BREAKING NEWS
Search

បុណ្យ​មាឃបូជា​នៅ​វត្ត​នាគ​វ័ន មាន​ពិធី​រាប់បាត្រ​ជា​មួយ​នឹង​ព្រះសង្ឃ​ចំនួន​ជាង​៣០០​អង្គ ​

ភ្នំពេញ​ ៖ បុណ្យមាឃបូជា គឺជា​បុណ្យ​ធំ​មួយ​ក្នុង​សាសនាព្រះពុទ្ធ ហើយ​បុណ្យ​នេះ​ត្រូវ​បាន​អង្គការ សហប្រជាជាតិ ទទួលស្គាល់​ជា​ផ្លូវការ​ថា ជា​បុណ្យ​សកល ហើយ​នៅក្នុង​ប្រទេស​កម្ពុជា នៅតាម​ទីវ​ត្ត​អារាម តែងតែ​រៀបចំ​ធ្វើ​ពិធីបុណ្យ​នេះ​យ៉ាង​អធិកអធម​ជា​រៀងរាល់ឆ្នាំ​មិនដែល​ខកខាន​ឡើយ។​

ដោយឡែក សម្រាប់​វត្ត​នាគ​វ័ន ក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួលគោក នៅ​ថ្ងៃ​សៅរ៍ ១៥​កើត ខែ​មាឃ ព ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ ព្រះគ្រូ​ចៅអធិការ គណៈកម្មការ​វត្ត និង ពុទ្ធបរិស័ទ ក្រោម​ការដឹកនាំ​របស់ លោក​ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក បាន​រៀបចំ​ធ្វើ ពិធី​បុណ្យ​នេះ​យ៉ាង​អធិកអធម ដោយមាន​ពុទ្ធបរិស័ទ​ចូលរួម​គ្រប់​ស្រទាប់វណ្ណៈ មិន​ថា​ចាស់ ឬ ក្មេង​ឡើយ។ ក្នុង​ពិធីបុណ្យ​នេះ​ក៏មាន​ពិធី​រាប់បាត្រ​ជា​មួយ​ព្រះសង្ឃ​ចំនួន​៣២៩​អង្គ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល ក៏មាន​ការ​ដង្ហែ​បុណ្យមាឃបូជា​ដឹកនាំ​ដោយ លោក​ឯក ឃុន​ ដឿ​ន ជាមួយ លោក​ចៅ​សង្កាត់​ទាំង​១០ មន្ត្រីក្រោមឱវាទ ​និង ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ដោយ​ដង្ហែ​ចាក​ចេញពី​បរិវេណ​វត្ត​ទៅតាម​ផ្លូវ​មួយចំនួន​ក្នុង​មូលដ្ឋាន​សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួលគោក ទើប​ដង្ហែ​ល​ចូល​មក​វត្ត​នាគ​វ័ន​វិញ​ជា​មួយ​នឹង​ការ​ដង្ហែ​ជុំវិញ​ព្រះវិហារ ចំនួន​៣​ជុំ ទើប​បន្ត​ឡើង​ទៅលើ​ព្រះវិហារ សូត្រមន្ត​តាម​បែប​សាសនា កិច្ច​បញ្ចប់​ពិធីបុណ្យ​។​

គួរ​បញ្ជាក់ថា ចំពោះ​ប្រវត្តិ​នៃ​ពិធីបុណ្យ​មាឃ​បូ​បូជា​មាន២​យ៉ាងសំខាន់ ៖ ទី​១.ជា​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ដាក់​ព្រះ​ជន្មាយុ​សង្ខារ កំណត់​អាយុ​យាង​ចូល​បរិនិព្វាន ,​ ទី​២.ជា​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ធ្វើសាវ័ក​សន្និបាត ដែលមាន​ឈ្មោះថា ចតុរង្គសន្និបាត គឺ​ការប្រជុំ​ប្រកបដោយ​អង្គ៤​មាន​ ៖ ១.ជា​ថ្ងៃ​ពេញ​បូណ៌មី ខែមាឃ​ហៅថា មាឃ​ន​ក្ស​ក្រ​, ២.ព្រះ​ភិក្ខុសង្ឃ​ចំនួន​១២៥០​អង្គ ដោយ​ឥត​បាន​កំណត់ពេល​គ្នា​ជាមុន​សោះឡើយ ហើយក៏​ស្រាប់តែ​មក​ប្រជុំ​ព្រម​គ្នា​ក្នុង​សំណាក់​ព្រះ​បរម​សាស្ដា ,៣.ព្រះ​ភិក្ខុ​សង្ឃ​ទាំង​អម្បាយ​នោះ​សុទ្ធតែជា​ឯ​ហិ​ភិក្ខុ​ទាំងអស់, ​៤.ព្រះ​ភិក្ខុសង្ឃ​ទាំងនោះ​សុទ្ធតែជា​ព្រះ​អរហន្ត ។​ ម្យ៉ាងទៀត​ ព្រះសម្មាសម្ពុទ្ធ​ ទ្រង់​សម្ដែង​ឱវាទ​បាមោក្ខ និង បានតែងតាំង​ព្រះ​សារីបុត្ត​ឲ្យ​ជា​អគ្គ​សាវ័ក​ស្ដាំ​របស់​ព្រះអង្គ និង ព្រះ​មោគ្គល្លាន​ឲ្យ​ជា​អគ្គសាវ័ក​ឆ្វេង​ គឺ​នៅ​ថ្ងៃ​១៥ កើត​ខែមាឃ​នេះ​ផង​ដែរ៕


អត្ថបទ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114