លោកជំទាវ​ម៉ែន សំអន ​៖ រាជរដ្ឋាភិបាល​កម្ពុជា​ បានចាត់ទុក​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​ នៃ​ការអភិវឌ្ឍន៍​ប្រទេស

ភ្នំពេញ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រីរ​ដ្ឋ​មន្ដ្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា ​និង ​អធិការកិច្ច​បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​យុទ្ធសាស្ដ្រ ចតុកោណ ដំណាក់​កាលទី​៣ ដើម្បី​កំណើន​ការងារ សមធម៌ និង ប្រសិទ្ធភាព​នៅ​កម្ពុជា បាន​ចាត់​ទុក​វិស័យ ឯកជន​ជា​ក្បាលម៉ាស៊ីន នៃ​ការ អភិវឌ្ឍន៍ និង​បាន​បង្ក​លក្ខណៈ​ងាយស្រួល និង ជំរុញ វិស័យ​ឯកជន ឲ្យ​លូតលាស់ ដើម្បី​រួមចំណែក អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រីរ​ដ្ឋ​មន្ដ្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែង​បែបនេះ​ខណៈ​អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពស់​ខ្ពស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ពិធី​សម្ពោធ​អគារ​ហង្ស​មាស គ្រុប និង​ស្ទូឌីយូ​ភ្លោះ​របស់​ទូរទស្សន៍​ហង្ស​មាស​ស្ទូឌីយូ​ហង្ស​មាស ព្រែក​ឯង រាជធានី​ភ្នំពេញ​នា​រាត្រី​ថ្ងៃ​ទី ខែ​១៩ ខែកុម្ភៈ ឆ្នាំ​២០២០។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ បាន​ថ្លែង​នូវ​ការចូលរួម​អបអរសាទរ​និង​សេចក្ដី​សោមនស្ស​រីករាយ​ក្រៃលែង ដោយ​បាន ចូល​រួម ជា​មួយ​អស់លោក​លោកស្រី អ្នកនាង​កញ្ញា ទាំងអស់ ក្នុង នាម​តំណាង​ដ៏​ខ្ពស់​ខ្ពស់ របស់​សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​សម្ពោធ​អគារ​ហង្ស​មាស គ្រុប និង​ស្ទូឌីយូ​ភ្លោះ របស់​ទូរទស្សន៍​ហង្ស​មាស ដែល​ស្ថិត​នៅ​ក្នុង​ស្ទូឌីយូ ហង្ស​មាស ព្រែក​ឯង រាជធានី​ភ្នំពេញ។

អគារ​ទំនើប ដ៏​ធំ​មាន​កំពស់​៩​ជាន់ រួមមាន​សាលប្រជុំ ការិយាល័យ អាហារដ្ឋាន និង​លំនៅឋាន នេះ ជា​សមិទ្ធផល បានមកពី​ការ​ខិតខំ របស់​ក្រុមហ៊ុន ហង្ស​មាស​គ្រុប ដែល​បាន​លូតលាស់​ឥត​ឈប់ឈរ និង​ឈរជើង​យ៉ាង​រឹងមាំ បម្រើ​វិស័យ ព័ត៌មាន សោតទស្សន៍ និង​សិល្បៈ អស់​រយៈពេល​២០​ឆ្នាំ​មកនេះ​។ នេះ​ក៏​ជា​មោទនភាព​មួយ​របស់ កម្ពុជា ដែល​មាន​ក្រុមហ៊ុន​ទូរទស្សន៍ ឈានមុខ និង​ជា ការ ឆ្លុះបញ្ចាំង​នូវ​ជំនឿ​ជឿជាក់ ពី​អ្នក​វិនិយោគ​ក្នុងស្រុក​ដែល​បានទទួល​ជោគជ័យ​ក្នុង​អាជីវកម្ម ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍន៍។

