លោកជំទាវ ម៉ែន សំអន ៖ ទិសដៅ​របស់​រាជរដ្ឋាភិបាល​«​កែទម្រង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ​ឈរ ក្នុង​ស្មារតី​ឯករាជ្យ​»

ស្វាយរៀង​ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ក្នុងនាម​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល ក្នុងនាម​ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្ដាល​ចុះជួយ​ខេត្តស្វាយរៀង​បាន​ថ្លែងថា ​រាជរដ្ឋា​ភិបាល ​ក៏​ដូច​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រកាន់​ជំហរ​ទន់ភ្លន់ បត់បែន ស្របតាម​ការប្រែប្រួល នៃ​ភូមិសាស្ត្រ នយោបាយ ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​យុទ្ធសាស្ត្រ​សកលលោក ស្របតាម​ពាក្យស្លោក “​កែទម្រង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ ឈរ​ក្នុង​ស្មារតី​ឯករាជ្យ​”។ គណបក្ស​បន្ត​ការ​តស៊ូ ការពារ​យុត្តិធម៌ ការពារ​សិទ្ធ​សម្រេច អធិបតេយ្យ និង​បូរណភាព ទឹកដី និង​លើកស្ទួយ​ទំនាក់ទំនង​ទ្វេភាគី ពហុភាគី ជាមួយ​ប្រទេស​ជា​មិត្ត​នានា និង​បន្ត​ចូលរួម​យ៉ាងសកម្ម ចូលរួម​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់ និង​សកល ជាពិសេស​នៅក្នុង​បុព្វហេតុ​រក្សា​សន្តិភាព និង​មនុស្សធម៌​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ថ្លែង​បែបនេះ ​ខណៈពេល​អញ្ជើញ​អធិបតី​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ដំណាក់កាល​ទី៧ លើក​ទី៤​ និង​ទិសដៅ​អនុវត្ត​ភារកិច្ច​សំខាន់ៗ សម្រាប់​អនុវត្ត​ដំណាក់កាល​ទី៧ លើក​ទី៥ “​ថ្ងៃ​សៅរ៍ ៧​រោច ខែមាឃ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣”​នៅ​មន្ទីរ​បក្ស​ខេត្តស្វាយរៀង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០​។​

​ក្នុងនាម​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល ក្នុងនាម​ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្ដាល​ចុះជួយ​ខេត្តស្វាយរៀង និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​សម្ដែង​សេចក្ដី​សោម​នស្ស​រីករាយ និង​សូម​ស្វាគមន៍​ចំពោះ​វត្តមាន​អស់លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ខេត្ត​-​ក្រុង​-​ស្រុក​-​ឃុំ​- សង្កាត់ ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​ថ្នាក់ ដែល​បាន​ឆ្លៀត ឱកាស​អញ្ជើញ​ចូលរួម ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​អនុវត្ត​ភារកិច្ច​របស់​ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្ដាល​ចុះជួយ​ខេត្តស្វាយរៀង ដំណាក់កាល​ទី​៧ លើក​ទី​៤ និង​ទិសដៅ​ភារកិច្ច​សំខាន់ៗ​ដំណាក់កាល​ទី៧ លើក​ទី៥ នាពេលនេះ​។​

ឆ្លៀតឱកាស​នេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​សម្ដែង​ការអបអរសាទរ និង​កោតសរសើរ ចំពោះ​លទ្ធផល​ដ៏​ល្អប្រសើរ ដែល​ក្រុមការងារ​រួមជាមួយ​ថ្នាក់ ដឹកនាំ​គណបក្ស​គ្រប់​ថ្នាក់បានបំពេញ ទទួល​បានជា​បន្ដបន្ទាប់ ពិសេស​ការរក្សាសន្ដិសុខ ស្ថិរភាព នយោបាយ និង​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​ការ​អភិវឌ្ឍ លើ​គ្រប់​វិស័យ តាំងពី​ថ្នាក់​ខេត្ត រហូតដល់ ស្រុក ឃុំ​-​សង្កាត់ និង​ភូមិ ទូទាំង​ខេត្ត​។ កិច្ចការ​ដ៏​ប្រពៃ​នេះ​ពិតជា​បានរួម​ចំណែក​យ៉ាងខ្លាំង​ក្លា​ដល់​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឲ្យ​កាន់តែ​ល្អប្រសើរ និង​បង្កើន​បាន​នូវ​ជំនឿ​ជឿ​កាន់តែ​រឹង​មាំ​ថែមទៀត លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

