លោកជំទាវ​ម៉ែន សំអន ​៖ ​ពាក់មួក​សុវត្ថិភាព​ទាំង​អស់​គ្នា​ បញ្ចៀស​បាន​នូវ​ករណី​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍

ស្វាយរៀង​ ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​និង​អធិការកិច្ច បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ក៏​ដូច​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ទាំងអស់គ្នា​ ដែល​អាច​បញ្ចៀស​ បាន​នូវ​ករណី​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​នូវ​ការ​អំពាវនាវ​បែបនេះ​ ខណៈពេល​ប្រគល់​មួក​សុវត្ថិភាព​ចំនួន ៥០០​មួក ដែល​បានការ​ឧបត្ថម្ភ​ពី​លោក លឹម ហេង សប្បុរសជន​ជូន​ដល់​សាខា​កាកបាទក្រហម កម្ពុជា ខេត្តស្វាយរៀង សម្រាប់ធ្វើ​ការងារ​មនុស្សធម៌​បន្តទៀត នៅ​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​សៅរ៍ ៣​រោច ខែ​មិគសិរ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែងថា សាខា​កាកបាទក្រហម​កម្ពុជា​ស្វាយរៀង ​ត្រូវធ្វើ​ការ​ផ្សព្វផ្សាយ ច្បាប់​ចរាចរណ៍​ផ្លូវគោគ ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ ដើម្បី​ឲ្យ​ពួកគាត់​យល់ដឹង​ឲ្យ​កាន់តែច្បាស់ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​មួក សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​​តាម​ដងផ្លូវ។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែងបន្ត​ថា ជាការ​ពិតណាស់​រាជរដ្ឋាភិបាល​ពិតជា​បាន​គាំទ្រ​រាល់​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​លើកកម្ពស់​ការយល់ដឹង អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ជាពិសេស ការពាក់​មួកសុវត្ថិភាព ក្នុងចំណោម​ប្រជាពលរដ្ឋ សិស្សានុសិស្ស សំដៅ​កាត់បន្ថយ បង្ការ​ការស្លាប់ និង​ការ​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​សូម​បើកបរ​ដោយ​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ត្រូវ​ចេះ​អធ្យាស្រ័យ​គ្នា​ក្នុងពេល​បើកបរ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំ​អស់​គ្នា ដោយ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជាដាច់ខាត និង​មិន​ត្រូវ​ឲ្យ​អ្នកដទៃ​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​តែ​យើង​ជា​អ្នក​បង្ក​នោះ​ទេ (​ការ​ពាក់​មួក​សុវត្ថិភាព​មួយ គឺ​អាច​ជួយ​អាយុជីវិត​យើង​បាន​ម្នាក់)។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​ថ្លែងអំណរគុណ​ដល់ លោក លឹម ហេង ដែលជា​និច្ចកាល តែងតែ​ជួយ​ដល់​ការងារ​មនុស្សធម៌​ជាច្រើន តាមរយៈ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តស្វាយរៀង និង​សូម​បន្ត​ប្រពៃណី​នៃ​ការ​ចែករំលែក​ក្តី​អាណិត និង​ក្តី​ស្រឡាញ់ បន្ថែម​ទៀត ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​ខេត្ត​ស្វាយរៀង៕
វិមាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114