​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​បាន​ថ្លែង​ថា ក្រោម​ការ ដឹកនាំ ប្រកប ដោយ ក​ត្ដិ​បណ្ឌិត និង​ភាពភ្លឺស្វាង និង​វាងវៃ របស់ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បច្ចុប្បន្ន នេះ​ប្រទេស​យើង​ទទួល បាន នូវ​ស្ថិរភាព សន្ដិសុខ និង​សន្តិភាព និង ធានាបាន សន្តិសុខ ស្បៀង និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដែល​បង្ក​ជា​មូលដ្ឋានគ្រឹះ​សម្រាប់ អភិវឌ្ឍ វិស័យ​ឯកជន។ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​យុទ្ធសាស្ដ្រ ចតុកោណ ដំណាក់កាល​ទី​៣ ដើម្បី កំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព​នៅ​កម្ពុជា បាន​ចាត់ទុក​វិស័យ ឯកជន​ជា​ក្បាលម៉ាស៊ីន នៃ​ការ អភិវឌ្ឍន៍ និង​បាន​បង្ក​លក្ខណៈ​ងាយស្រួល និង ជំរុញ វិស័យ​ឯកជន ឲ្យ​លូតលាស់ ដើម្បី​រួមចំណែក អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​។

ក្នុង​រយៈ ពេល​ប្រហែល ២០​ឆ្នាំ កន្លងមក កម្ពុ​ជា​មាន កំណើន សេដ្ឋកិច្ច​យ៉ាង រឹងមាំ ដោយ​បាន​រក្សា​កំណើន ជា​មធ្យម​ប្រចាំ​ឆ្នាំ ប្រមាណ ៧​ភាគរយ​ជាប់ៗ គ្នា ធ្វើ​ឲ្យ​ចំណូល​របស់ ប្រជាជន យើង មាន ការ​កើន ឡើង និង​មាន​ជីវភាព​កាន់តែ​ធូរធារ​ផង​ដែរ។ ដោយឡែក វិស័យ ព័ត៌មាន និង​សិល្បៈ​ក៏​កំពុង​រីកចម្រើន​យ៉ាង​ខ្លាំង​។ ប្រទេស​យើង​មាន​ស្ថានីយ ទូរទស្សន៍ វិទ្យុ និង​ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត ជាច្រើន រួម​ទាំង​ក្នុងស្រុក និង​បរទេស ដែល​កំពុង​ប្រកួតប្រជែង ដណ្តើម ទីផ្សារ បម្រើ​សេចក្តី​ត្រូវ​ការ​រ​បស់​ប្រជាពលរដ្ឋ​។

អាជីវកម្ម​នៃ​ស្ថានីយ​ទូរទស្សន៍ និង​សោតទស្សន៍ នៅ​កម្ពុជា ក្នុង​សម័យ​សកល​ភា​វូប​នី​យកម្ម ដែល​មាន​ស្ថានីយ ទាំង​រដ្ឋ និង​ឯកជន​ច្រើន ទាំង​ក្នុងស្រុក និង​ពី​បរទេស កំពុង​ជួបប្រទះ ការប្រកួតប្រជែង យ៉ាង​ស្រួច​ស្រាល​។ ដូច្នេះ ជោគជ័យ​នៃ ស្ថានីយ ទូរទស្សន៍​ហង្ស​មាស មិន​មែន​ជា​ការ​ងាយស្រួល និង កើតឡើង​ដោយ​ចៃដន្យ​នោះឡើយ​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​បាន​កោតសរសើរ​ដល់​ក្រុមហ៊ុន​ហង្ស​មាស​គ្រុប ដោយ​ស្មោះ ចំពោះ​ជោគជ័យ ក្នុងនាម​ស្ថានីយទូរទស្សន៍ ឈានមុខ​គេ​ក្នុងការ​ផ្តល់ព័ត៌មាន និង​ការ​កម្សាន្ត ដែលមាន​ការ​ច្នៃប្រឌិត សមស្រប​ទៅតាម​តម្រូវការ និង​ការ​និយម​ចូល ចិត្ត ពី​ទស្សនិកជន​គ្រប់​វ័យ​។ ដោយមាន​ការដឹកនាំ​យ៉ាង​ឈ្លាសវៃ ផែនការអាជីវកម្ម ច្បាស់លាស់ និង​ទស្សនវិស័យ​វែងឆ្ងាយ បានជា​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ​បាន​វិវត្តន៍​ជា​បណ្តើរៗ​ពី​ក្រុមហ៊ុន​តូច ជា​លក្ខណៈ​គ្រួសារ មក​ជា​ក្រុមហ៊ុន​ធំ មាន​បុគ្គលិក​រាប់​រយ​នាក់ ផលិតកម្ម​វិធី​លំដាប់​ជាតិ និង​អន្តរជាតិ និង​អាជីវកម្ម​ជា ច្រើន​ផ្នែក រួមមាន​ទូរទស្សន៍ វិទ្យុ សម្រាប់​ផ្សាយ មាន​ក្រុម​សិល្បករ ពិធីករ ផលិតកម្ម​ភាពយន្ត​។​ល​។

