BREAKING NEWS
Search

MCL 2017 ៖ កីឡាករ Booysen Shane របស់​ភ្នំពេញ​ក្រោ​ន បន្ត​ឈរ​កំពូល​តារាង​ក្នុង​បញ្ជី​អ្នក​ទាត់​ប​ញ្ជូ​ល​ទី​ច្រើនជាង ក្នុង​សប្ដាហ៍​ទី​៥

​កីឡាករ​ជនជាតិ​អាហ្វ្រិក​ខាងត្បូង Booysen Shane សមាជិក​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បន្ត​ឈរ​កំពូល​តារាង​ក្នុង​បញ្ជី​កីឡាករ​ ដែល​ទា​ត់ប​ញ្ជូ​ល​ទី​បាន​ច្រើនជាងគេ គិត​ត្រឹម​សប្ដាហ៍​ទី​៥ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2017 ក្រោយ​រកបាន​គ្រាប​បាល់​៧​គ្រាប់​ម្នាក់ឯង​ក្នុងចំណោម​៥​ប្រកួត​មកនេះ​។​

​ឆ្លងកាត់​៥​សប្ដាហ៍​មកនេះ​ក្រុម​ទាំង​១២ បាន​ទា​ត់ប​ញ្ជូ​ល​ទី​គ្នា​ទៅវិញទៅមក​ចំនួន​៩៤​គ្រាប់ ហើយ​ក្រៅពី​កីឡាករ Booysen Shane​ឈរ​កំពូល​តារាង​គេ​សង្កេតឃើញ​កីឡាករ Atuheire Kipson របស់​ណាហ្គា​វើ​ល រកបាន​៦​គ្រាប់ ហើយ​កីឡាករ Choe Myong Ho របស់​ក្រុម​ក្រសួងការពារជាតិរ​កបាន​៥ គ្រាប់ ស្មើគ្នា​ជាមួយ​កីឡាករ​Michael Osei Tutu របស់​ស៊ីម៉ាក់​។ ទន្ទឹមនឹង​គ្នា​នេះ​កីឡាករ Bisan George របស់​អាស៊ី​អឺរ៉ុប និង​កីឡាករ ឃួន ឡា​បូ​រ៉ាវី របស់​បឹងកេត​អង្គរ រកបាន​ម្នាក់​៤​គ្រាប់​តាម​ពី​ក្រោ​ន ខណៈ​កីឡាករ ច្រឹង ពលរដ្ឋ របស់​ក្រសួងការពារជាតិ Maycon Calijuri របស់​បឹងកេត​អង្គរ និង​សឿ​យ វិសាល របស់​ព្រះខ័ន​រាជ​ស្វាយរៀង រកបាន​ម្នាក់​៣​គ្រាប់ ហើយ​ក្រៅពីនោះ​សុទ្ធតែជា​អ្នករក​គ្រាប់​បាល់​បាន​ម្នាក់​២​គ្រាប់​ចុះក្រោម​។​

​សូម​រំលឹកថា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានសម្រេច​បង្កើន​ក្រុម​ជា​សមាជិក​លី​គ​កំពូល​របស់ខ្លួន​ឱ្យ​កើនឡើង​រហូតដល់​១២​ក្លិប ដោយ​ប្រកួត​គ្នា​ចំនួន​២​ជុំ និង​បន្ត​វគ្គ​Play-Off ដោយ​ចាប់​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៨ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៧​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា មានឱកាស​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជាច្រើន​ដូចជា​ពានរង្វាន់ Toyota Mekong Club Championship និង​ពានរង្វាន់ AFC Cup ជាដើម​។​

​សម្រាប់​ប្រកួត​សប្ដាហ៍​ទី​៦ នឹង​រៀបចំឡើង​នៅ​ដើមខែ​មេសា ដោយនៅ​ថ្ងៃ​សៅ​រិ៍ ទី​១ ខែមេសា ក្រុម​ក្រសួងការពារជាតិ ប៉ះ​ក្រុម​ស៊ីម៉ាក់ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្ដា​ត​ចាស់ ហើយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ទទួល​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ហើយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ បើកទ្វា​កីឡដ្ឋាន​វេ​ស្ទើ​ន របស់ខ្លួន​ទទួល​ក្រុម​ណាហ្គា​វើ​ល​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​២ ខែមេសា ឆ្នាំ​២០១៧​ក្រុម​អាស៊ី​អឺរ៉ុប ត្រូវ​ប៉ះ​ក្រុម​អគ្គីសនី​កម្ពុជា ដោយ​លទ្ធផល​៦​ល្ងាច​លើ​ទីលាន​ស្ដា​ត​ចាស់ ហើយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ជួប​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប និង​ចុងក្រោយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ បើក​ទ្វារ​កីឡដ្ឋាន​ខេត្តតាកែវ​របស់ខ្លួន​លើកដំបូង​ទទួល​ក្រុម​បឹងកេត​អង្គរ នៅវេលា​ម៉ោង​៣​រសៀល​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684