អង្គប្រជុំ​ក៏បាន​ធ្វើការ​វាយតម្លៃ សន្និដ្ឋាន​បាន​ច្បាស់លាស់​ត្រឹមត្រូវ​នូវ​ចំណុចខ្លាំង ចំណុចខ្សោយ និង​មូលហេតុ​មួយចំនួន ដែល​យើង​ដកស្រង់​បទពិសោធន៍ សម្រាប់​ការ​ពង្រឹង​ការងារ​បន្ដទៀត ដើម្បី​ជា​ជំនួយស្មារតី គួបផ្សំ​នឹង​ទិសដៅ​ភារកិច្ច​សំខាន់ៗ ដែល​បានលើកឡើង​ក្នុង​របាយការណ៍​បូកសរុប​លទ្ធផល ការងារ​ដំណាក់កាល​ទី​៧ លើក​ទី​៤ និង​ទិសដៅ​ភារកិច្ច​សម្រាប់​អនុវត្ត​ក្នុងដំណាក់កាល​ទី ៧ លើក​ទី​៥​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​ បាន​រំលឹកថា កាលពី​ថ្ងៃ​ទី១ និង​ទី​២ ខែ​កុម្ភៈ គណបក្ស​យើង​ទើបតែ​បញ្ចប់​ដោយ​ជោគជ័យ​នូវ​សន្និបាត​គណៈកម្មាធិការ​កណ្តាល លើក​ទី​៤២ អាណត្តិ​ទី​៥ ដែល​ក្នុងនោះ​មាន​ថ្នាក់ដឹកនាំ​យើង​ដែលមាន​វត្តមាន​នៅទីនេះ​មួយ​ចំនួន​បាន​ចូលរួម​ផងដែរ​។

ឯកសារ​សន្និបាត​រួមមាន “​របាយការណ៍ ស្ដីពី សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស ឆ្នាំ​២០១៩ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ ២០២០” និង “​ជំនួយស្មារតី​ស្ដីពី​តួនាទី ភារកិច្ច និង​របៀបរបប​ការងារ​របស់​ក្រុមការងារ គណបក្ស ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន និង កំណែទម្រង់រដ្ឋបាល ថ្នាក់​ក្រោម​ជាតិ​” នឹងត្រូវ​យកទៅ​ផ្សព្វផ្សាយ​បន្ត នៅតាម​សាខា​បក្ស​មូលដ្ឋាន​ជា​បន្តទៀត​។​

ចាប់ពី​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ មកដល់​បច្ចុប្បន្ន​នេះ អាស្រ័យ​ដោយមាន​ការ​គាំទ្រ​យ៉ាង​រឹងមាំ ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ជាន់ថ្នាក់ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ប្រទេស ឆ្លងកាត់​ឧបសគ្គ និង​ការ​លំបាក​យ៉ា​ង​ច្រើន​ឥត​គណនា បាន​ស្តារ​កសាង​ជាតិ​ឲ្យ​មាន​ការ​រីកចម្រើន រក្សា​បាន​នូវ​សុខ​សន្តិភាព​ពេញលេញ ព្រមទាំង​សម្រេច​បាន​សមិទ្ធផល​ធំៗ​ជាច្រើន​ទៀត​ជា ប្រវត្តិ​សាស្ត្រ មិន​អាច​កាត់ថ្លៃ​បាន​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​។ ដោយមាន​ការដឹកនាំ​ដ៏​ត្រឹមត្រូវ ភ្លឺ​ស្វាង និង​ទស្សនវិស័យ​វែងឆ្ងាយ គណបក្ស​បាន​ធ្វើជា​ស្នូល ​នៃ​សាមគ្គីភាព​ជាតិ ឯកភាព​ជាតិ​តែមួយ និង​សន្តិភាព ហើយ​ដឹកនាំ​ប្រទេស​ឈានទៅមុខ​ជានិច្ច តាម​ទិសដៅ​ដ៏​ត្រឹមត្រូវ​។ គណបក្ស​យើង​បានបំពេញ​តួនាទី​ជា​គណបក្ស​ដឹកនាំប្រទេសប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​បំ​ផុត ដោយ​ធានា​គ្រប់​ដំណើរការ នយោបាយ សេដ្ឋកិច្ច សង្គមជាតិ ប្រព្រឹត្តទៅ​យ៉ាង​ល្អ ធានាបាន​នូវ​សន្តិភាព ស្ថិរ​ភាព ឯកភាព​ជាតិ និង​ការរស់នៅ​ដ៏​សុខដុមរមនា​របស់​ប្រជាជន​។​
លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ថ្លែង​បន្ថែមថា ក្នុងស្ថានភាព​ដែល​សភាពការណ៍​ពិភព​លោក និង​តាម​តំបន់​នានា​បន្ដ​ប្រែប្រួល ឆាប់រហ័ស​តាម​ទិស​មិន​ប្រាកដប្រជា និង​ពិបាក​ប៉ាន់ស្មាន​បាន​ទាំង​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច យោធា និង​សន្តិសុខ​នោះ គណបក្ស​ប្រជាជន​កម្ពុជា បន្ដ ប្រកាន់ខ្ជាប់​នយោបាយ​ការបរទេស​មួយ​ដែល​បម្រើ​លើកស្ទួយ និង​ការពារ​ផល​ប្រយោជន៍​ចម្បង​របស់​ជាតិ ពោល​គឺ ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី អព្យាក្រឹត្យ​ភាព រក្សា​ការពារ​សន្ដិភាព សន្តិសុខ ស្ថិរភាព​សណ្ដាប់ធ្នាប់​ស​ង្គ​ម និង​ឯកភាព​ជាតិ​ឲ្យ​បាន​គង់វង្ស​ជា​រៀងរហូត​។

