កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០
BREAKING NEWS
Search

កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០

កំពត ៖ កាលពី​រសៀល​ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពត​ បា​ន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ឆ្នាំ​២០១៩​ និង​ លើក​ទិសដៅ ការងារ​ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោក នាយ​ឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ជា​អគ្គលេខា​ធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា និង ​លោក ជាវ តា​យ ​អភិបាល ​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​កំពត​។

កិច្ចប្រជុំ​នេះ ​មានការ​អញ្ជើញ​ចូលរួម​ពី លោក​-​លោកស្រី ប្រតិភូ​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្នាក់​ជាតិ ថ្នាក់​ខេត្ត អភិបាលរង​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំង មេ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់ និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​សរុប​ចំនួន ២៧២​នាក់។

លោក ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​ធ្វើ​របាយការណ៍ អំពី​លទ្ធផល​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ ដោយមាន​ការ​យក​ចិត្ត​ទុកដាក់​ពី សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា រួម​នឹង​ក្រុមការងារ​ថ្នាក់​ជាតិ ថ្នាក់​ខេត្ត សប្បុរសជន ព្រះសង្ឃ ដែល​បាន​ជួយ ឧបត្ថម្ភ​គាំទ្រ ​និង​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត ធ្វើ​ឲ្យ​ការ​ឆ្លើយតប និង​អន្តរាគមន៍ ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់ ខ្យល់​កន្ត្រាក់ អគ្គិភ័យ និង​គ្រោះថ្នាក់​ដោយ​ឧប្បត្តិហេតុ​ផ្សេងៗ​បាន​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធភាព​។

លោក ជាវ តា​យ អភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋា​ភិបាល សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ព្រមទាំង​ក្រុម​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់​ជាតិ ថ្នាក់​ខេត្ត សប្បុរសជន និង​អ្នក​ពាក់ព័ន្ធ ដែល​បាន​យក​ចិត្ត​ទុក​ដាក់ និង​ជួយ​អន្តរាគមន៍​ដល់​រដ្ឋបាល​ខេត្ត​កំពត ក្នុង​ការ​ត្រៀម​ឆ្លើយតប និង​ជួយ​អន្តរាគមន៍ ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ទាន់ពេលវេលា ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

ជា​មួយ​នឹង​យន្តការ​ការងារ​ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់​គ្រង​គ្រោះមហន្តរាយ​ខេត្ត ក៏បាន​ដាក់​ទិសដៅ​បន្ត​ដឹកនាំ ណែនាំ ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​ត្រៀម​រៀបចំ​ទុកជាមុន ដោយ​ប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​សរុប សម្រាប់​អន្តរាគមន៍ និង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា និង​បន្ត​ដឹកនាំ​អនុវត្តតាម​អនុក្រឹត្យ រាជរដ្ឋាភិបាល​លេខ​១៨៨ អនក្រ​.​បក ស្ដីពី​ការរៀបចំ ​និង​ការ​ប្រព្រឹត្តទៅ​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ក្រោម​ជាតិ និង​ជំរុញ​ឲ្យ​គណៈកម្មាធិការ​គ្រប់​គ្រង​គ្រោះមហន្តរាយ ក្រុង ស្រុក ឃុំ សង្កាត់ និង​ក្រុមការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ភូមិ ដៃគូ​អភិវឌ្ឍន៍ សប្បុរសជន​នានា ដើម្បី​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព និង​ត្រៀមលក្ខណៈ​គ្រប់​បែបយ៉ាង​តាម​ជំនាញ​នីមួយៗ​ក្នុងការ​បង្ការ ឆ្លើយតប​នឹង​ប្រើប្រាស់​កម្លាំង និង​មធ្យោបាយ​សម្រាប់​ជួយ​អន្តរាគមន៍​នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​កើតឡើង​ផង​ដែរ​។

ក្នុង​ឱកាស​នេះ​ដែរ លោក​នាយ​ឧត្ដមសេនីយ៍ គន់ គីម ក៏បាន​ថ្លែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល​ខេត្ត​កំពត ពិសេស​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត និង​ក្រុម​ការងារ​ដែល​ជានិច្ចកាល ​បាន​ប្រឹងប្រែង ពុះពារ ​បង្ការ ​ទប់ស្កាត់ និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បា​ន​ល្អ​ប្រសើរ សំដៅ​ឆ្លើយតប ​និង​ជួយសង្គ្រោះ​ដល់​ជនងាយ​រងគ្រោះ​គ្រប់​ប្រភេទ ដែល​កើតឡើង​ក្នុង​ហេតុការណ៍​ផ្សេងៗ​បាន​ទាន់ពេលវេលា​៕


អត្ថបទ ៖ សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114