BREAKING NEWS
Search

ផ្ទុះ​ការ​រិះគន់​ក្រោយ​ប្រជាជននៅបង់ក្លាដែសរាប់​ម៉ឺន​នាក់ប្រមូលផ្តុំគ្នាបួងសួងបណ្ដេញវីរុសកូវីដ ១៩

ពិធីបួងសួងកុំឲ្យឆ្លងវីរុសកូរ៉ូណាដ៏ធំមួយដែលមានមនុស្សរាប់ម៉ឺននាក់ចូលរួមត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញនៅប្រទេសបង់ក្លាដែស ក្រោយប្រទេសអាស៊ីខាងត្បូងមួយនេះបានរាយការណ៍ពីករណីស្លាប់លើកដំបូងរបស់ខ្លួនដោយសារវីរុសកូវីដ ១៩។

ប៉ូលីសក្នុងតំបន់លោក Tota Miah បានឲ្យដឹងថា ប្រជាជនមូស្លីមប្រមាណ ១ ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទីលានមួយក្នុងទីប្រជុំជន Raipur ភាគខាងត្បូងប្រទេសបង់ក្លាដែសដើម្បីបន់ស្រន់និង “សូត្រខគម្ពីរនៃការព្យាបាល” ពីគម្ពីរកូរ៉ានដើម្បីកំចាត់វីរុសពីប្រទេសដែលបានឆ្លងមេរោគ។ ប៉ុន្តែបើតាមសម្ដីអ្នករៀបចំកម្មវិធីបានអះអាងពីចំនួនអ្នកថ្វាយបង្គំថាមាន ២៥ ០០០ នាក់។

លោក Miah បានប្រាប់ AFP ថា ប្រជាជនមូស្លីមបានធ្វើការអធិស្ឋានឈ្មោះ Khatme Shifa បន្ទាប់ពីព្រលឹមស្រាងៗ ដើម្បីរំដោះប្រទេសពីការឆ្លងមេរោគ។ លោកថា អ្នករៀបចំមិនបានទទួលការអនុញ្ញាតពីអាជ្ញាធរដើម្បីបើកពិធីនេះទេ។ បន្ទាប់ពីពិធីបួងសួងបានប្រារព្ធ រូបថតនៃការប្រមូលផ្ដុំសាសនានេះត្រូវបានចែកចាយពាសពេញលើបណ្តាញសង្គមដោយមានអ្នករិះគន់យ៉ាងចាស់ដៃចំពោះការប្រមូលផ្តុំដ៏ធំនេះ។

នៅប្រទេសបង់ក្លាដែស ក៏ដូចប្រទេសដទៃដែលមានការចម្លងពីវីរុសកូវីដ១៩ដែរ គឺ អាជ្ញាធរបានបិទសាលារៀន និងស្នើឱ្យប្រជាជនចៀសវាងការប្រមូលផ្តុំធំៗ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសនេះ។ ទោះបីជាមានការអំពាវនាវពីអាជ្ញាធរដើម្បីជៀសវាងការជួបជុំនៅទីសាធារណៈដែលមានមនុស្សច្រើនក៏ដោយ ក៏មនុស្សជាច្រើនបានឆ្លៀតឱកាសធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានានៅក្នុងប្រទេសដដែល។ ប៉ូលីសបាននិយាយថា ខ្លួនត្រូវបិទឆ្នេរចំនួនពីរក្នុងនោះមានឆ្នេរមួយនៅឯតំបន់ Cox’s Bazar រមណីយដ្ឋានដ៏សំខាន់របស់ប្រទេសហើយក៏ជាជម្រករបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា(Rohingya)ជិតមួយលាននាក់មកពីប្រទេសមីយ៉ាន់ម៉ា។

ទន្ទឹមនឹងនេះ មេដឹកនាំជាន់ខ្ពស់មកពីសម្ព័ន្ធ Awami League ដែលកំពុងតែកាន់អំណាចគឺលោក Obaidul Quader បាននិយាយថា ការបិទទ្វារអាចនឹងកើតឡើងដើម្បីទប់ស្កាត់ការចម្លងរបស់វីរុស។

ក្នុងចំណោមប្រជាជន ១៦៨ លាននាក់របស់ប្រទេសបង់ក្លាដែស ចំនួនករណីវិជ្ជមានវីរុសកូវីដ ១៩ មាន ១៤ ករណី និងមានអ្នកស្លាប់ ១ នាក់៕

ចុចអាន៖ ក្រោយ​នាយក​រដ្ឋ​មន្ត្រី​​ម៉ាឡេស៊ី​ប្រកាស​បិទ​ទីក្រុង ផ្សារ​ទំនើប​ដែល​ធ្លាប់​តែ​អ៊ូរអ៊រ​​ប្រែ​ជា​ស្ងប់ស្ងាត់​

ប្រែសម្រួល៖ សន្យា

ប្រភព៖ AFP