ព្រម​ជាមួយនេះ​គណបក្ស​យើង​ក៏​ប្រកាន់​ជំហរ​ទន់ភ្លន់ បត់បែន ស្របតាម​ការប្រែប្រួល នៃ​ភូមិសាស្ត្រ នយោបាយ ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​យុទ្ធសាស្ត្រ​សកលលោក ស្របតាម​ពាក្យស្លោក “​កែទម្រង់​ខាង​ក្នុង បង្កើន​មិត្ត​ខាងក្រៅ ក្នុង​ស្មារតី​ឯករាជ្យ​”​។ គណបក្ស​បន្ដ​ការតស៊ូ ការពារ​យុត្តិធម៌ ការពារ​សិទ្ធ​សម្រេច អធិប​តយ្យ និង​បូរណភាព ទឹកដី និង​លើកស្ទួយ​ទំនាក់ទំនង​ទ្វេភាគី ពហុភាគី ជាមួយ​ប្រទេស​ជា​មិត្ត​នានា និង​បន្ត​ចូលរួម​យ៉ាងសកម្ម ចូលរួម​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់ និង​សកល ជា​ពិសេស​នៅក្នុង​បុព្វហេតុ​រក្សា​សន្ដិភាព និង​មនុស្សធម៌​។​

សភាពការណ៍​កម្ពុជា​ឆ្នាំ ២០២០​នៅតែ​ផ្ដល់​ភាពអនុគ្រោះ​ដល់​គណបក្ស​ក្នុង​ការបន្ដ​អនុវត្តន៍​កម្មវិធី​នយោបាយ ដើម្បី​កសាង និង​ការពារ​មាតុភូមិឲ្យ​បានសម្រេច​សមិទ្ធផល​ធំៗ​ថ្មីៗ​ថែមទៀត​ជូន​ជាតិ ទោះបីជា​នៅមាន​បញ្ហា ប្រឈម​មួយចំនួន​ក្ដី​។ បី​ទោះជា​គណបក្ស​កំពុងកាន់​កាប់​អំណាច​ក្នុង​ដៃ ១០០​ភាគរយ និង​មានប្រៀប​ឈ្នះ និង​ភាពអនុគ្រោះ​ខាង​នយោបាយ ក្តី​ក៏​មិនត្រូវ​លង់លក់​នឹង​ជ័យ​ជំនះ និង​មិនត្រូវ​ភ្លេចខ្លួន​ឡើយ​។

ចាប់ពីពេលនេះ រហូត​ទៅដល់​ការបោះឆ្នោត ឆ្នាំ​២០២២ និង ២០២៣ គណបក្ស​ប្រជាជន កម្ពុជា​បាន និង​កំពុង​ប្រមូលផ្ដុំ​លើ​ការងារ​សំខាន់ៗ ដើម្បី​ពង្រឹង​សន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ សម្រេចឲ្យ​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ អនុវត្តន៍​កម្មវិធី​កំណែទម្រង់ នា នា របស់​រាជរដ្ឋាភិបាលឲ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព នៃ​សេវា​សាធារណៈ ដើម្បី​ទទួល​បាន​នូវ​ការពេញចិត្តពី​សំណាក់​ប្រជាពលរដ្ឋ​។​

ជាថ្មី​ម្ដងទៀត ក្នុងនាម​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល ក្នុងនាម​ក្រុមការងារ​ចុះជួយ​ខេត្ត​ស្វាយរៀង និង​ក្នុងនាម​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ផ្ទាល់​ សូម​សម្ដែង​នូវ​ការ​កោតសរសើរ និង​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អស់​លោក លោកស្រី ក្រុម​ការងារ​គ្រប់​ថ្នាក់ គណៈកម្មាធិការ​គណបក្ស​គ្រប់​ថ្នាក់ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត បរិច្ចាគ​ថវិកា សម្ភារៈ​ផ្ទាល់ខ្លួន​ចូលរួម​ចំណែក​គ្រប់​សកម្មភាព នៅ​តាម​បណ្ដា​មូលដ្ឋាន​តាម​គោលដៅ​នីមួយៗ ឈាន​ទៅ​សម្រេច​បាន​ជោគ​ជ័យ​យ៉ាង​ត្រចះត្រចង់​ជូន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង ផង​ដែរ​៕


អត្ថបទ ៖ វិមាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114