រដ្ឋបាល​ខេត្ត​​ព្រៃវែង ​ប្រជុំ​រៀបចំ​វិធានការ និង​ផ្សព្វផ្សាយ​ស្តីពី​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩
BREAKING NEWS
Search

រដ្ឋបាល​ខេត្ត​​ព្រៃវែង ​ប្រជុំ​រៀបចំ​វិធានការ និង​ផ្សព្វផ្សាយ​ស្តីពី​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩

ព្រៃវែង ​៖​ ដោយ​ផ្អែក​ទៅ​លើ​បច្ចុប្បន្នភាព នៃ​ជំងឺ​ Covid 19 នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ ​២០២០ រដ្ឋបាល​ខេត្ត​ បាន​បើក​ប្រជុំ​រៀបចំ​វិធានការ និង​ផ្សព្វផ្សាយ​ស្តីពី​ការ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 ដែល​ដឹកនាំ​ដោយ​លោក ចាន់ ថា អភិបាលរង​ខេត្ត លោក ចាន់ រ៉ា​ន់ អភិបាលរង​ខេត្ត មន្ទីរ​សុខាភិបាល ការិយាល័យ ​ប្រតិបត្តិ​សុខាភិបាល ក្រុង ស្រុក​ទាំង ១៣ មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី ដែល​ធ្វើ​នៅ​ក្នុង​សាល​ប្រជុំ​សាលាខេត្ត។

ថ្លែង​នៅ​ក្នុង​ឱកាស​នោះដែរ លោក​វេជ្ជបណ្ឌិត សេង បញ្ញា​រិ​ទ្ធ ប្រធាន​មន្ទីរពេទ្យ​ខេត្តព្រៃវែង​បាន​ឡើង​ថា​ ៖​ ចំពោះ​បញ្ហា​ជំងឺ​វីរុស​ថ្មី Covid 19 ដែល​កំពុងមាន​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នៅពេល​បច្ចុប្បន្ននេះ​គឺ​មិនមែន​កើតឡើង​នៅក្នុង​សហគមន៍​នោះទេ​គឺជា​ការកើតឡើង​ដោយ​ការ​នាំចូល ពី​ក្រៅប្រទេស​មក​កម្ពុជា​តែប៉ុណ្ណោះ ដោយឡែក​មិនទាន់មាន​ករណី​រកឃើញ​ការឆ្លង ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​នៅឡើយ​នោះទេ​។ ចំពោះ​បញ្ហា​ទាំងអស់នេះ​ លោក​វេជ្ជបណ្ឌិត​សេង​បញ្ញា​រិ​ទ្ធ​ ក៏បាន​អំពាវនាវ សូម​ដល់​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំង​ទាំងបី បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ រួមគ្នា ធ្វើ​អនាម័យ​ខ្លួនប្រាណ ដោយ លាងដៃ​ជាមួយ​សាប៊ូ ជាមួយ​ទឹក​អាកុល ចេះ​លាងដៃ​ជាមួយ​ជែ​ល​សម្លាប់​មេរោគ​ផ្សេងៗ ឲ្យ​បានជា​ប្រចាំ ដើម្បី​រួមចំណែក មិន​ឲ្យ​មានការ​ឆ្លង នៅ​វីរុស​ថ្មី Covid 19 មកលើ​ខ្លួន​យើង ដោយ​មិន​ត្រូវ​ពឹងផ្អែក​មក​លើ មន្ទីរពេទ្យ​ទាំងស្រុង​នោះទេ​។​

​លោក ចាន់ រាន់ អភិបាល​ស្តីទី ក៏បាន​លើកឡើងថា កិច្ចប្រជុំ នេះ​ក្នុង​គោលបំណង​ដើម្បី​រៀបចំ​វិធានការ និង​ផ្សព្វផ្សាយ​ស្តីពី​ការ​ប្រយុទ្ធ​នឹង​ជំងឺ​covid-19 នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំដែន​ទាំង ៦ ក្នុង​នោះ មាន​ច្រក​ព្រំដែន​អន្តរជាតិ ច្រក​តំបន់​និង​ច្រក​ទ្វេភាគី ដើម្បី​ណែនាំ​ដល់​មន្ត្រី​ដែល​នៅ ច្រកទ្វារ​ព្រំដែន​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​រឹតបន្តឹង និង​ត្រួតពិនិត្យ​ការចេញចូល​របស់​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​ទាំងអស់ ដើម្បី​បង្ការ និង​ចៀសវាង​ឲ្យ​បាន​នូវ​ជំងឺឆ្លង​នានា​ចូលមក​ទឹកដី​ខេត្តព្រៃវែង​ជាពិសេស​ជំងឺ​វីរុស​ថ្មី Covid-19​។​

​លោក​អភិបាល​ស្តីទី​ក៏បាន ណែនាំ​ដល់​មន្ទីរ​អង្គភាព ការិយាល័យ អភិបាលក្រុង ស្រុក​ទាំងអស់ ត្រូវ​រៀបចំ​ឲ្យ​មាន អាកុល សាប៊ូ ជែ​ល​សម្លាប់​មេរោគ​ផ្សេងៗ សម្រាប់​បុគ្គលិក​លាង​សម្អាត​ដៃ​មុនពេល​ចូលធ្វើការ​នៅតាម កន្លែងធ្វើការ​រៀងៗ​ខ្លួន ប្រសិនបើ ករណី​បុគ្គលិក​ណាមួយ មាន ភាពមិនប្រក្រតី កម្ដៅ​លើសពី ធម្មតា ត្រូវ​ឲ្យ​គាត់​ទៅ​មណ្ឌល​សុខភាព​ជាបន្ទាន់​ដើម្បី ពិនិត្យ​និង និង​ពិគ្រោះ​យោបល់​ជាមួយ​ពេទ្យ នៅតាម​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ដើម្បី​ទប់ស្កាត់​និង​ព្យាបាល​ឱ្យបាន​ទាន់ពេលវេលា និង​មិន​ឲ្យ​មាន​ការឆ្លង​ដល់​អ្នកដទៃ​បន្ថែមទៀត​នោះ​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា បើ​គិត មកដល់ពេលនេះ ​ ពុំទាន់​មាន​ករណី រកឃើញ​ជំងឺ​វីរុស​ថ្មី Covid19 មក​ប្រជាជន​នៅក្នុង​ខេត្តព្រៃវែង​នោះ​នៅឡើយ​ទេ​៕​
សៅ​គ្រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114