កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ចាត់តាំង​អនុវត្ត​ផែនការ​សកម្មភាព​ ស្តី​ពី​ការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០២០

​ស្វាយរៀង​ ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​អនុ​គណៈកម្មការ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ចាត់តាំង​អនុវត្ត ផែនការ​សកម្មភាព ស្ដីពី​ការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍ ផ្លូវគោក​ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​អាគារ ”​ឃ​”​សាលាខេត្ត និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោកជំទាវ​អភិបាលរង​ខេត្ត លោក​ព្រះរាជអាជ្ញា​ខេត្ត លោក ស្នង​ការ​រង​នគរបាល​ខេត្ត លោក​មេ​បញ្ជា​ការ​រង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព លោក​អភិបាលក្រុង​-​ស្រុក លោក​អធិការ​នគរបាល​ក្រុង​-​ស្រុក លោក លោកស្រី​មេឃុំ ចៅសង្កាត់ នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ជា​ច្រើន​រូប​ទៀត ​សរុប​វត្តមាន​ប្រមាណ​ជាង ៤០០​នាក់​​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២០​នេះ។

​កិច្ចប្រជុំ​នេះ​លោក​អភិបាលខេត្ត​បាន​លើក​ឡើង​ថា មន្ត្រី​ជំនាញ​ត្រូវ​ធ្វើ​ការណែនាំ អប់រំ ព្រមទាំង​អនុវត្ត​វិធានការ​ច្បាប់ នឹង​ធ្វើការ​ផាក​ពិន័យ​ឲ្យ​បាន​តឹងរ៉ឹង និង​ម៉ឺងម៉ាត់​បំផុត ដោយ​គ្មាន​ការលើកលែង ឬ​យោគយល់​ជាដាច់ខាត ចំពោះ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ជាពិសេស​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ រថយន្ត​ដឹកទំនិញ​ធុន​ធំ រថយន្ត​កុងទឺន័រ និង​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ (​រថយន្តក្រុង​ជាដើម​)។

​លោក​បន្ត​ថា ក្នុងនាម​អភិបាលខេត្ត និង​ជា​ប្រធាន​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត សូម​ថ្លែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​លោក លោកស្រី សមាជិក សមាជិកា​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​គ្រប់​ថ្នាក់ ព្រមទាំង​កងកម្លាំង និង​អង្គភាព​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាមរយៈ​ការ​រួមចំណែក​ផ្សព្វផ្សាយ​ច្បាប់​ជូន​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ខេត្ត បាន​យ៉ាង​ទូលំទូលាយ នា​ពេល​កន្លងមក។

​លោក​អភិបាលខេត្ត​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់ លោក លោកស្រី​ដែល​ជា​សមាជិក​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​គ្រប់ ថ្នាក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​បន្ត​ពង្រឹង និង​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ផ្ដោត​ជា​សំខាន់​ទៅលើ​ការ​បើកបរ​ហួស ល្បឿន​កំណត់​ការ​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ឬ​សារធាតុ​ញៀន​មិន​ប្រកាន់​ស្ដាំ​ការ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ការ​មិន​គោរព​សិទ្ធិ​អាទិភាព ជាពិសេស​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នកបើកបរ​ទោចក្រយានយន្ត ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ច្រើន​ជា​អតិបរមា។

​ទន្ទឹម​នេះ គ្រប់​មន្ទីរ​-​អង្គភាព គ្រឹះស្ថានសិក្សា គ្រឹះស្ថាន​រដ្ឋ គ្រឹះស្ថាន​ឯកជន រោងចក្រ និង​សហគ្រាស គួរ​រៀប​ចំ​ឲ្យ​មាន​បទបញ្ជាផ្ទៃក្នុង ដោយ​មិន​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការ ឬ​ចូលរៀន​ក្នុង​ករណី​ជិះ​ទោចក្រយានយន្ត (​ម៉ូតូ​) មិន​ពាក់មួក​សុវត្ថិភាព និង​បើកបរ​រថយន្ត​មិន​ពាក់​ខ្សែ​ក្រវាត់​ជាដើម​។ ជា​មួយ​នេះ ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ អ្នកបើកបរ​មាន​ជាតិ​អាល់កុល និង​គ្រឿងញៀន ជាពិសេស​មុខសញ្ញា​អ្នក​បើកបរ​រថយន្ត​កុង​ទឺ​ន័​រ រថយន្ត​ដឹកទំនិញ​ធុន​ធំ និង​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​ពេលយប់។

​លោក​អភិបាលខេត្ត​បាន​ថ្លែង​ការ​លើក​ទឹក​ចិត្ត​ដល់​បណ្ដា​ក្រុង ស្រុក ឲ្យ​បង្កើត និង​ជំរុញ​ចលនា​ប្រឡងប្រណាំង​ភូមិ​ឃុំ​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ការ​បង្កើត «​តំបន់​ពិសេស នៃ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​» នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ហើយ​លេខាធិការដ្ឋាន នៃ​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ត្រូវ​ជួយ​គាំទ្រ​ក្នុង​ការរៀបចំ​ផែនការ​ជំរុញ​ការងារ និង​បង្កើន​ការ​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ជាពិសេស​រថយន្ត​ដឹក​កម្មករ ដែល​ភាគច្រើន​ជា​រថយន្ត​ចាស់ៗ ឲ្យ​មាន​ប្រសិទ្ធភាព​៕

   

 

អត្ថបទ៖ គឹម​សេង​