ព័ត៍មានទាន់​ហេតុការណ៏
Search

មាន សូ​នី​តា បកស្រាយ​ ក្រោយ​មាន​ការ​រិះគន់​ ករណី​ពាក់​ស្បែកជើង​ចូល​ក្រាបថ្វាយបង្គំ​គាល់​ព្រះមហាក្សត្រ​ និង​សម្ដេចម៉ែ

ភ្នំពេញ ​៖ ​តារា​ស្រី​ កញ្ញា​ មាន សូ​នី​តា​ បន្ទាប់ពី​មានការ​រិះគន់ ​និង​បង្ហាញ​ការ​មិន​ពេញចិត្ត​មួយ​ចំនួន​ពី​សំណាក់​ទស្សនិកជន ​ក្រោយពេល​នាង​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ គ្រា​ចូល​ក្រាបថ្វាយបង្គំ​គាល់​ព្រះករុណា​ព្រះមហាក្សត្រ​ និង ​សម្ដេចម៉ែ​ ដោយ​លើក​ហេតុផល​ថា ​នាង​មិន​គួរណា​បំពាន​ ហ៊ាន​ពាក់​ស្បែង​ជើង​ចូល​គាល់​ព្រះករុណា​ព្រះមហាក្សត្រ​ និង​ សម្ដេចម៉ែ​នោះ​ទេ ​ភ្លាមៗ​នេះ​ សាមីខ្លួន​បាន​ចេញ​មុខ​បកស្រាយ​ការពិត។

តាម​ខ្លឹមសារ​របស់​តារា​សម្ដែង​ស្រី ​កញ្ញា មាន សូ​នី​តា បាន​បញ្ជាក់​ឆ្លើយតប​នឹង​ការរិះគន់​នោះ​ថា នាង​បាន​ចូល​ក្រាបថ្វាយបង្គំ​គាល់​ព្រះករុណា​ព្រះមហាក្សត្រ និង សម្តេចព្រះ​វររាជ​មាតា​ជាតិ រួមជា​មួយ​ប្រតិភូ​ដទៃទៀត ដោយមាន​ពិធីការ​ នៃ​បរម​រាជវាំង​ណែនាំ ​និង​រៀបចំ​ជូន​ត្រឹម​ត្រូវ​ គោរព​តាម​ច្បាប់​ក្បួន ​នៃ​ព្រះបរមរាជវាំង។

កញ្ញា មាន សូ​នី​តា បាន​និយាយទៀតថា ការ​ចូល​គាល់​របស់​នា​ង ​និង​ប្រតិភូ​នេះ​ គឺ​ គោរព​តាម​បែប​បទ​ពិធីការ​ត្រឹមត្រូវ​ តាម​ការណែនាំ​របស់​ពិធីការ​របស់​ព្រះបរមរាជវាំង​ទាំងអស់ ​ករណី​នាង​ពាក់​ស្បែកជើង​នេះ ​ពុំមាន​ខុស​អ្វី​ឡើយ បើ​ប្រការ​មិន​គប្បី​ពិធីការ ​នៃ​ព្រះបរមរាជវាំង​ប្រាកដជា​ណែនាំ​ជា​មិនខាន​។ ​សូម​បងប្អូន​មួយចំនួន​ដែល​បាន​រិះគន់​ និង​មិន​ពេញចិត្ត​ សូម​ពិចារណា​ឲ្យ​ច្បាស់លាស់​សិន​។

រាជិនី​ក្រមា​ កញ្ញា មាន សូ​នី​តា បាន​បន្ថែមថា ​សូមបញ្ជាក់ ៖​ មើល​ឲ្យ​ជាក់​ចាំ​ញាក់ចិញ្ចើម ​កុំ​ចេះតែ​និយាយ​តាម​ការ​គិត​ឃើញ​ដោយ​មិនមាន​ក្បួន​មាន​ច្បាប់​ច្បាស់លាស់ ពិសេស​មិនមែន​ការ​យល់​ឃើញ​របស់​អ្នក​សុទ្ធតែ​ត្រឹមត្រូវ​រហូត​នោះ​ទេ ព្រោះ​អ្នក​យល់ឃើញ​យ៉ាងម៉េច ​អ្នក​គិតថា​ចំណុច​នោះ​គឺ​ដឹង​តែ​ត្រូវការ​ចូល​គាល់​ព្រះអង្គ​ទាំងទ្វេ​ក្នុង​ព្រះ​បរម​រាជវាំង​មិនមែន​ចេះតែ​ចូល​ងាយស្រួល​ហើយ​ធ្វើ​អ្វី​តាម​ចិត្ត​ចង់​ទេ។

សូម​ជម្រាប​ថា ​តារា​សម្ដែង​ធ្មេញ​ជំ​ពើ​ស កញ្ញា មាន សូ​នី​តា ថ្មីៗ​នេះ ​បានបង្ហាញ​អារម្មណ៍​រំភើប​ខ្លាំង​រហូត​ញញឹម​បិទមាត់​មិន​ជិត ក្រោយ​ពេល​ដែល​ព្រះករុណា​ព្រះមហាក្សត្រ និង ​សម្ដេចម៉ែ​ ប្រោស​ព្រះរាជ​ទាន​ចូល​គាល់ និង​ថ្វាយ​ក្រមា​ខ្មែរ​ចំនួន​២​ពាន់​ក្រមា ​ដល់​ទ្រង់​ផង​នោះ៕

អត្ថបទ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114