BREAKING NEWS
Search

MCL 2018៖​ ណាហ្គា​វើ​ល និង​បឹងកេត ប្រដេញ​គ្នា​នៅ​កំពូល​តារាង​ក្នុង​សប្ដាហ៍​ទី​៦

​ក្រុម​ណាហ្គា​វើ​ល និង​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី កំពុងតែ​ប្រដេញ​គ្នា​នៅ​តំបន់​កំពូល​តារាង​ត្រឹម​សប្ដាហ៍​ទី៦ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ដែល​រៀបចំ​ពី​សំណាក់គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់កម្ពុជា កាលពី​ចុង​សប្ដាហ៍​ថ្មីៗ​នេះ​។​

​សរុប​លទ្ធផល​សប្ដាហ៍​ទី​៦ ​ទាំង​៦​គូ​មាន នៅ​ថ្ងៃ​សៅរ៍ ទី​១៩ ខែឧសភា ក្រុម​វិសាខា ឈ្នះក្រសួងការពារជាតិ ២​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន ខណៈ​អាស៊ី​អឺរ៉ុប ស្មើគ្នា​ជាម​យ​យ​ក្រុមអង្គ​រថា​យ​ហ្គឺ​រ ២​ទល់​២ លើ​ទីលាន​កីឡដ្ឋាន AEU Park​។ នៅ​ថ្ងៃអាទិត្យ ទី​២០ ឧសភា ដោយក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ចាញ់​ក្រុម​អគ្គីសនី​កម្ពុជា ២​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន ហើយ​ក្រុមណាហ្គា​វើ​ល ឈ្នះ​ក្រុម​សូល​ទី​ឡូ​អង្គរ ៤​ទល់​១ លើ​ទីលាន​កងយោធពល​ខេមរភូមិន្ទ ខណៈ​ក្រុមភ្នំពេញ​ក្រោ​ន ឈ្នះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៤​ទល់​០ លើ​ទីលាន​កីឡដ្ឋាន RSN និងក្រុម​បឹងកេត ឈ្នះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ៣​ទល់​១​ លើ​ទីលាន​កីឡដ្ឋាន​កង​យោធ​ព​ខេ​មរ​ភូមិន​។​

​ក្រឡេក​មក​មើល​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន​ត្រឹម​សប្ដាហ៍​ទី​៦ នេះ​ឃើញថា ​ក្រុម​ណាហ្គា​វើ​ល ឡើងឈរ​កំពូល​តារាងពីរសប្ដាហ៍​ជាប់​គ្នា​មាន​ ១៦ ​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២​ បឹងកេត មាន ​១៦​ ពិន្ទុ​ដូចគ្នា​តែ​ខុស​គ្រាប់​បាល់​ចំណេញ​។ ក្រុម​លេខ​៣​ គឺ​វិសាខា មាន​១៣​ពិន្ទុ ហើយ​ក្រុមលេខ​៤ ​ភ្នំពេញ​ក្រោ​ន មាន​១០​ពិ​ន្ទុស្មើគ្នា​នឹង​ក្រុម​លេខ​៥ ​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ តែឈ្នះ​តែម​ត្រង់ Head to Head​។ ក្រុម​ក្រសួងការពារជាតិ ឈរ​លេខ​៦ មាន​មាន​៩​ពិន្ទុ ហើយ​ក្រុមលេខ​៧ ​ព្រះខ័ន​រាជ​ស្វាយរៀង មាន​៨​ពិន្ទុ​។ ចំណែក​ក្រុម​លេខ​៨ អាស៊ី​អឺរ៉ុប មាន​៧​ពិន្ទុ ដូច​នឹងក្រុម​លេខ​៩ ​អង្គ​រថា​យ​ហ្គឺ​រ តែ​ខុស​គ្រាប់​បាល់​ចំណេញ​។ ក្រុម​សូល​ទី​ឡូ​អង្គរ ឈរ​លេខ​១០ មាន៤​ពិន្ទុ​ ហើយ​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១ មាន​៣​ពិន្ទុ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​១២ មិនទាន់មាន​ពិន្ទុ​។​

​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​ ២​ ជើង មាន​ ២២ ​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣ ​ខែមីនា ដល់​ថ្ងៃទី​៣០​ ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​ ១២ ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship និង​ពានរង្វាន់ Singapore Cup ជាដើម​។​

​សម្រាប់​ប្រកួត​សប្ដាហ៍​ទី​៧ នឹង​បន្ត​ធ្វើឡើង​នៅ​ចុង​សប្ដាហ៍​នេះ​ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​២៦​ ខែឧសភា ក្រុម​សូល​ទី​ឡូ​អង្គរ ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ម៉ោង​៣​រសៀល លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ ហើយ​ម៉ោង​ដូចគ្នានេះដែរ​ ក្រុម​អគ្គីសនី​កម្ពុជា ទទួល​ក្រុម​បឹងកេត លើ​ទីលាន​អគ្គីសនី​កម្ពុជា និងក្រុម​ក្រសួងការពារជាតិ ទទួល​ណាហ្គា​វើ​ល នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ម៉ោង ​៦​ ល្ងាច​។ នៅថ្ងៃអាទិត្យ ទី​២៧ ខែឧសភា ក្រុម​ភ្នំពេញ​ក្រោ​ន ប៉ះអាស៊ី​អឺរ៉ុប នៅ​ម៉ោង​ ៦ ​ល្ងាច​ លើ​ទីលានកីឡដ្ឋាន RSN និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជួប​ក្រុម​វិសាខា នៅ​ម៉ោង​ ៣​ រសៀល លើ​ទីលាន​កីឡដ្ឋាន AEU Park​។ នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែឧសភា ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ទទួល​ក្រុម​វេ​ស្ទើ​នភ្នំពេញ នៅវេលា​ម៉ោង​ ៣:៣០ ​នាទី​រសៀល ​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114