តល់ប្រាក់ខែដល់ខ្លួន។ មនុស្ស​ប្រភេទនេះ​ បើបានជោគជ័យ​គេក្តោបយក បរាជ័យ​គេ​រុញទៅអ្នកដទៃ ជាពិសេស​បន្ទោស​បរិយាកាស បន្ទោស​ស្ថាប័ន និងបន្ទោសមិត្តរួមការងារ។

៣ ច្រណែន​មិនចេញមុខ

មនុស្ស​ច្រណែន​មិនមែន​សុទ្ធតែមិនល្អ នោទេ ព្រោះ​ការច្រណែនខ្លះកើតមកពីភាពមិនយុត្តិធម៌ ប៉ុន្តែការព្យាបាទមិនចេញមុខ តាមពិត​ជាគ្រោះថ្នាក់ធំ​នៃស្ថាបន័ អង្គភាពនិមួយៗ ដែលមាន​បុគ្គលប្រភេទនេះ​ជ្រកកោណ។ រយៈពេល​ធ្វើការ​នៃបុគ្គលប្រភេទនេះ នៅឯណា​ក៏មិនដែលបន្សល់ស្នាដៃ​លទ្ធផលអ្វីជាដុំកំភួន ក្រៅតែអំពី​ការ​បង្កអនុស្សាវរីយ៍ឈឺចាប់ដល់មិត្តរួមការងារ​និងអង្គភាព។ ប្រសិនអ្នកមិនព្រម​បញ្ចេញ​ព័ត៌មាន​អំពីបុគ្គលនេះ​ទៅក្រៅ ពេលទៅ​ដល់កន្លែងផ្សេងគេ​នឹងបង្កបញ្ហាដដែលនេះទៀត​ឬចំណាយមាត់និយាយសំអុយកន្លែងចាស់តែម្តង។

វិធីសម្គាល់បុគ្គលប្រភេទ​នេះ​ពេលធ្វើបទសម្ភាសន៍៖

១ CVមានការងារច្រើនកន្លែង តែមិនដែលធ្វើបានវែងឆ្ងាយ ហើយពេលសួររកលទ្ធផល​និយាយកុហក​ឬរារែក ព្រោះ​គ្មាន​លទ្ធផលបង្ហាញពិតប្រាកដ។

២ គួរតែ​ស៊ើបសួរល្អិតល្អន់មុនពេល​ជ្រើស​រើសយកចូលមកបម្រើការ​ទោះជាក្នុងពេលសាកល្បងក្តី។

៣ ប្រសិននៅខែដំបូងៗឃើញ​ចរិតលក្ខណៈបែបនេះលេចឡើង ​គួរកាត់ចិត្ត​ ទោះបីបុគ្គលនោះមាន​សមត្ថភាពជំនាញ​​​បែបណាក្តី។

Mr Tomorrow