បុគ្គលិក របស់​ហង្ស​មាស រួម​ទាំង​អ្នកអាន​ព័ត៌មាន ពិធីករ ពិធី​ការិនី សិល្បករ និង​សិល្បការិនី តារា ចម្រៀង សុទ្ធតែជា​អ្នក មាន​ភាព​ល្បីល្បាញ មាន​ជំនាញ​អាជីព និង​ទេពកោសល្យ។ សូម្បី​រូប​ខ្ញុំ​ផ្ទាល់ ក៏​ជា​អ្នក​ចូលចិត្ត​ទស្សនា កម្មវិធី​ល្អៗ​របស់​ស្ថានីយ​ទូរទស្សន៍​នេះដែរ​។ ដោយហេតុ នេះ​ហើយ បានជា​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​កោតសរសើរ ស្ថានីយ​ទូរទស្សន៍​នេះ​ជារឿយៗ​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​បាន​ស្នើ​ដល់​ក្រុមហ៊ុន​ហង្ស​មាស ជាពិសេស លោក អ៊ឹង ឆៃ​ងួន ដែល​ជា​អគ្គនាយក សូម​អនុវត្តន៍​ដូច​ជាទី​១. សូម​បន្ត ច្នៃ ប្រឌិត បង្កើត និង​ជាវ​កម្ម វិធី​ល្អៗ ថ្មីៗ​ថែមទៀត​ដើម្បី បម្រើ​សេចក្តី ត្រូវការ​របស់​ទស្សនិកជន​ផង អប់រំ អំពី សីលធម៌ និង​គុណធម៌​ផង និង ដើម្បី​ផ្តល់​ព័ត៌មាន ល្អៗ​ទាន់​ពេល ជូន​ប្រជាពលរដ្ឋ​។ ទី​២. សូមជួយ​យកចិត្តទុកដាក់ ដល់​ការ លើក ស្ទួយ វប្បធម៌ និង​សីលធម៌ ប្រពៃណី​ជាតិ​យើង តាមរយៈ​កម្មវិធី​នានា និង ការបង្ហាញ សំលៀក បំពាក់ និង​អាកប្បកិរិយា នៃ​ពិធីករ ពិធី​ការិនី សិល្បករ និង​សិល្បការិនី តារា​ចម្រៀង និង​តារា​សម្តែង​និង​ទី​៣. ត្រូវ​ផ្សាយ​កម្មវិធី​នានា ប្រកប ដោយ គុណភាព និង​ផ្សាយ​ព័ត៌មាន ដែល​មាន​ខ្លឹមសារ បម្រើ​ដល់​ប្រយោជន៍​ជាតិ ដោយ​វិភាគ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ចៀសវាង​ការ​លំអៀង​៕

វិមាន

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114