មាស សុជាតិ ផ្ដួល​ចៅ ផល​ឌឿ​ទឹក​ទី​១ ឯ ហ៊ា​ចាន់ថន ចាញ់​ពិន្ទុ លួ​ន សុខ​ខេង
BREAKING NEWS
Search

មាស សុជាតិ ផ្ដួល​ចៅ ផល​ឌឿ​ទឹក​ទី​១ ឯ ហ៊ា​ចាន់ថន ចាញ់​ពិន្ទុ លួ​ន សុខ​ខេង

​មាស សុជាតិ អ្នក​ប្រដាល់​ក្លឹប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់ បាន​ប្រើ​កណ្ដាប់ដៃ​ផ្ដួល​ជើង​ខ្លាំង​ចៅ ផល​ឌឿ ក្លឹប​សំរោង​កោង​កីឡា​ខេត្ត​បាត់ដំបង ឲ្យ​សន្លប់​នៅ​ទឹក​ទី​១ នៅ​ក្នុង​ការ​ជួប​ប្រកួត​គ្នា​លើស​ង្វៀន​អាស៊ីអាគ្នេយ៍ កាលពី​ថ្ងៃ​ទី​២៧​ មិថុនា​២០២០។

​តាមពិត​អ្នក​ប្រដាល់​ទាំង​២​រូប​នេះ នរណា​ក៏​មាន​ជំនឿ​ចិត្ត​ថា​ពួកគេ​ទាំងពីរ នឹង​ប្រកួត​គ្នា​៥​ទឹក​ដែរ ព្រោះ​ពួកគេ​ជា​អ្នកលេង​កណ្ដាប់ដៃ​ដូចគ្នា តែ​ផល​ឌឿ ​ធ្វេសប្រហែស​ធ្វើ​ឲ្យ​សុ​ជាតិ​បញ្ចេញ​មួយ​ដៃ​ចំ​កណ្ដាល​មុខ​យ៉ាង​ធ្ងន់ បណ្ដាល​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​១​តែ​ម្ដង​ទៅ​។ ហ៊ា ចាន់​ថន អ្នក​ប្រដាល់​ជើងចាស់​ក្លឹប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ជើងចាស់​លួ​ន សុខ​ខេង ក្លឹប​ពុទ្ធ​សេរី​វង្ស​កីឡា​ដោយ​ពិន្ទុ​ដាច់​តែម្ដង។ អ្នក​ប្រដាល់​ទាំង​២​រូប​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម។ ពួកគេ​ទាំងពីរ​នាក់​នេះ សុទ្ធ​ជា​អ្នក​ប្រដាល់​ជើងចាស់​ ដែល​ស្ថិត​ក្នុង​ជំនាន់​ជាមួយគ្នា គ្រាន់តែ​ពួកគេ ​ស្ថិត​ក្នុង​ប្រភេទ​ទម្ងន់​ខុសគ្នា​តែប៉ុណ្ណោះ។

​សាំង សាលី ក្លឹប​ជ្រៃ​សែន​ជ័យ​ប្រកួត​ចាញ់​ពិន្ទុ អ្នក​ប្រដាល់​សយ សុខ ក្លឹប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ​ដោយ​ពិន្ទុ​ដាច់​ដែរ ។​អ្នក​ប្រដាល់​ទាំង​២​រូប​នេះ​ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ ​សាលី ចាញ់ សយ សុខ​ដោយ​ពិន្ទុ​០​ទល់​៣​តែម្ដង គឺ​ចៅក្រម​ដែល​មាន​ចំនួន​៣​រូប​នោះ​សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ​សយ​សុខ​ឈ្នះ​គ្រប់ៗ​គ្នា។

​នួន រ៉ា​ថេ​ន ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្ត​ព្រៃវែង ប្រ​កួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​សេក ថាវ​រី ក្លឹប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប​ ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត។ ​អ្នក​ប្រដាល់​ទាំង​២​រូប​នេះ ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។​ ស្ថានភាព​នៃ​ការប្រកួត​មាន​លក្ខណៈ​តឹងតែង​ជាទីបំផុត។ ក្នុងចំណោម​ចៅក្រម​ទាំង​៣​រូប មាន​២​រូប​ផ្ដល់​ពិន្ទុ​ឲ្យ​ថាវ​រី​ឈ្នះ​និង​មាន​មួយ​រូប​ផ្ដល់​ពិន្ទុ​ឲ្យ​រ៉ា​ថេ​ន​ឈ្នះ​គឺថា​វ​រី​ឈ្នះ​រ៉ា​ថេ​ន​៣​ទល់​១។​ ចំណែក សូ​ដា ម៉ា​រ៉ា​កាំ​ង ក្លឹប​គោព្រៃ​គុន​ខ្មែរ​ បាន​ផ្ដួល​អ្នក​ប្រដា​ល់អាន សុខ​ចាន់ ក្លឹប​កងពលតូច​ទ័ព​ឆត្រ​យោង​៩១១ ឲ្យ​បោះបង់​ការប្រកួត​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២៕
អត្ថបទ៖ ​វិ​សិទ្ធ
សូមចុចអាន​៖ សូត្រ​ខេ​វិ​ន ​ផ្តួល​ ឈឿន​ឆៃ​ដែន​ក្នុង​ទឹក​ទី​៣ ឯ​ចាន់​ស៊ី​ណាត​ឈ្នះ​ឡុង​ខេត្ត​ដោយ​ពិន្ទុ